«តៃវ៉ាន់ ​គឺ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​តៃវ៉ាន់»។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​លោក​ស្រី​ប្រធានា ធិបតី Tsai Ing-wen នៅ​ថ្ងៃសៅរ៍ ទី​ ១២ ខែ​វិច្ឆិកា ដោយ​បញ្ជាក់​បន្ថែម​ថា បេសកកម្ម​នៅ​ក្នុង​ជីវិត​របស់​លោក​ស្រី គឺ​ការ​ធានា​ឱ្យ​កោះ​នេះ ស្ថិត​នៅ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​តៃវ៉ាន់បន្ត​ទៀត​។ ការ​ថ្លែង​របស់​លោក​ស្រី​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​តែ ២​ សប្ដាហ៍​ប៉ុណ្ណោះ មុន​ពេល​ដែល​តៃវ៉ាន់​ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​ ២៦ ខែ​វិច្ឆិកា ខណៈ​ដែលដែន​កោះ​នេះ កំពុង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​សំណាក់​រដ្ឋា​ភិបាល​ទីក្រុង​ប៉េកាំង​របស់​លោក ស៊ី ជីនភីង ដែល​ចង់​ក្ដោប​យក​តៃវ៉ាន់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​មួយ​កណ្ដាល​ទីក្រុង​តៃប៉ិ លោក​ស្រី​ប្រធានាធិបតី Tsai Ing-wen បាន​សង្កត់​ធ្ងន់​ថា លោក​ស្រី​មិន​ចុះ​ចាញ់​ជា​ដាច់​ខាត ចំពោះ​សំណើ​របស់​លោក​ប្រធានា​ធិបតី ស៊ី ជីនភីង អំពី «ស្វ័យភាព​ក្រោម​អធិប​តេយ្យ​របស់​ចិន»។ បើ​តាម​ប្រធានាធិបតី​តៃវ៉ាន់​រូប​នេះ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី ប្រទេស​កាន់តែ​ច្រើន បាន​ចាត់ទុក​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សន្តិសុខ​របស់​កោះ​តៃវ៉ាន់ ជាគន្លឹះ​នៃ​សន្តិភាព។

លោក​ស្រី Tsai Ing-wen បាន​ថ្លែង​ថា​៖ «អត្ថិភាព​នៃ​កោះ​តៃវ៉ាន់ និងការ​ចង់​បាន​សេរីភាព និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពី​សំណាក់​ប្រជាជន​តៃវ៉ាន់ មិនមែន​ជា​ទង្វើ​ធ្វើ​ឡើង ដើម្បី​ញុះញង់​នរណា​ម្នាក់នោះ​ឡើយ។ ក្នុង​នាម​ជា​ប្រធានា​ធិបតី ការ​អំពាវ​នាវ​របស់​ខ្ញុំ គឺត្រូវ​ខិតខំប្រឹងប្រែង​ឱ្យអស់​ពី​សមត្ថភាព ដើម្បីធ្វើ​យ៉ាង​ណា​រក្សា​ឱ្យ​តៃវ៉ាន់ នៅតែជា​កោះ​តៃវ៉ាន់របស់​ប្រជាជន​តៃវ៉ាន់»។

តៃវ៉ាន់​បាន​ក្លាយ​ជា​ចំណុច​ដ៏​រសើប សម្រាប់​សន្តិសុខ និង​ស្ថិរភាព នៅ​ក្នុង​តំបន់​។ កាល​ពី​ខែ​សីហា ប្រទេស​ចិន​បាន​សម្ញែង​កម្លាំង​ដាក់​តៃវ៉ាន់ បន្ទាប់​ពី​ប្រធាន​សភា​អាមេរិក លោក​ស្រី Nancy Pelosi បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច នៅ​ទីក្រុង​តៃប៉ិ ដោយ​បាន​ធ្វើ​សមយុទ្ធ​យោធា និង​ហោះហើរ​យន្តហោះចម្បាំង​ស្ទើរតែ​រាល់ថ្ងៃ នៅក្បែរ​ច្រកសមុទ្រ​តៃវ៉ាន់​ដ៏​តូច​ចង្អៀត។ លោក​ប្រធានា​ធិបតី​ចិន ស៊ី ជីនភីង និង​សមភាគី​អាមេរិក លោក ចូ បៃដិន នឹង​ជជែក​ពិភាក្សា​គ្នា​អំពី​សំណុំ​រឿង​តៃវ៉ាន់​នេះ នៅ​ក្នុង​ជំនួប​ទល់​មុខ​គ្នា​ជា​លើក​ដំបូង នា​សប្ដាហ៍​ក្រោយ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សេតវិមាន៕

វីដេអូ៖