នៅ​ថ្ងៃអាទិត្យ ទី​ ១៣ ខែ​វិច្ឆិកា​នេះ ក្នុង​កម្មវិធី​ដាក់ឱ្យ​ដំណើរការ​មូលនិធិ​ជំងឺ​រាតត្បាត​របស់​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំ​មុខគេ G20 ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វីដូដូ បាន​និយាយ​ថា មកទល់នឹង​ពេលនេះ ចំនួន​ទឹក​ប្រាក់​រៃ​អង្គាស ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការត្រៀមខ្លួន ចំពោះ​ជំងឺ​រាតត្បាតនាពេល​អនាគត មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ។

មូលនិធិ​ដែល​ដាក់ឱ្យ​ដំណើរការ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល G20 គឺ​ការ​ផ្តោត​ទៅ​លើ​ប្រទេស ដែលមាន​ចំណូល​ទាប ដល់​មធ្យម ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​កិច្ច​ប្រឹងប្រែង​ជាច្រើ ដែល​រួមមាន​ដូចជា​ការតាមដាន​ឃ្លាំមើល ការស្រាវជ្រាវ និង​ការទទួល​បាន​វ៉ាក់សាំង កាន់តែ​ប្រសើរ​ឡើង​ជា​ដើម។

ថ្លែង​នៅក្នុង​សុន្ទរកថា​ជា​វីដេអូ​ទៅកាន់​ព្រឹត្តិការណ៍​មួយ នៅ​កោះ​បាលី ជាទី​កន្លែង ដែល​ក្រុម​ប្រទេស G20 បើក​ជំនួប​កំពូល​នៅ​សប្តាហ៍​នេះ លោក​ប្រមុខ​ដឹកនាំ​ឥណ្ឌូនេស៊ី បាន​លើកឡើង​ថា៖ «ខ្ញុំ​រំពឹងថា នឹងមាន​ការ​គាំទ្រ​កាន់តែ​ច្រើនឡើង»។

គួរ​ជ្រាបថា មកទល់​នឹង​បច្ចុប្បន្ននេះ មូលនិធិ​ជំងឺ​រាតត្បាត G20 រៃអង្គាស​ថវិកា​បាន​ប្រមាណ ១,៤ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​ការ​រួមចំណែក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ក៏ដូចជា​ពី​ម្ចាស់​ជំនួយ​នានា និង​អង្គការ​សប្បុរស​ធម៌ ដូចជា​មូលនិធិ Bill & Melinda Gates ជាដើម។

មូលនិធិ​នេះ ត្រូវបាន​បង្កើតឡើង ចំពេល​ផ្ទុះ​មានការ​ខឹងសម្បា ក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍន៍​ជា​ច្រើន ជុំវិញ​បទពិសោធ​របស់​ពួកគេ ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីដ ​១៩ នៅពេលដែល​ក្រុម​ប្រទេស​អ្នកមាន​តែងតែ​ទិញ​ស្តុក​ទុក​ធនធាន​ជាច្រើន ដូចជា​វ៉ាក់សាំង​ជាដើម ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស។

ធនាគារ​ពិភពលោក ដែល​នឹង​បម្រើការ​ជា​អ្នកធានា​របស់​មូលនិធិ និង​អង្គការ​សុខភាព​ពិភពលោក ដែល​កំពុង​ផ្តល់​ដំបូន្មាន​លើ​កិច្ច​ការទាក់ទង​មូលនិធិ​នេះ បាន​ប៉ាន់ប្រមាណ​នៅក្នុង​របាយ​ការណ៍​មួយ​ថា គម្លាត​ថវិកា​ប្រចាំឆ្នាំ សម្រាប់​ការត្រៀម​លក្ខណៈ ចំពោះ​ជំងឺ​រាតត្បាត​មាន​ចំនួន ១០,៥​ ពាន់​លាន​ដុល្លារ។

រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ឥណ្ឌូនេស៊ី​ លោកស្រី ស្រ៊ី ម៉ូលីយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) បាន​និយាយ​ថា មូលនិធិ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​នូវ​ទំហំ​ទឹកប្រាក់​ជាមួយនឹង​ការរួមចំណែក​ពី​ប្រទេស​បារាំង និង​អារ៉ាប៊ី​សាអ៊ូឌីត។ តែលោកស្រីមិនបាន​បញ្ជាក់ប្រាប់​នោះទេ​ថា តើ​ទឹកប្រាក់​ដែល​បរិច្ចាគ​ពី​ប្រទេស​ទាំង​ ២ មាន​ចំនួន​ប៉ុន្មាន៕