
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤០ និងទី៤១ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែវិច្ឆិកា។ AFP
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រាប់នាយករដ្ឋមន្ត្រីចិនលោក លី កេឈាន ពីក្តីសង្ឃឹមរបស់លោកថា ប្រទេសទាំង ២ នឹងអាចខិតខំដើរឆ្ពោះទៅរកការកសាងទំនាក់ទំនងមួយ ដែលល្អប្រសើរ និងមានស្ថិរភាព។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសជប៉ុន នៅថ្ងៃសៅរ៍ ទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
ជាការឆ្លើយតបវិញ នាយករដ្ឋមន្ត្រីចិន លោក លី ក៏បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងជប៉ុន-ចិន ក្នុងអំឡុងពេលផ្លាស់ប្តូរទស្សនៈខ្លីៗ រវាងប្រទេសទាំង២ ដែលបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បូកជាមួយនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងនៅកម្ពុជាដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយក្រសួងការបរទេសជប៉ុន។
ក្នុងសុន្ទរកថា នៅឯកិច្ចប្រជុំអាស៊ានបូក ៣ លោក គីស៊ីដា បានរំឭកឡើងវិញនូវទស្សនៈរបស់ប្រទេសជប៉ុនថា ការបាញ់មីស៊ីលបាលីស្ទិក នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង រួមទាំងការបាញ់រំលងពីលើប្រទេសជប៉ុន គឺជាការគំរាមកំហែងជាក់ស្តែង និងធ្ងន់ធ្ងរ ចំពោះសហគមន៍អន្តរជាតិ និងថា ទង្វើនេះមិនអាចទទួលយកបានឡើយ។
លោកប្រមុខរដ្ឋាភិបាលជប៉ុន ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសនានា ក្នុងការសម្រេចឱ្យបាននូវការរំសាយទាំងស្រុងមីស៊ីលបាលីស្ទិក និងអាវុធមហាប្រល័យរបស់កូរ៉េខាងជើង។
គួរជ្រាបថា បន្ទាប់ពីចូលរួមក្នុងជំនួបកំពូលអាស៊ាន នៅរាជធានីភ្នំពេញ នាចុងសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា នឹងបន្តដំណើរទៅចូលរួមជំនួបកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខគេ G20 នៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងបន្ទាប់មកប្រទេសថៃ សម្រាប់កិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APEC។
ទូរទស្សន៍ NHK របស់ជប៉ុន បានរាយការណ៍ថា លោក គីស៊ីដាកំពុងរៀបចំត្រៀម ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង ក្នុងអំឡុងពេលនៃជំនួបកំពូល APEC នៅទីក្រុងបាងកក ដែលចាប់ផ្តើមនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ ២០២២៕