នាវា​ទេសចរណ៍​មួយ ដែល​មាន​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ ​១៩​ ជាង ​៨០០​ ករណី បាន​ចូល​ចត​នៅ​កំពង់ផែ Circular Guay នៃ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ១២ ខែ​វិច្ឆិកា​ ក្រោយពេល​ត្រឡប់​មក​ពី​ដំណើរ​ទេសចរណ៍ នៅ​ប្រទេស​នូវែលសេឡង់​វិញ។ នាវា Majestic Princess ដែល​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​ ១៩ នេះ មាន​ផ្ទុក​អ្នក​ដំណើរ​ចំនួន​ជាង ៤ ០០០​ នាក់ ក្នុង​នោះ​អ្នកដំណើរ​ប្រមាណ ៨០០​ នាក់ ​ឆ្លង​ជំងឺ​កូវីដ​ ១៩។

សេចក្ដី​ថ្លែងការណ៍​របស់​នាវា​នេះ ឱ្យ​ដឹង​ថា ភ្ញៀវ​ជា​អ្នក​ដំណើរ នៅ​លើ​កប៉ាល់ទាំង​អស់ បានធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ​ ១៩ ក្នុង​រយៈ​ពេល​មិន​ដល់ ១ ថ្ងៃ​មុន​ពេល​ត្រូវ​ចុះ​ពី​នាវា ហើយ​ជា​លទ្ធផល អ្នក​ដំណើរ​ជាង ៨០០ ​នាក់ វិជ្ជមាន​ជំងឺ​កូវីដ​ ១៩។ អ្នក​ដំណើរ​ដែល​មាន​វិជ្ជមាន​កូវីដ​ ១៩ តម្រូវ​ឱ្យ​ចុះ​ពី​នាវា​តាម​ច្រក​ដាច់​ដោយ​ឡែក និង​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ឡើយ ក្រោយ​ពេល​​ចុះ​ពី​នាវា​រួច​។

ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​លើ​នាវា​កម្សាន្ត ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច្នេះ រំឭក​អំពីករណី​នាវា​កម្សាន្ត Ruby Princess ដែល​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ជាង ៩០០​ ករណី កាល​ពី​ដើម​ឆ្នាំ​ ២០២០។ ទាំង​នាវា Ruby Princess និងនាវា Majestic Princess សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន Carnival Australia។ លោកស្រី Marguerite Fitzgerald ប្រធាន​ក្រុមហ៊ុន Carnival Australia បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​ ២០២០ មក​ទល់​ពេល​នេះ ក្រុមហ៊ុន​លោក​ស្រី និយាយ​ដោយ​ឡែក និង​ទូទាំងពិភពលោក​និយាយ​ជារួម បាន​យល់​ដឹង​ច្រើន​ជាង​មុន​ពី​ជំងឺ​កូវីដ​១ ៩។

បើ​តាម​ប្រធាន​ក្រុមហ៊ុន Carnival Australia ដដែល ករណី​កូវីដ​១៩ ដែល​ផ្ទុះ​ឆ្លង​នៅ​លើ​នាវា Majestic Princess ចុង​ក្រោយ​នេះ ត្រូវ​បាន​រក​​ឃើញ ចាប់​តាំង​ពី​ថ្ងៃ​ទី​​ ១២ នៃ​ដំណើរ​កម្សាន្ត ហើយ​បុគ្គលិក​នៅ​លើ​នាវា​បាន​ចាត់ចែង​ដាក់​អ្នក​ឆ្លង​ជំងឺ​ទាំង​អស់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក តាំងតែ​ពី​ពេលនោះ​មក៕