
រូបថតឯកសារនេះថតនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់លោក នៅខាងក្រៅសង្វៀនកិច្ចប្រជុំកំពូល G-20 នៅទីក្រុង Osaka។ AFP
នៅថ្ងៃអាទិត្យ ទី ១៣ វិច្ឆិកា ឆ្នាំ ២០២២ រុស្ស៊ីបានអំពាវនាវឱ្យក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 បញ្ឈប់ការនិយាយអំពីសន្តិសុខនិងបែរមកផ្តោតលើបញ្ហាសេដ្ឋកិច្ចសង្គមដ៏តានតឹងបំផុតរបស់ពិភពលោកវិញ។ ការស្នើរបស់រុស្ស៊ីនេះធ្វើឡើងតែបន្តិចប៉ុណ្ណោះមុនជំនួបកំពូល G20 ដែលគេរំពឹងថា នឹងត្រូវគ្របដណ្តប់ដោយការរិះគន់របស់លោកខាងលិចចំពោះការឈ្លានពានលើអ៊ុយក្រែនពីសំណាក់រុស្ស៊ី។
ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខគេ G20 ដែលបង្កើតបានច្រើនជាង ៨០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកគ្រោងនឹងជួបប្រជុំគ្នានៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ី ក្នុងសប្តាហ៍នេះ ដោយមានវត្តមានចូលរួមពីមេដឹកនាំបស្ចិមលោកជាច្រើនរួមមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ គេរំពឹងថា លោក បៃដិន នឹងប្រើជំនួបកំពូលនេះជាវេទិកា ដើម្បីរិះគន់រុស្ស៊ីជាសាធារណៈជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយមុនកិច្ចប្រជុំកំពូលក្រសួងការបរទេសរុស្ស៊ី បាននិយាយថា វាមានសារៈសំខាន់ជាមូលដ្ឋានដែលក្រុមប្រទេស G20 ផ្តោតលើការខិតខំប្រឹងប្រែងរបស់ខ្លួនលើការគំរាមកំហែងពិតប្រាកដជាជាងការស្រមើស្រមៃ។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា៖ «យើងជឿជាក់ថា G20 ត្រូវបានគេអំពាវនាវឱ្យ ដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម។ការពង្រីករបៀបវារៈរបស់ G20 ទាក់ទងបញ្ហាសន្តិភាព និងសន្តិសុខដែលប្រទេសជាច្រើនកំពុងនិយាយ គឺមិនអាចទៅរួចនោះទេ។នេះនឹងក្លាយទៅជាការញុះញង់ដោយផ្ទាល់ ចំពោះអាណត្តិរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយនឹងធ្វើឱ្យប៉ះពាល់ដល់បរិយាកាសនៃទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេស G20»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) នឹងដឹកនាំគណៈប្រតិភូរុស្ស៊ីទៅចូលរួមកិច្ចប្រជុំកំពូល G20 ជាលើកដំបូងចាប់តាំងពីទីក្រុងម៉ូស្គូ បានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ និងនៅបន្ទាប់ពីវិមានក្រឹមឡាំង បានប្រកាសថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ជាប់រវល់ខ្លាំងពេកមិនអាចចូលរួមក្នុងជំនួបនេះបាន។
នៅថ្ងៃអាទិត្យ ទី ១៣ វិច្ឆិកា ម្សិលមិញនេះដែរ លោក ឡាវរ៉ូវ បានចេញមុខស្តីបន្ទោសប្រទេសខាងលិចចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពាក់កម្លាំងយោធា និងការពារនៅអាស៊ីអាគ្នេយ៍។ ការអត្ថាធិប្បាយនេះ អាចនឹងធ្វើឱ្យមានការប្រឈមមុខដាក់គ្នាដ៏តានតឹងនៅលើវេទិកា G20។
សម្រាប់រុស្ស៊ីវិបត្តិស្បៀងអាហារសកលនឹងបង្កើតជាផ្នែកសំខាន់មួយនៃរបៀបវារៈនៅឯកិច្ចប្រជុំលើកោះបាលីដែលធ្លាក់ចំប៉ុន្មានថ្ងៃមុនពេលដែលកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិចេញតាមច្រកសមុទ្រខ្មៅផុតកំណត់នាថ្ងៃទី ១៩ ខែវិច្ឆិកា។
ទីក្រុងម៉ូស្គូ កំពុងអំពាវនាវឱ្យលោកខាងលិចបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនដែលរុស្ស៊ីនិយាយថា រារាំងដល់ការនាំចេញកសិកម្ម និងជីសំខាន់ៗ ហើយរហូតមកដល់ពេលនេះ រុស្ស៊ីនៅតែបដិសេធមិនប្តេជ្ញាបន្តកិច្ចព្រមព្រៀងដែលសម្របសម្រួលការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែភាគខាងត្បូងរបស់អ៊ុយក្រែន៕