ប្រធានា​ធិបតី​អាមេរិក​ លោក ​ចូ ​បៃដិន​ នៅ​ថ្ងៃច​ន្ទ ទី​ ១៤​ វិច្ឆិកា​ បាន​និយាយ​ថា​អាមេរិក​មិនចង់​មាន​ជម្លោះ​ជា​មួយ​ចិន​ទេ​និងបាន​ច្រាន​ចោល​ក្តីបារម្ភ​អំពី​សង្រ្គាម​ត្រជាក់​ថ្មី​។ ការ​ប្រកាស​របស់លោក ​បៃដិន នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​លោកបាន​ជួបប្រជុំ​ជា​មួយ​សមភាគី​ចិន​លោក​ ស៊ី ជីនភី​ង​ មុនពេល​ដែល​កិច្ច​ប្រជុំប្រទេស​ G20 ​ចាប់ផ្តើម​ក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី។

លោក ​បៃដិន​ បាន​និយាយថា​ លោកមិន​ជឿនោះទេ​ថា ​ប្រទេស​ចិន មាន​ផែនការ​ឈ្លានពាន​កោះ​តៃវ៉ាន់​ឆាប់ៗ​ ហើយ​លោក ​បាន​វាយត​ម្លៃ​យ៉ាង​វិជ្ជមាន​នូវ​កិច្ច​ពិភាក្សា​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​ចិន​លោក​ ស៊ី​ដែលជា​ជំនួប​ទល់មុខគ្នា​ជា​លើកដំបូង ​ចាប់តាំង​ពី​លោក​ចូល​កាន់​តំណែង​ប្រធានធិបតី​អាមេរិក​មក​។

ប្រមុខ​សេតវិមាន​អាមេរិក​ ក៏​បាន​សង្កត់ធ្ងន់​ថា​គ្មាន​ការផ្លាស់​ប្តូរ​គោល​នយោបាយ​ចិន​តែ​ ១ ​របស់​ទី​ក្រុង​វ៉ាស៊ីនតោន​ទេ​ហើយ​បាន​និយាយ​ទៀត​ថា​ សហ​រដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​ផ្លាស់ប្តូរ​ឯក​តោភាគី​ណាមួយ​ចំពោះ​ស្ថាន​ភាព​បច្ចុប្បន្ន​នៅ​កោះ​តៃវ៉ាន់​។

ទាំង​លោក ​ស៊ី​ ជីនភីង​ និង​លោក ចូ ​បៃដិន​ បាន​ព្យាយាម​បន្ថយ​ភាពតានតឹង​នឹង​គ្នា ​នៅខណៈ​ដែល​មេដឹក​នាំទាំង​ ២ ​បានជួប​ពិភាក្សា​គ្នា​ជាង​ ២​ ម៉ោង​នៅលើកោះ​បាលី​របស់​ឥណ្ឌូ​នេស៊ី​។ ​លោក​ប្រធានា​ធិបតី​ទាំង ២ ​បាន​និយាយថា​ពួក​លោក​ចង់​ទប់ស្កាត់​ភាព​តានតឹង​ខ្លាំង​កុំឱ្យ​ វា​ផ្ទុះឡើង​ជា​ជម្លោះ​។

មិនយូរ​ប៉ុន្មាន​មុន​កិច្ច​ប្រជុំ​ជា​មួយគ្នា​មេដឹកនាំ​ប្រទេស​មហា​អំណាច​ទាំង ២ ​បាន​ចាប់ដៃគ្នា​យ៉ាង​កក់ក្តៅ​នៅពី​មុខ​ជួរទង់​ជាតិ​ចិន​ និង​អាមេរិក​ ក្នុង​សាល​ឯ​សណ្ឋាគារ​មូលីយ៉ា​ ដែល​ជា​សណ្ឋាគារ​ដ៏​ប្រណីត​ស្ថិត​នៅលើ​ឆ្នេរ​សមុទ្រ​នូសា ឌួ (​Nusa Dua) ​នៃ​កោះ​បាលី​។

លោក​ បៃដិន​ បាន​ប្រាប់​លោក​ ស៊ី ​ថា​៖ «​វាជា​រឿងល្អ​ណាស់ដែល​បាន​ជួប​អ្នក​» ហើយ​ក្នុងពេល​ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​នៅ​កោះបាលី​លោក​ បៃដិន ​បាន​និយាយថា​ លោកបាន​សន្ទនា​ដោយ​បើក​ចំហ​និង​ស្មោះត្រង់​ជា​មួយ​សមភាគី​ចិន​ស្តីពី​គោលបំណង ​និង​អាទិភាព​របស់​សហ​រដ្ឋ​អាមេរិក​។

«ក្នុង​នាម​ជាមេ​ដឹកនាំ​នៃ​ប្រទេស​យើង​ទាំង ២ ​យើងចែក​រំលែក​នូវ​ការ​ទទួល​ខុសត្រូវ​។​តាម​ទស្សនៈ​របស់​ខ្ញុំ​ដើម្បី​បង្ហាញ​ថា ​ប្រទេសចិន​ និង​សហ​រដ្ឋ​អាមេរិក​ អាច​គ្រប់គ្រង​ភាពខុស​គ្នា​របស់​យើង​ទប់ស្កាត់​ការ​ប្រកួត​ប្រជែង​...កុំឱ្យ​ ឈានក្លាយ​ទៅជា​ជម្លោះ​តទល់គ្នា​ ​និង​ស្វែង​រក​មធ្យោបាយ​ ដើម្បី​ធ្វើការ​រួមគ្នា​លើ​បញ្ហា​សកល​ បន្ទាន់​ជាច្រើន​ដែល​ទាមទារ​ឱ្យមាន​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាងគ្នា​ទៅវិញ​ទៅមក​»។

ទាក់ទង​រឿងនេះ​ដែរ ​បើតាម​សេចក្តីថ្លែង​ការណ៍​ផ្លូវការ​សង្ខេប​មួយ​របស់​សេត​វិមាន​អាមេរិក​លោក បៃដិន​ បាន​ពន្យល់​ថា ​សហ​រដ្ឋ​អាមេរិក ​នឹង​បន្ត​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំងក្លា​ជាមួយ​ប្រទេស​ចិន ​និងបាន​សង្កត់ធ្ងន់​ជា​ថ្មី​ឡើង​វិញថា​ការ​ប្រកួត​ប្រជែងនេះ​មិន​គួរ​ក្លាយទៅ​ជា​ជម្លោះទេ​។

សេចក្តី​ថ្លែងការណ៍​ដដែលនេះ​បាន​និយាយ​ទៀតថា​ សហ​រដ្ឋ​អាមេរិក​ និង​ចិន​ «ត្រូវតែ​គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​និង​រក្សាបាន​នូវ​ទំនាក់ទំនង​បើ​កចំហ​។​ ហើយ​ដើម្បី​បញ្ជាក់​ពី​ដំណើរ​ឆ្ពោះទៅមុខ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ក្រោយកិច្ច​ប្រជុំ​រវាង​មេដឹក​នាំ​ទាំង ២ ​សេតវិមាន​ បាន​ប្រកាស​ថា​ ប្រមុខ​ការ​បរទេស​អាមេរិក​លោក​អង់តូនី​ប្ល៊ីងកែន​​នឹង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ដែល​នេះ​ គឺជា​ទស្សន​កិច្ច​របស់​មន្ត្រី​លំដាប់​ជាន់ខ្ពស់​អាមេរិក​នៅ​ចិន ​ចាប់តាំង​ពី​ឆ្នាំ​ ២០១៨ ​មក៕