នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ Narendra Modi​ នៅថ្ងៃ​អង្គារ​ ១៥​ វិច្ឆិកា​ បាន​ជំរុញឱ្យ​មាន​ការ​វិល​ត្រឡប់​ទៅ​ដំណោះស្រាយ​ការ​ទូត​វិញ ​ដើម្បី​បញ្ចប់​សង្គ្រាម​រុស្ស៊ី ​និង​អ៊ុយក្រែន​។

ប្រទេស​ឥណ្ឌា​មិន​បាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​ក្រុង​ម៉ូស្គូ​លើ​អ៊ុយក្រែន​ទេ ​ប៉ុន្តែ​លោក Modi ធ្លាប់​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​កាល​ពី​ខែ​កញ្ញា​ថា «សម័យ​បច្ចុប្បន្ន​មិន​មែន​ជា​សម័យ​សង្រ្គាម​ទេ​»។

លោក ​Modi​ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់គាត់​នៅឯ​កិច្ច​ប្រជុំ​កំពូល​ក្រុម ​20​ (G​20) នៅកោះ​បាលី​ ប្រទេស​ឥណ្ឌូ​នេស៊ីថា៖ «ខ្ញុំ​បាន​និយាយម្តង​ហើយ​ម្តងទៀត​ថា យើងត្រូវ​រកវិធី​ត្រឡប់​ទៅរក​ច្រក​ដើម្បី​អនុវត្ត​បទ​ឈប់បាញ់ ​និងចរចា​ការទូត​នៅ​អ៊ុយក្រែន។​វាជា​ពេលវេលា​បង្ហាញពី​ការ​តាំងចិត្ត​របស់​យើងទាំង​អស់គ្នា ​ដើម្បី​ធានា​សន្តិភាព ​សុខដុមរមនា ​និង​សន្តិសុខ​ក្នុង​ពិភព​លោក»។

នេះ​ជា​លើកទី១​ហើយ ​ដែល​មេដឹកនាំ​ G20​ បាន​ជួបប្រជុំ​គ្នាក្នុង​កិច្ចប្រជុំ​កំពូល ​ចាប់​តាំងពី​រុស្ស៊ី​ឈ្លានពាន​លើ​អ៊ុយក្រែន​កាលពី​ខែកុម្ភៈមក​។

ច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​ប្រទេស​រុស្ស៊ី​គឺ​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារ​យោធា​ធំ​បំផុត​ឱ្យឥណ្ឌា។ ​របប​ក្រុង​ម៉ូស្គូនេះ​ ក៏​គឺ​ជា​ទីផ្សារ​ធំ​បំផុត​ទី៤ សម្រាប់​ផលិត​ផល​ឱសថ​ពី​ឥណ្ឌា។​ឥណ្ឌា​បាន​ក្លាយ​ម៉ូយ​ដុំទិញ​ប្រេង​ធំជាង​គេ​របស់​រុស្ស៊ី ​បន្ទាប់ពី​ប្រទេស​ចិន​ ហើយ​ក្រុមហ៊ុន​ចម្រាញ់​ប្រេងឥណ្ឌា​ កំពុង​ផ្អែម​មាត់​នឹង​តម្លៃ​ប្រេងឆៅធូរ​ថ្លៃ​ដែល​រុស្ស៊ី​លក់​ឱ្យ​បន្ទាប់ពី​សង្គ្រាម​។

មន្ត្រី​ឥណ្ឌា​បាន​និយាយថា ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ក្នុង​ស្រុក​នឹង​បន្ត​ទិញ​ប្រេងរុស្ស៊ី​ដោយទ​ទួលបាន​ការ​បញ្ចុះតម្លៃ ​បើទោះ​ជា​សហ​រដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច​ដាក់​កម្រិត​លើ​ការ​នាំចេញ​ប្រេង​របស់​រុស្ស៊ីក៏​ដោយ​។

លោក Modi ​លើក​ឡើងថា ​មិនគួ​រមាន​ការ​រឹតបន្តឹង​លើការ​ផ្គត់ផ្គង់​ថាមពល​ឡើយ ​ហើយ​ថា​ស្ថិរភាព​ថា​មពល​គួរ​ត្រូវ​បាន​ធានា​។

តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​ឥណ្ឌា ដោយ​ស្រង់​សម្តី​របស់​លោក​លោក​​ Modi ដែល​បាន​និយាយថា​៖«​សន្តិសុខ​ថាមពល​របស់​ឥណ្ឌា​ក៏​មានសារៈ​សំខាន់​ផងដែរ​សម្រាប់​កំណើន​ពិភព​លោក»។

​លោក​បន្ថែមថា៖ ​«បើខ្វះជី​ថ្ងៃនេះ ​គឺ​ជាវិបត្តិស្បៀង​អាហារ​នៅថ្ងៃ​ស្អែក​។ យើងគួរ​តែព្រមព្រៀង​គ្នាទៅវិញ​ទៅមក ​ដើម្បីរក្សា​ខ្សែចង្វាក់​ ផ្គត់ផ្គង់​ទាំងជី​ និង​គ្រាប់ធញ្ញជាតិ ​ឱ្យមាន​និរន្តភាព»​៕