
បុគ្គលិកសុខាភិបាល និងប្រជាជនដែលកំពុងដើរជាមួយវ៉ាលីរបស់ពួកគេ ត្រូវបានគេឃើញនៅអគារលំនៅ ឋានមួយក្នុងទីក្រុងប៉េកាំង ត្រូវបានបិទ ដោយសារតែការរឹតបន្តឹងទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២២។ AFP
វិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ដែលបន្តធ្វើនៅចិន កំពុងជំរុញឱ្យមានការខឹងសម្បាជាសាធារណៈ។នៅក្វាងចូវដែលជាទីក្រុងធំជាងគេមួយរបស់ប្រទេសចិនប្រជាជនមួយចំនួនទ្រាំលែងបាន និងបានចេញធ្វើការតវ៉ាដ៏កម្រប្រឆាំងនឹងវិធានការប្រឆាំងកូវីដដ៏តឹងរ៉ឹងនេះ។
តាមរយៈវីដេអូជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគេឃើញមានមនុស្សរាប់រយនាក់ កំពុងដើរដង្ហែគ្នាតាមដងផ្លូវ និងរុញច្រានរបាំងការពារប៉ូលិស នៅក្នុងសង្កាត់ហេស៊ូ (Haizhu) នៃទីក្រុងក្វាងចូវដែលត្រូវបានបិទខ្ទប់ តាំងពីចុងខែតុលាដោយសារការរីករាតត្បាតនៃជំងឺកូវីដ ១៩។
សារព័ត៌មានសេដ្ឋកិច្ចហុងកុងរាយការណ៍ថា បាតុកម្មនេះ បានកើតឡើងនៅតាមភូមិក្នុងក្រុងដែលភាគច្រើនជាសង្កាត់ឬតំបន់ក្រីក្រ និងជាទីតាំងដែលមានកម្មករចំណាកស្រុកជាច្រើនរស់នៅ។ រដ្ឋអំណាចក្នុងតំបន់ បានបញ្ជូនរថយន្តប៉ូលិសជាច្រើនគ្រឿងចូលទៅកាន់កន្លែងតវ៉ា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានសេដ្ឋ កិច្ចហុងកុងដដែល។
ប្រជាជនចិនជាពិសេសអ្នកដែលរស់នៅកណ្តាលទីក្រុងកាន់តែមិនសប្បាយ និងកើតទុក្ខព្រួយក្នុងចិត្តខ្លាំងឡើងបន្ទាប់ពីរងការដាក់កម្រិតរយៈពេលជិត៣ឆ្នាំក្រោមគោលនយោបាយហ្សេរ៉ូកូវីដដ៏តឹងតែងរបស់រដ្ឋាភិបាលចិន។
គ្មានទេសញ្ញាបង្ហាញពីភាពធូរស្រាលនៃវិធានការបិទខ្ទប់ បើទោះបីជាអាជ្ញាធរ បានបន្ធូរបន្ថយវិធានការប្រឆាំងកូវីដមួយចំនួនដូចជាកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័ក និងលុបចោលវិធានការ ដែលចាប់តម្រូវឱ្យ ក្រុមហ៊ុនអាកាសចរណ៍ត្រូវរងពិន័យចំពោះការដឹកអ្នកដំណើរដែលមានជំងឺកូវីដ។ បញ្ហាខ្វះខាតស្បៀងអាហារ និងភាពពិបាកក្នុងការទទួលបានការព្យាបាលជំងឺឱ្យបានទាន់ពេលវេលា គឺជាចំណុចដែលប្រជាជនចិនរងការបិទខ្ទប់ឱ្យ នៅតែក្នុងផ្ទះ តវ៉ាយ៉ាងខ្លាំងក្លា។
នៅលើបណ្តាញសង្គម Weibo និង WeChat គេឃើញមានការបង្ហោះខ្លះដែលពិភាក្សាអំពីការតវ៉ារបស់ប្រជាជនចិន។ Weibo និង WeChat គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតចំនួន២ នៅក្នុងប្រទេសចិនដែលការពិភាក្សាតាមអ៊ីនធឺណិតជារឿយៗត្រូវបានត្រួតពិនិត្យដើម្បីគ្រប់គ្រងមតិសាធារណៈ។ នៅព្រឹកថ្ងៃអង្គារ ទី ១៥ វិច្ឆិកា hashtags នៅលើ Weibo ដូចជា «កុបកម្មនៅស្រុកហេស៊ូទីក្រុងក្វាងចូវ» និង «កុបកម្មនៅហេស៊ូ» នៅតែអាចមើលឃើញប៉ុន្តែសារបង្ហោះដែលអាចមើលឃើញពីមុនបានបាត់អស់រលីង។
គួរជ្រាបថា ប្រទេសចិន បានរាយការណ៍ពីចំនួនឆ្លងកូវីដថ្មីជាង ១៧ ០០០ នាក់ កាលពីថ្ងៃចន្ទ ដែលជាចំនួនខ្ពស់បំផុតរាប់ចាប់តាំងពីចុងខែមេសាមក។ ទីក្រុងក្វាងចូវតំណាងឱ្យ ចំនួនករណីឆ្លងភាគច្រើន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាន និងកំពុងផ្សាយដាស់តឿនរំឭកឡើងវិញជាថ្មីថា ប្រទេសនេះនៅតែប្រកាន់ខ្ជាប់គោលនយោបាយហ្សេរ៉ូកូវីដ បើទោះបីជាការកើនឡើងនៃករណីឆ្លងនាំឱ្យមានការចោទជាសំណួរឡើងពីគោលនយោបាយប្រឆាំងកូវីដដ៏តឹងរ៉ឹងនេះយ៉ាងណាក៏ដោយ៕