
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (ឆ្វេង) និងសមភាគីចិន លោក ស៊ី ជីនពីង ក្នុងជំនួបនៅក្រុងបាងកក ប្រទេសថៃ។ រូបថត Lee Hsien Loong's Facebook
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង និងសមភាគីចិនលោក ស៊ី ជីនពីង បានចេញមុខអះអាងសាជាថ្មីអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសសិង្ហបុរី និងចិន។ ការគូសបញ្ជាក់នេះ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី ១៧ វិច្ឆិកា ក្នុងជំនួបរវាងមេដឹកនាំទាំង ២ នៅខាងក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៨ នៅក្រុងបាងកក ប្រទេសថៃ។
បើតាមអ្នកនាំពាក្យការិយាល័យរបស់លោក លី សៀនឡុង នេះគឺជាជំនួបដោយផ្ទាល់លើកដំបូងរវាងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងប្រធានាធិបតីចិនក្នុងរយៈពេល ៣ ឆ្នាំ។
កន្លងមក មេដឹកនាំទាំង ២ ធ្លាប់បានជួបពិភាក្សាគ្នានាឱកាសជាច្រើនក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែជាការជួបតាមអនឡាញទាំងអស់។
ក្នុងជំនួបដោយផ្ទាល់ជាមួយលោក ស៊ី លោក លី បានអបអរសាទរលោកប្រធានាធិបតីចិន ចំពោះការបិទបញ្ចប់ទៅដោយជោគជ័យនៃសមាជជាតិលើកទី ២០ របស់បក្សកុម្មុយនីស្តចិន (CPC)។
«លោកនាយករដ្ឋមន្ត្រី លី និងលោកប្រធានាធិបតី ស៊ី បានបញ្ជាក់សាជាថ្មីអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងទំនាក់ទំនងនឹងគ្នាជាច្រើនផ្នែករវាងសិង្ហបុរី និងចិន ហើយនិងវិធីសាស្ត្រដែលភាគីទាំង ២ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ សូម្បីតែនៅចំពេលមានជំងឺរាតត្បាត និងបញ្ហាប្រឈមជាសកលដែលកំពុងវិវត្ត»។ អ្នកនាំពាក្យការិយាល័យរបស់លោក លី សៀនឡុង បានបន្ថែម។
ចំណែកលោកប្រធានាធិបតីចិនវិញ លោកក៏បានធ្វើបច្ចុប្បន្នភាពប្រាប់លោក លី ទាក់ទងសមាជជាតិលើកទី ២០ របស់បក្សកុម្មុយនីស្តចិន និងផែនការរបស់លោកអំពីការអភិវឌ្ឍប្រទេសចិនផងដែរ។
មេដឹកនាំទាំង ២ បានផ្លាស់ប្តូរយោបល់គ្នាលើទំនាក់ទំនងទ្វេភាគី ការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ រួមទាំងសារៈសំខាន់នៃការរក្សាស្ថិរភាពនៃទំនាក់ទំនងអាមេរិក-ចិន។
លោក ស៊ី ជីនពីង បានរំឭកឡើងវិញដែរពីការអញ្ជើញរបស់លោកទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗនេះ។ ចំណែកលោក លី វិញ ក៏បានលើកឡើងពីការស្វាគមន៍លោក ស៊ី ឱ្យទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរីម្តងទៀតផងដែរ៕