គេរំពឹងថានឹងមានភ្លៀងធ្លាក់នៅក្នុងរដ្ឋជាច្រើននៃប្រទេសម៉ាឡេស៊ី ចំថ្ងៃបោះឆ្នោតនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ ភ្នាក់ងារគ្រោះមហន្តរាយ បានព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់មូសុង និងទឹកជំនន់ហូរជន់ភ្លាមៗ (Flash flood)។ តាមរយៈការព្យាករ ភ្លៀងផ្គររន្ទះភាគច្រើនក៏នឹងកើតមានឡើងផងដែរនាពេលល្ងាចនៃថ្ងៃបោះឆ្នោតរបស់ម៉ាឡេស៊ី។
យោងតាមលោក Lim Ze Hui អគ្គនាយកនៃនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានឱ្យដឹងថា រដ្ឋមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី រួមមានដូចជា រដ្ឋ Selangor Negeri Sembilan Melaka និងភាគខាងលិចនៃរដ្ឋ Johor ជាបណ្ដារដ្ឋដែលទទួលរងនឹងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី ក៏បានលើកឡើងថា ភ្លៀងនឹងបន្តធ្លាក់ពេញមួយថ្ងៃនៅក្នុងរដ្ឋ Kelantan និងរដ្ឋ Terengganu ផងដែរ។
អគ្គនាយកនៃនាយកដ្ឋានរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bernama ថា៖ «សម្រាប់រដ្ឋស្ថិតនៅភាគខាងជើង ត្រូវបានគេរំពឹងថាអាកាសធាតុនឹងល្អនៅពេលព្រឹក ប៉ុន្តែ ព្យុះផ្គររន្ទះនឹងបោកបក់ស្ទើរតែគ្រប់រដ្ឋទាំងអស់នៅពេលល្ងាច។ វាគ្រាន់តែជាព្យុះផ្គររន្ទះធម្មតា ហើយគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ»។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីស្រុកជាច្រើននៅក្នុងទីក្រុង Selangor បានជួបប្រទះនឹងទឹកជំនន់កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងជ្រលងភ្នំ Klang។
នាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះរបស់រដ្ឋ Selangor បានលើកឡើងថា ក្រុមការងាររបស់ខ្លួនបានទទួលការហៅសង្គ្រោះបន្ទាន់ពីតំបន់រងផលប៉ះពាល់ចំនួន ២៧ ក្នុងនោះរួមមានស្រុក Sepang ស្រុក Hulu Langat និងស្រុក Petaling។ មិនត្រឹមតែប៉ុណ្ណោះ ការបាក់ដីក៏បានកើតឡើងផងដែរនៅឯក្រុង Kajang ដោយបានបំផ្លាញផ្ទះពីរជាន់មួយខ្នង។
លោក Charles Santiago សមាជិកសភាដែលកំពុងកាន់អំណាចប្រចាំទីក្រុង Klang បានបង្ហោះវីដេអូនៅលើបណ្ដាញ Twitter ដោយបានបង្ហាញពីរថយន្តកំពុងបើកបរឆ្លងកាត់ផ្លូវដែលមានទឹកជំនន់ជន់យ៉ាងខ្លាំង។
លោក Santiago បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំបានទទួលការហៅទូរស័ព្ទជាច្រើនពីប្រជាជននៅក្នុងទីក្រុង Klang។ ពួកគេបានបង្ហាញពីការខកចិត្ត និងព្រួយបារម្ភជាមួយនឹងភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលឱ្យមានទឹកជំនន់បែបនេះ។ យើងបានសង្ឃឹមថារឿងនេះនឹងមិនកើតឡើងទេ»។ តំបន់ខ្លះនៃទីក្រុង Klang និងទីក្រុង Shah Alam ត្រូវបានលិចក្នុងទឹកដែលមានរយៈកម្ពស់រហូតដល់ទៅ ៦០ សង់ទីម៉ែត្រឯណោះ។
លោកបានសរសេរនៅលើបណ្ដាញ Twitter ដោយបានភ្ជាប់ (Tag) គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ថា៖ «ត្រឹមតែ ៤៨ ម៉ោងទៀតប៉ុណ្ណោះ វាដល់ថ្ងៃបោះឆ្នោតហើយ»។
គួររំឭកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានមានប្រសាសន៍ថា ទីភ្នាក់ងារពាក់ព័ន្ធនឹងគ្រោះមហន្តរាយ និងសន្តិសុខទាំងអស់ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ និងស្រុក ត្រូវបានបញ្ជាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់មូសុង និងទឹកជំនន់ដែលកើតឡើងភ្លាមៗ។ បទបញ្ជានេះត្រូវបានដាក់ចេញ បន្ទាប់ពីតំបន់ជាច្រើននៅក្នុងរដ្ឋផ្សេងៗត្រូវបានជន់លិចដោយទឹកជំនន់ចាប់តាំងពីយប់ថ្ងៃពុធ មកម្លេះ។
លោកនាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖ «ភ្នាក់ងារទាំងអស់ត្រូវតែត្រៀមខ្លួន ក្នុងការបញ្ចេញសកម្មភាពយ៉ាងឆាប់រហ័ស និងសមស្របដើម្បីធានានូវសុខសុវត្ថិភាពសាធារណៈ»។ លោកបានបន្តថា៖ «បញ្ជាត្រូវបានដាក់ចេញទៅកាន់ភ្នាក់ងារដែលពាក់ព័ន្ធរួមមានប៉ូលិស និងនាយកដ្ឋានពន្លត់អគ្គិភ័យ។ ជាក់ស្ដែង គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់រដ្ឋ និងថ្នាក់ស្រុក បាននិងកំពុងចេញធ្វើសកម្មភាពហើយ»។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមកម្មវិធីមួយនៅឯរដ្ឋ Pahang នាយករដ្ឋមន្ត្រីរូបនេះបានសម្តែងនូវការព្រួយបារម្ភជាខ្លាំង។ លោកបានបន្ថែមថា៖ «ខ្ញុំមិនចង់ឱ្យសោកនាដកម្មទឹកជំនន់ ដែលបានកើតឡើងនៅតំបន់ Sri Muda ក្នុងស្រុក Shah Alam នៃរដ្ឋ Selangor កើតមានឡើងម្ដងទៀតនោះទេ»។
គួរបញ្ជាក់ផងដែរថា នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានណែនាំឱ្យសាធារណជន តាមដានគេហទំព័ររបស់ខ្លួន និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាកម្មវិធីទូរស័ព្ទឈ្មោះថា myCuaca ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍អំពីស្ថានភាពអាកាសធាតុជាប្រចាំ៕