នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ វិច្ឆិកា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា បាន​ប្រាប់​មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ពី​ក្តី​ព្រួយបារម្ភ​របស់​លោក​ទាក់ទង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ រួមទាំង​កូរ៉េខាងជើង​ផង​។ កូរ៉េខាងជើង គឺជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដ៏សំខាន់ ព្រោះថា​ទីក្រុង​ព្យុងយ៉ាង បាន​បាញ់​មីស៊ីល​ជា​បន្តបន្ទាប់ រហូត​បណ្តាល​ឱ្យ​មានការ​ភ័យខ្លាច​ពីការ​សាកល្បង​នុយក្លេអ៊ែរ​កើនឡើង។​

​លោក គី​ស៊ី​ដា និយាយថា​គាត់​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង នៅក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​ទល់មុខ​គ្នា​ជាលើក​ដំបូង​ជាមួយ​លោក ស៊ី ជីនពីង នៅ​ខាងក្រៅ​ជំនួប​របស់​មេដឹកនាំ​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ។

​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​ខ្លី ខណៈដែល​លោក ស៊ី និង​លោក គីស៊ីដា ត្រៀម​ជួប​ជជែក​គ្នា​។ ក្រុង​ព្យុងយ៉ាង បាន​ថែមទាំង​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការឆ្លើយតប​ផ្នែក​យោធា​ដ៏កាច​សាហាវ​ទៀតផង។​

​បើតាម​យោធា​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ដែល​ទំនងជា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ទៀត នា​ថ្ងៃ​សុក្រ ទី ១៨ វិច្ឆិកា​នេះ ហើយ​វា​គឺជា​ការបាញ់​មីស៊ីល​ជា​លើកទី ២ ក្នុង​រយៈពេល ២ ថ្ងៃ រហូត​ធ្វើឱ្យ​មានការ​ភ័យខ្លាច​ពីការ​សាកល្បង​នុយក្លេអ៊ែរ​កើនឡើង។​

​គួរ​ជ្រាបថា ចិន និង​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​។ ក៏ប៉ុន្តែ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅ​ពេល​ដែល​ទីក្រុង​ប៉េកាំង ពង្រឹង​កាន់​តែខ្លាំង​នូវ​ផ្នែក​យោធា​របស់ខ្លួន បង្កើន​សាច់ដុំ​ក្នុង​តំបន់ និង​ប្រកាន់​ខ្ជាប់​នូវ​ខ្សែបន្ទាត់​ដ៏​តឹងតែង​លើ​ដែនដី​ដែលមាន​ជម្លោះ​ជាមួយ​ប្រទេស​ដទៃ។​

​នៅក្នុង​ជំនួប​ទ្វេភាគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន គីស៊ីដា និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង បាន​សន្យា​រឹតចំណង​ទាក់ទង​លើ​ផ្នែក​សន្តិសុខ និង​បង្កើន​កិច្ចពិភាក្សា​នឹង​គ្នា​ឱ្យបាន​ច្រើន។

លោក ស៊ី បាន​ប្រាប់ លោក គីស៊ីដា ថា ចិន និង​ជប៉ុន គួរតែ​បង្កើន​ការជឿ​ទុកចិត្ត​គ្នា បង្កើន​កិច្ចសហ​ប្រតិបត្តិការ និង​សមាហរណកម្ម​ក្នុង​តំបន់ ហើយ​ទប់ទល់​នឹង​ជម្លោះ ព្រមទាំង​ការ​ប្រឈមមុខ​ដាក់គ្នា​។ នេះ​បើតាម​ការ​ដកស្រង់​សម្តី​របស់​មេដឹកនាំ​ចិន​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV។

​ចំណែក លោក គី​ស៊ី​ដា វិញ​ក៏បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​ដែរ​ថា លោក​បាន​យល់ព្រម​ជាមួយ​លោក ស៊ី ក្នុង​ការបើក​បណ្តាញ​ទំនាក់ទំនង​ការទូត​ឡើងវិញ ហើយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នាពេល​ខាងមុខ​ឆាប់ៗ​នេះ៕​