នៅ​ថ្ងៃ​សុក្រ ទី ​១៨ វិច្ឆិកា ប៉ូលិស​ថៃ​បាន​បាញ់​គ្រាប់កាំភ្លើង​កៅស៊ូ ក្នុងពេល​ប៉ះទង្គិច​គ្នា​ជាមួយ​បាតុករ​រាប់សិប​នាក់ ដែល​ព្យាយាម​ដើរ​ក្បួន​ទៅកាន់​កន្លែង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ទីក្រុង​បាងកក​។​

​មនុស្ស​ប្រមាណ ៥០​ នាក់ ដែល​ចេញ​ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំងនឹង​ព្រឹត្តិការណ៍​នេះ និង​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់-​អូ​ចា បាន​គប់​ដុំថ្ម ដប និង​កែវ​ដែល​បែកបាក់ ក្នុងអំឡុងពេល​កន្លះ​ម៉ោង​នៃ​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​រាប់រយ​នាក់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ជិត​វិមាន​ប្រជាធិបតេយ្យ​នៃ​រាជធានី​ថៃ ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ​ពី​សាលសន្និសីទ​ដែល​លោក ប្រា​យុទ្ធ កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកស្រី ខា​ម៉ា​ឡា ហារី​ស (Kamala Harris) និង​មេដឹកនាំ​ផ្សេងទៀត​ក្នុង​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)​។​

​ការប៉ះទង្គិច​គ្នា ចាប់ផ្តើម​នៅពេលដែល​ក្រុមបាតុករ​បាន​អាំង​ម្ទេស​នៅលើ​ឡាន​មួយ​គឿង​របស់​ប៉ូលិស ហើយ​ផ្សែង​ក៏​ហុយ​ត្រ​ឡោម​ឡើង​។​

​ប៉ូលិស​ថៃ បានឱ្យដឹងថា​មាន​មនុស្ស ២៥ នាក់ ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម បំផ្លិចបំផ្លាញ ដុត និង​រារាំង​មន្ត្រីប៉ូលិស​។​

​យោងតាម​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Erawan មនុស្ស​ចំនួន ១០ នាក់​ បាន​រងរបួស​ស្រាល​នៅក្នុង​ការប៉ះទង្គិច​គ្នា​នា​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

«​យើង​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បានទេ ហេតុ​ដូច្នេះហើយ​បានជា​ការប្រើ​កម្លាំង​គឺ​ចាំបាច់​ត្រូវធ្វើ​»​។ នេះ​បើតាម​សម្តី​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​ភូមិន្ទ​ថៃ អា​ឆេ​យុន ក្រៃ​ថុង (Archayon Kraithong) ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង​បាងកក​។​

​គួរ​ជ្រាបថា ប៉ូលិស​ប្រមាណ ២៨ ០០០​ នាក់ ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ការពារ​កិច្ចប្រជុំ​កំពូល APEC ដែលមាន​វត្តមាន​ចូលរួម​ផងដែរ​ពី​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង និង​មេដឹកនាំ​មកពី​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង កាណាដា និង​អូស្ត្រាលី​។​

​អតីត​មេដឹកនាំ​រដ្ឋប្រហារ​លោក ប្រា​យុទ្ធ គ្មាន​ប្រជាប្រិយ​ភាពខ្លាំង​ឡើយ​នៅក្នុង​ប្រទេស​ថៃ​។ នៅ​ឆ្នាំ ២០២០ ការប្រមូល​ផ្តុំគ្នា​តាម​ដងផ្លូវ​ដែល​ដឹកនាំ​ដោយ​យុវជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​ទាក់ទាញ​មនុស្ស​យ៉ាងច្រើន​រហូតដល់​រាប់ម៉ឺន​នាក់​ឱ្យ​រួម​កម្លាំង​គ្នា​អំពាវនាវ​ឱ្យ​លោក ប្រា​យុទ្ធ លាលែង​ពី​តំណែង ប្រមុខ​រដ្ឋាភិបាល​ថៃ​។​

​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ នឹងត្រូវ​ប្រឈមមុខ​នឹង​អ្នកបោះឆ្នោត​ថៃ​នៅក្នុង​ការបោះឆ្នោត​នា​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕