រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក យ៉ាស៊ុកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) អះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) ដែលមានរយៈចម្ងាយគ្រប់គ្រាន់ ក្នុងការបាញ់ផ្លោងទៅដល់ក្នុងទឹកដីរបស់សហរដ្ឋអាមេរិក។
មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) របស់ទីក្រុងព្យុងយ៉ាងនេះ បានធ្លាក់ក្នុងដែនទឹកសមុទ្រដែលមានចម្ងាយប្រមាណ ២១០ គីឡូម៉ែត្រ (១៣០ ម៉ាយ) ពីភាគខាងលិចកោះហុកកៃដូ។
ជាការឆ្លើយតប សហរដ្ឋអាមេរិកបានថ្កោសទោសទៅនឹងការបាញ់មីស៊ីលនេះ ខណៈដែលកូរ៉េខាងត្បូង បានប្រកាសបញ្ជាឱ្យមានវិធានការធ្ងន់ៗ ក្នុងការទប់ស្កាត់ជាបន្ទាន់ចំពោះទង្វើរបស់កូរ៉េខាងជើងនេះ។
កាលពីថ្ងៃព្រហស្បតិ៍ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក Choe Son Hui ប្រមុខការទូតកូរ៉េខាងជើងបានចេញព្រមានពីលទ្ធភាពនៃការឆ្លើយតបយ៉ាងខ្លាំងពីសំណាក់ក្រុងព្យុងយ៉ាងតបទៅនឹងការបង្កើនវត្តមានយោធានានារបស់សហរដ្ឋអាមេរិក។ ហើយព្យុងយ៉ាង ក៏បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីផងដែរនៅថ្ងៃដដែលនោះ។
ការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាង កើតឡើងក្រោយជំនួបកាលពីថ្ងៃអាទិត្យរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយោល ជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដានៅកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំប្រទេសទាំង៣នេះព្រមព្រៀងគ្នារឹតចំណងកិច្ចសហប្រតិបត្តិការផ្នែកយោធា។
នៅថ្ងៃសុក្រ ទី ១៨ វិច្ឆិកា លោកស្រី អេឌ្រៀន វ៉តសុន (Adrienne Watson) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា លោក បៃដិន ធ្លាប់បានផ្តល់ព័ត៌មានបញ្ជាក់ជាខ្លីថាសហរដ្ឋអាមេរិកនឹងមានកិច្ចពិភាក្សាជុំវិញបញ្ហានេះជាមួយនឹងសម្ព័ន្ធមិត្តខ្លួន។
កូរ៉េខាងជើងបានបាញ់មីស៊ីលប្រមាណជាង ៥០ គ្រាប់ ក្នុងរយៈពេល ២ ខែចុងក្រោយ ដែលភាគច្រើនប្រភេទមីស៊ីលរយៈចម្ងាយខ្លី។ ការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ ជារឿងកម្រណាស់ ហើយជាវាជាការគំរាមកំហែងដោយផ្ទាល់ចំពោះសហរដ្ឋអាមេរិក ដោយសារមីស៊ីលនេះត្រូវបានរចនាឡើងក្នុងគោលដៅពាំក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់គ្រប់គោលដៅនៃទឹកដីអាមេរិក។
ប្រមុខយោធារបស់ក្រុងសេអ៊ូលបានលើកឡើងថា មីស៊ីលអន្តរទ្វីប ICBM ដែលបានបាញ់ចុងក្រោយ ទំនងជាបាញ់ចេញនៅម៉ោង ១០ និង ១៥ នាទី (ម៉ោងក្រុងស្រុក) ក្បែររដ្ឋធានីព្យុងយ៉ាង កូរ៉េខាងជើង។
ប្រភពពីយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលនេះបានហោះដល់រយៈកម្ពស់ប្រមាណ ៦ ១០០ គីឡូម៉ែត្រ នៅលើគន្លងអាកាសដ៏ខ្ពស់មួយ ហើយបានធ្វើដំណើរនៅលើអាកាសនោះបានរយៈចម្ងាយប្រមាណ ១ ០០០ គីឡូម៉ែត្រ (៦២១ ម៉ាយ)។
នៅក្នុងគន្លងអាកាសដ៏ខ្ពស់បែបនេះ មានន័យថា មីស៊ីលអាចហោះខ្ពស់ទៅកាន់ទីអវកាសបាន ប៉ុន្តែបើវាបាញ់នៅគន្លងធម្មតាវិញ វាអាចហោះបានរយៈចម្ងាយខ្លីជាងនេះ។
ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្ស៊ូ ហាម៉ាដា បានអះអាងថា មីស៊ីល ICBM របស់កូរ៉េខាងជើងនេះ មានរយៈចម្ងាយគ្រប់គ្រាន់ សមល្មមក្នុងការបាញ់ដល់ទឹកដីអាមេរិក។
លោកបន្តថា៖ «ផ្អែកតាមការគណនាដែលបានគុណគូរកន្លងមក មីស៊ីលបាលីស្ទិកដែលត្រូវបានបាញ់ផ្លោងលើកនេះ អាចមានសមត្ថភាពបាញ់បានចម្ងាយប្រមាណ ១៥ ០០០ គីឡូម៉ែត្រ អាស្រ័យលើទម្ងន់ក្បាលគ្រាប់របស់វា ហើយបើសិនជាដូច្នេះមែន វាមានន័យថា ដែនដីរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងជួរនៃគន្លងរយៈចម្ងាយនេះ»។
ជាមួយគ្នានេះ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសថៃឯជំនួប APEC ថា ៖ «យើងបានប្រាប់(ទីក្រុងព្យុងយ៉ាង) ថា យើងពិតជាមិនអាចអត់ឱនបានឡើយ ចំពោះសកម្មភាពបែបនេះ»។
ទង្វើរបស់កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គឺតែងតែបាញ់មីស៊ីល ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្បែរឧបទ្វីបកូរ៉េ។
កាលពីខែតុលា កូរ៉េខាងជើងបានបាញ់មីស៊ីលរំលងប្រទេសជប៉ុន។ នេះជាលើកដំបូងបង្អស់ដែលក្រុងព្រុងយ៉ាងបានធ្វើដូច្នេះក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
នាពេលបច្ចុប្បន្ន កូរ៉េខាងជើងកំពុងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រភេទថ្មីរបស់ខ្លួនដែលមានឈ្មោះថា Hwasong-17។ វាមានទំហំធំជាងប្រភេទ ICBMs ដែលធ្លាប់បានសាកល្បងដោយជោគជ័យនាពេលកន្លងមករួចទៅហើយ ខណៈអ្នកជំនាញជឿជាក់ថា វាអាចមានសមត្ថភាពផ្ទុកក្បាលគ្រាប់បានច្រើនផង ដែលនាំឱ្យពិបាកក្នុងការការពារពីឥទ្ធិពលរបស់មីស៊ីលនេះ។
បើតាមប្រភពពីយោធាកូរ៉េខាងត្បូង មានការប៉ុនប៉ងក្នុងការបាញ់បង្ហោះមីស៊ីលប្រភេទថ្មី Hwasong-17 ជាច្រើនដងរួចទៅហើយពីសំណាក់កូរ៉េខាងេជើង ប៉ុន្តែវាបានទទួលបរាជ័យ។ កាលពីដើមខែវិច្ឆិកានេះ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីល ICBM ប៉ុន្តែវាបានបរាជ័យនៅដំណាក់កាលពាក់កណ្តាលនៃការបង្ហោះ។
លោក Yang Uk អ្នកជំនាញផ្នែកកិច្ចការយោធានៃវិទ្យាស្ថាន Asan បានថ្លែងថា៖ «បើទោះបីជាកូរ៉េខាងជើងបាញ់ដោយជោគជ័យនៃមីស៊ីល Hwasong-17 ក៏ដោយ ប៉ុន្តែការគំរាមកំហែងនឹងមិនអាចកើតឡើងគួរឱ្យកត់សម្គាល់នោះទេ»។ លោក Yang Uk បាននិយាយថា៖ «កូរ៉េខាងជើងត្រូវការបង្ហាញថា ខ្លួនខ្លាំងស្ទាត់ជំនាញលើបច្ចេកវិទ្យា ដើម្បីអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទតូចៗបានពេញលេញជាមួយ ICBM»។
គួររំឭកថា ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន ៦ ដង នៅចន្លោះពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៧ ហើយទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចរាល់សម្រាប់ការសាកល្បងគ្រាប់ទី៧។ អ្នកជំនាញជឿជាក់ថា ការបាញ់បង្ហោះមីស៊ីលលើកនេះ គឺជាឱកាសដើម្បីសាកល្បងបំណែកនៃឧបករណ៍នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើង ក៏កំពុងប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវមីស៊ីលរយៈចម្ងាយខ្លី និងសមត្ថភាពយោធាទូទៅរបស់ខ្លួនផងដែរ៕
វីដេអូ៖