កាល​ពី​ថ្ងៃសៅរ៍​ទី ១៩ ​ខែវិច្ឆិកា ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក ​Lloyd Austin​ បាន​ព្រមានថា​ប្រទេស​ចិន​ និង​រុស្ស៊ី​កំពុង​បង្កើត​ពិភព​លោកមួយ​ដែល​ប្រើប្រាស់​កម្លាំង​យោធា​ក្នុង​ការ​ដោះស្រាយជម្លោះ។ ​លោក​បានប្ដេជ្ញា​ថា​ សហ​រដ្ឋអាមេរិក​នឹង​បន្ត​ការពារ​គោលការណ៍​ម​នុស្សធម៌​និង​ច្បាប់​អន្តរជាតិ​ជា​និច្ច​។​

លោក Austin បាន​ប្រាប់​វេទិកា​សន្តិសុខ​អន្តរជាតិ ​Halifax ​នៅ​ប្រទេស​កាណាដា​ថា៖ ​«ទី​ក្រុង​ប៉េកាំង​ ក៏ដូចជា​ទីក្រុង​ម៉ូស្គូ​កំពុង​បង្កើត​ពិភពលោក​មួយ​ដែល​ប្រើកម្លាំង​យោធា​ ដើម្បី​បង្កើត​នូវ​ភាព​ត្រឹមត្រូវ ​កន្លែងដែល​ជម្លោះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​កង​កម្លាំង ​និង​កន្លែង​ដែ​ល​ពួក​ផ្តាច់​ការ​អាច​កម្ទេច​នូវ​សិទ្ធិ​សេរីភាព​»​។​

លោកបន្តថា ៖ «​សង្រ្គាម​របស់​ទី​ក្រុងម៉ូស្គូ​ប្រឆាំង​នឹង​ទី​ក្រុងកៀវ​ បាន​គូស​បញ្ជាក់​ពី​បញ្ហា​ដែល​យើង​ប្រឈម​មុខនៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិ​ក ហើយ​ប្រទេស​ចិន​ក៏​កំពុង​ជំរុញ​ឱ្យ​ដំណោះ​ស្រាយ​កាន់​តែឃ្លាតឆ្ងាយ​ពី​ចក្ខុ​វិស័យ​របស់​យើង​ នោះ​គឺ​ប្រព័ន្ធ​អន្តរជាតិ​សេរី ​ស្ថិរភាព និង​បើក​ចំហ​»។​

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរថា​ សកម្មភាព​របស់​ចិន​នៅ​ជុំវិញ​កោះតៃវ៉ាន់​កំពុង​កើន​កម្តៅ​ កាន់​តែខ្លាំង​ឡើង​ ដោយ​យន្តហោះ​របស់​ទី​ក្រុងប៉េកាំង​បាន​ហោះក្បែរ​កោះមួយ​នេះជា​រៀង​រាល់ថ្ងៃ ​ដើម្បី​ធ្វើការ​ស្ទាក់​ចាប់​យន្តហោះ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​យ៉ាង​គ្រោះថ្នាក់​បំផុត។​

​សូម​បញ្ជាក់​ដែរថា​ ទី​ក្រុងវ៉ា​ស៊ីនតោន​បាន​យល់​ឃើញ​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់ចិន​ក្នុង​ការ​កែប្រែ​ស្ថានភាព​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ថា​ជា​បញ្ហា​ប្រឈម​ដែលជះ​ផល​វិបាក​ខ្លាំង​បំផុត​ដែល​សហ​រដ្ឋអាមេរិក​កំពុង​ប្រឈម​មុខនៅ​ពេលនេះ​។​

យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​សហ​រដ្ឋអាមេរិក​ដែល​បាន​ចេញផ្សាយ​កាល​ពី​ខែ​មុន​ក៏​បាន​ឱ្យដឹងផង​ដែរ​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ជា​ការ​បង្ហាញ​ពី​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ទីក្រុងម៉ូស្គូ​បង្កឡើង​និង​ដែល​ទីក្រុងវ៉ាស៊ីនតោន​កំពុង​ធ្វើការ​រារាំង​។​

លោក Austin​ បាន​លើក​ឡើង​ដោយ​ភ្ជាប់​បញ្ហា​ប្រឈម​ទាំង ២ ​នៅក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃសៅរ៍​ថា ប្រសិន​បើ​ប្រទេស​មួយ​អាចគេច​ផុតពី​ការ​ដាក់ទោស​ដោយ​អំពើ​ហិង្សា​របស់ខ្លួន​នោះ​ប្រទេស​ផ្សេងទៀត​នឹង​ធ្វើ​តាម​ជា​មិនខាន​។​

លោក​បាន​ថ្លែង​ថា៖ «នៅក្នុង​ការ​ធ្វើ​សង្គ្រាម​ក៏​មាន​ច្បាប់​ដែរ​ហើយ​ប្រសិន​បើ​មហា​អំណាច​មួយ​មិន​គោរពច្បាប់​ទាំងនោះ​ វាជា​ការ​លើក​ទឹកចិត្ត​ឱ្យ​ប្រទេស​ផ្សេងទៀត​ប្រឆាំង​នឹង​ច្បាប់​អន្តរជាតិ​និង​បទដ្ឋាន​អន្តរជាតិ​ផ្សេងៗ។​យើង​ប្តេជ្ញា​ការពារ​ច្បាប់​អន្តរជាតិ​ទាំងនោះ​ ហើយជា​ពិសេស​គឺ​គោល​ការណ៍​គ្រឹះ​នៃ​អភ័យ​ឯក​សិទ្ធិ​មិន​ប្រយុទ្ធ​»​។​

លោក Austin ​ក៏​បាន​លើក​ឡើង​ទៀតថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​ម៉ូស្គូ ​ក្នុងការ​ស្វែងរក​ជំនួយ​គាំទ្រ​ពី​ប្រទេស​ដូចជា​អ៊ីរ៉ង់ និង​កូរ៉េ​ខាងជើង ​បាន​បង្កើត​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ថ្មីមួយ​ទៀត​សម្រាប់​សហ​រដ្ឋអាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន។​លោក​ថា៖ «រុស្ស៊ី​បាន​ងាកទៅ​រក​អ៊ីរ៉ង់ ​និង​កូរ៉េ​ខាងជើង ​ដើម្បី​ជួយ​វាយ​ប្រហារ​អ៊ុយក្រែន ​ដូចជា​ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ ដើម្បី​សម្លាប់​ជន​ស៊ីវិល​នៅ​អ៊ុយ​ក្រែជា​ដើម»​។​

យោងតាម​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឱ្យដឹងថា ​ក្រុម​ទាហាន​អ៊ីរ៉ង់​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​គ្រីមា​ ដើម្បី​ជួយ​រុស្ស៊ីធ្វើ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើកទៅ​លើ​ទឹក​ដី​អ៊ុយក្រែន ​ប៉ុន្តែ​ទី​ក្រុងតេអេរ៉ង់​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់នេះ​។​

ដោយឡែក ​ប្រទេស​អ៊ុយក្រែន​កំពុង​ប្រឈមមុខ​នឹង​រដូវ​រងា​ដ៏​លំបាក ​រីឯ​ទីក្រុងម៉ូស្គូ​អាច​នឹង​ងាក​ទៅរក​ការ​ប្រើប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​ នៅពេល​ដែលខ្លួន​បាន​ចាញ់​នៅ​ក្នុង​សមរភូមិ។​ យ៉ាងណា​ក៏​ដោយ ​សហ​រដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​សន្យាថា​នឹង​ប្រឈម​មុខ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ។ ​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​រូបនេះ​។

លោក​បន្តថា៖ ​«ការ​ឈ្លានពាន​របស់រុស្ស៊ី​ ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូ​វពិភព​លោក​មួយ​ដែល​ផ្តាច់ការ ​និង​ចលាចល ហើយ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកយើង​ទាំងអស់​គ្នា​ចង់​រស់​នៅនោះទេ​»៕

វីដេអូ​៖