ក្រសួង​ការ​ពារជាតិ​ចិន​លើក​ឡើង​នៅថ្ងៃ​អាទិត្យថា ​ខ្លួន​បើក​ចំ​ហ​សម្រាប់​កិច្ច​ប្រជុំជា​មួយ​រដ្ឋមន្ត្រី​ការ​ពារជាតិ​សហ​រដ្ឋ​អាមេរិក​នៅ​ខាងក្រៅ​វេទិកា​សន្តិសុខ​ថ្នាក់​តំបន់​ដែល​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះ។ ​ការ​ប្រកាស​បែបនេះ ជា​សញ្ញា​នៃកា​រ​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ បន្ទាប់​ពី​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង២​ បាន​ជួបគ្នា​ក្នុង​កិច្ច​ប្រជុំ G20​ នៅ​ឥណ្ឌូនេស៊ី​ កាលពី​សប្ដាហ៍​មុន​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន ​លោក ​Wei Fenghe ​និង​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​ លោក ​Austin Lloyd ​បាន​ប្រកាស​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​ពីគ្នា​ថា​ ពួកគេ​ នឹង​មានវត្ត​មាន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិអាស៊ាន​ ដែល​មាន​កម្ពុជា​ជាម្ចាស់ផ្ទះ​ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ប្រធាន​អង្គប្រជុំ​។

ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​ចិន​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ស្រង់សម្តី​ របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ ពារ​ជាតិ​ចិន​លោក​ Tan Kefei​ ដែល​លើក​ឡើងថា៖​ «ប្រទេស​ចិន​បើក​ចំហ​សម្រាប់​កិច្ច​សន្ទនា​ជា​មួយ​ភាគី​អាមេរិក​»។

ប្រទេស​ចិន​បាន​បញ្ឈប់​ការ​សន្ទនា​ជា​ទៀងទាត់​រវាង​មេ​បញ្ជាការ​យោធា​ចិន​អាមេរិក​ នៅ​ក្នុង​ខែ​សីហា ​ដើម្បី​សង​សឹក​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​សភា​អាមេរិក​ Nancy Pelosi ​ទៅកាន់​កោះតៃវ៉ាន់។ ​ប្រសិន​បើ​មាន​ជំនួប​រវាង​ភាគី​ទាំង២​ នៅ​កម្ពុជា​មែននោះ​ ជំនួបនេះ​ជា​ជំនួប​ដំបូង​បំផុត​របស់​មេដឹកនាំ​យោធាចិន​អាមេរិក​ បន្ទាប់​ពីខ​ក ខាន​អស់រយៈ​ពេល​ជាង​ ៣​ខែ​មក​នោះ។​

ប្រទេស​ចិន​ ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន​ ខណៈ​ដែល​អាមេរិក​នៅ​តែ​បង្ហាញ​ជំហរ​ការពារ​តៃវ៉ាន់​ប្រសិន​ណា​ចិន​ហ៊ាន​ប្រើប្រាស់​កម្លាំង​ទ័ព​សង្គ្រប់​យក​ដែន​ដីកោះ​មួយនេះ​។​

នៅខាង​ក្រៅកិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម ប្រទេស​G 20 នា ប្រទេស ឥណ្ឌូនេ ស៊ី​កាល​ពី​សប្តាហ៍មុន​ លោក​ប្រធានា​ធិបតី ចិន ​Xi ​Jinping​ និង​ប្រធានា​ធិបតី​អាមេរិក​លោក ​Joe Biden​ បាន​ជួប​ប្រជុំ​ទល់​មុខ​គ្នាជា​លើក​ដំបូង​ ចាប់​តាំងពី​ចូ បៃដិន​ ចូល​កាន់​តំណែង​ជា​ប្រធាធិបតី​អាមេរិក​នៅដើម​ឆ្នាំ ២០២១ ។​

ទំនាក់​ទំនង​រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ជាង​គេទាំង ២​ នេះ បាន​ធ្លាក់​ចុះក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ​តាម​រយៈ​សង្គ្រាម​ពាណិជ្ជកម្ម​ ការ​រិះគន់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅចិន​ និង​បញ្ហា​ដែនដី​តៃវ៉ាន់​ដែលចិន​ចាត់ទុកថា​ជា​បន្ទាត់​ក្រហម​មិន​អាច​ប៉ះ​បាន​៕