ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ប្រទេស​ហ្គីណេ​អេក្វាទ័រ​ បាន​បើក​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​ ២០ ខែ​វិច្ឆិកា​នេះ ដោយ​លោក​ប្រធានា ធិបតី Teodoro Obiang Nguema ​សង្ឃឹម​ថា ​នឹង​ឈ្នះ​ឆ្នោត ​ឈាន​ទៅ​បន្ត​តំណែង​ ដែល​លោក​កាន់​កាប់​អស់​រយៈ​ពេល​ ៤៣ ​ឆ្នាំ​ត​ទៅ​មុខ​ទៀត​។

លោក Teodoro Obiang Nguema វ័យ ​៨០ ​ឆ្នាំ គឺ​ជា​ប្រធានា​ធិបតី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក​។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​ ២០២២ ​នេះ លោក​ត្រូវ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ជាមួយ​បេក្ខភាព​ប្រឆាំង ​២ ​នាក់ ​ក្នុង​នោះ​រួម​មាន​លោក Buenaventura MonsuyAsumu​ ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​៦ ​អាណត្តិ​ប្រណាំង​នឹង​លោក Obiang ចំណែក​បេក្ខភាព​ម្នាក់​ទៀតគឺ​លោក Andrés Esono Ondo​ ដែល​ទើប​ឈរឈ្មោះ​ជា​លើក​ដំបូង​។

ប្រទេស​ហ្គីណេ​អេក្វាទ័រ​ មាន​ចំនួន​ប្រជាជន​គ្រប់​អាយុ​បោះ​ឆ្នោត​ចំនួន ​៤​ សែន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន​ ១​លាន ​៥​សែន ​នាក់​។​ប្រជាជន​គ្រប់​អាយុ​​ទាំង​ជាង ៤​សែន ​នាក់​នេះ ​នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​ជាន់​ទាប​ចំនួន ១០០ នាក់, សមាជិក​ព្រឹទ្ធ​សភា​ចំនួន ​៧០ ​នាក់, និង​គណៈអភិបាល​នៅ​ក្នុង​តំបន់។

បើ​តាម​អ្នក​សង្កេត​ការណ៍​ លោក Teodoro Obiang Nguema ​នឹង​ឈាន​ទៅឈ្នះ​ការ​បើ​ឆ្នោត​លើក​នេះ ​ដូច​ការ​បោះ​ឆ្នោត​លើក​មុន​ៗ​ដែរ។​ ការ​ស្ទង់​មតិ​របស់​អ្នក​សង្កេត​ការណ៍​បង្ហាញ​ថា ​លោក ​Teodoro ​Obiang ​Nguema​ នឹង​ឈ្នះ​ឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន​​លើស​លប់​រហូត​ដល់​ទៅ​ជាង​ ៩០ ​ភាគរយ​ឯ​ណោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា ​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បោះ ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ប្រទេស​ហ្គីណេ​អេក្វា​ទ័រ​ ហើយ​បាន​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​លើ​របាយការណ៍​នៃ​ការ​យាយី​និង​ការ​បំភិត​បំភ័យទៅ​លើ​ក្រុម​ប្រឆាំង​ និង​ក្រុម​សង្គមស៊ីវិល។ ​រដ្ឋាភិបាល​ហ្គីណេអេក្វាទ័រ ​បាន​ច្រាន​ចោល​ក្ដី​ព្រួយ​បារម្ភ​របស់​អាមេរិក ​និង​សហភាព​អឺរ៉ុបនេះ​និង​ចាត់​ទុក​ថា វា​ជា​ការ​ជ្រៀតជ្រែក​ក្នុង​ដំណើរ​ការ​បោះឆ្នោត​របស់ខ្លួន​។

សូម​ជម្រាប​ថា ចាប់​តាំងពី​ទទួល​បាន​ឯករាជ្យ​ពេញ​លេញ​ពី​ប្រទេស​អេស្ប៉ាញ​នៅ​ឆ្នាំ​ ១៩៦៨ ​មក​ ប្រទេស​ហ្គីណេ​អេក្វាទ័រ​មាន​ប្រធានាធិបតី​តែ ​២​ នាក់​គត់ គឺ​លោក Francisco Macias Nguema ​និង​លោក Teodoro Obiang Nguema។ លោក Francisco Macias Nguema ដែល​ត្រូវ​ជា​ពូ​របស់​លោក Obiang ​ ត្រូវ​បាន​លោក Obiang ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ចេញ​ពី​តំណែង​នៅ​ក្នុង​ឆ្នាំ​ ១៩៧៩​ ៕​