ប្រទេស​ចិន​នៅ​ថ្ងៃអាទិត្យ ​ទី ២០​ វិច្ឆិកា​ បាន​ប្រកាស​ពី​ករណី​ស្លាប់​ថ្មី​ដំបូង​នៃ​ជំងឺ​កូវីដ ១៩ ​ក្នុង​រយៈពេល​ជិតកន្លះ​ឆ្នាំ​។ សេចក្តី​ប្រកាសនេះ​ ធ្លាក់​មក​នៅ​ខណៈ​ដែល​វិធានការ​រឹត​បន្តឹងថ្មីៗ​ត្រូវ​បាន​ដាក់​ក្នុង​ទី​ក្រុងប៉េកាំង​ និង​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះឡើង​ថ្មីទៀត​នៃ​ជំងឺ​កូវីដ។

ករណីស្លាប់​របស់​បុរស​ចំណាស់​វ័យ​ ៨៧ ​ឆ្នាំ ​ដែល​ជា​អ្នក​រស់​នៅក្នុង​ទី​ក្រុង​ប៉េកាំង​នេះ​ គឺជា​សេចក្តី​រាយការណ៍​ដំបូង​ដោយ​គណៈកម្មការ​សុខភាព​ជាតិ​ចិន​ រាប់​ចាប់​តាំង​ពី​ថ្ងៃទី​២៦ ​ខែ​ឧសភា​ ដែល​នាំឱ្យ​ចំនួន​អ្នកស្លាប់​សរុបដោ​យកូវីដ​នៅក្នុង​ប្រទេស​ចិន​ កើន​ឡើង​ដល់​៥​២២៧​នាក់​។ ​ករណី​ស្លាប់​មុននេះ​ត្រូវ​បាន​អាជ្ញាធរ​ ប្រកាស​នៅក្នុង​ទី​ក្រុង​សៀងហៃ។

អត្រា​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​១​ដូស​សរុប ​នៅក្នុង​ប្រទេស​ចិន​មាន​ចំនួន​ជាង ​៩២%​ហើយ​ក្នុង​ចំណោម​នោះ​គេ​ប៉ាន់​ស្មានថា ​មនុស្ស​ចាស់​មិន​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ច្រើននោះ​ទេ​ជា​ពិសេស​អ្នក​ដែលមាន​អាយុ​ចាប់​ពី ​៨០ ឆ្នាំ​ឡើង​។ ​គណៈ​កម្មការ​សុខភាព​ជាតិ​ចិន ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះទេ​អំពី​ស្ថានភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​អ្នក​ស្លាប់។

ចំនួន​មនុស្ស​ចាស់​ចាក់​វ៉ាក់សាំង​ទាបនេះ ​ត្រូវបាន​គេចាត់​ទុកថា​ជា​ហេតុផល​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​អនុវត្ត​វិធានការ​បិទ​ព្រំដែន​របស់​ខ្លួន​ភាគច្រើន​ហើយ​ និង​កំពុង​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ហ្សេរ៉ូ​កូវីដ​ដ៏​តឹងរ៉ឹង​ មាន​តាំងពី​ការ​ចាក់​សោ​បិទខ្ទប់​ការ​ធ្វើ​ចត្តា​ឡី​ស័ក​ការ​តាម​ដាន​ករណី​ឆ្លងនិង​ការ​ធ្វើ​តេស្តទ្រង់​ទ្រាយ​ធំ ​ទោះបីជា​វិធានការ​នេះ​ មាន​ផល​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​សេដ្ឋកិច្ច​ និង​ជំរុញ​ឱ្យ​ មាន​ការ​កើនឡើង​នៃ​កំហឹង​របស់​សាធារណជន​ចំពោះ​អាជ្ញាធរ​ក៏​ដោយ​។

រយៈ​ពេលជិត​ ៣ឆ្នាំ​នៃ​ការ​រាតត្បាត​ជំងឺកូវីដ​ នៅពេល​ដែល​ពិភព​លោក​ទាំងមូល​បានបើក​ចំហព្រំ​ដែន​យ៉ាង​ទូលំ​ទូ លាយ​ ចិននៅ​តែបិទ​ព្រំដែន​របស់ខ្លួន​ភាគច្រើន ​និង​រារាំង​ការធ្វើ​ដំណើរ​សូម្បីតែ​នៅក្នុង​ប្រទេស​ បើទោះ​បីជា​វិធានការ​នេះ​ធ្វើឱ្យ​ ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​ចិនកើន​ឡើង​ក៏ដោយ។

នៅក្នុង​រដ្ឋធានី​ប៉េកាំង​ ប្រជាជន ​ត្រូវ​បាន​រដ្ឋ​អំណាច​ប្រាប់​កុំឱ្យ​ធ្វើ​ដំណើរ​ទៅមក​សង្កាត់​ក្នុង​ទីក្រុង​ហើយ​ភោជនីយ​ដ្ឋាន​ហាង​ផ្សារ​ទំនើប​អគារ​ការិយាល័យ ​និង​ប្លុកផ្ទះ​ល្វែង​មួយ​ចំនួនធំ ​ត្រូវ​បាន​បិទ​ ឬ​ ដាក់នៅ​ដាច់​ដោយ​ឡែក៕