សារ​ព័ត៌មាន​ CNA ​ផ្សាយថា​ទេសាភិបាល​ធនាគារ​កណ្តាល​ (BI)​ ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ប្រាប់​សភាថា​ កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ឥណ្ឌូនេស៊ី​អាចនឹង​មាន​ប្រមាណ ​៤,៣៧​%​ នៅឆ្នាំ​ក្រោយ ខណៈ​ដែល​ពី​ពេល​មុនមក​ប្រទេសនេះ​រំពឹងថា​ សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​មាន​កំណើន​ចន្លោះ​ពី ៤,៥​% ទៅ ៥,៣%​ ។

ទេសា​ភិបាល​ធនាគារ​កណ្ដាល​ឥណ្ឌូនេស៊ី​ លោក ​Perry Warjiyo ​បាន​ផ្តល់ ​ការ​ព្យាករលើ​កំណើន​សេដ្ឋកិច្ចនេះ​នៅពេល​ដែល​តំណាង​ធនាគារ​កណ្ដាល​ឡើង​ទៅ​ការពារ​សេចក្ដី​ព្រាង​ថវិកា​របស់​ខ្លួន​សម្រាប់​ឆ្នាំ ​២០២៣​ នៅ​ចំពោះ​មុខ​ការ​សួរ​ដេញ​ដោល​​របស់​រដ្ឋ​សភា​នៅថ្ងៃទី​ ២១​ ខែវិច្ឆិកា​។ ​លោក ​Warjiyo​ បាន​និយាយ​ថា​៖​ «ការ​ព្យាករសូចនាករ​សេដ្ឋកិច្ច​មាន​ភាព​លំបាក​ដោយ​សារតែសេដ្ឋ​កិច្ច​ពិភព​លោក​ប្រែប្រួល​»​។

ក្នុងជំនួប​ជា​មួយ​រដ្ឋសភា​នោះ​លោក​ក៏​បាន​ផ្តល់​ការព្យាករអតិផរណា​ដែល​រក​ឃើញថា​មាន​ប្រមាណ ​៦,១១% សម្រាប់ចុងឆ្នាំ២០២២ និង ៣,៦១%​ នៅ​ឆ្នាំ២០២៣​។

កាល​ពី​សប្ដាហ៍មុន​ធនាគារកណ្ដាល​ឥណ្ឌូនេស៊ី​រំពឹងថា​ប្រទេសនេះ នឹង​មាន​​អត្រា​អតិផរណា​ ៥,៦​% នៅចុងឆ្នាំ​នេះ។ ទោះជាយ៉ាងណាមេធនាគារជាតិរូបនេះ មិនបានពន្យល់ ពីមូលហេតុដែលតួលេខខុស​គ្នាទេចំពោះបញ្ហានេះ។

កាល​ពីសប្តាហ៍មុន ធនាគារកណ្ដាលឥណ្ឌូនេស៊ី បានដាក់​ចេញគោល​នយោបាយសំខាន់ៗ​​របស់ខ្លួនក្នុងគោលបំណងកាត់បន្ថយអត្រាអតិផរ​ណាដែលមន្ត្រីជាន់ខ្ពស់ របស់​ស្ថាប័ននេះបាននិយាយ​ថា «ខ្ពស់ពេក»។

អត្រាអតិផរណារបស់ប្រទេសឥណ្ឌូនេស៊ី​ មាន​ចំនួន​ ៥,៧១ ​ភាគ​រយ​នៅក្នុង​ខែ​តុលា​ ប៉ុន្តែ​ខណៈ​ដែល​ខែ​កញ្ញា ​អតិផរ​ណា​មាន​កម្រិត​ ៥,៩៥%​​ ​ដែល​ឈាន​ដល់​កៀក​នឹង​អត្រា​ខ្ពស់​បំផុត​កាល​ពី ​៥ ឆ្នាំមុន។​ ធនា​គារ​កណ្ដាល​ឥណ្ឌូ​នេស៊ី​ បាន​ដាក់​គោល​ដៅ​ធ្វើ​យ៉ាងណា ឱ្យ​អតិផរ​ណា​នៅ​ប្រទេស​នេះ​ស្ថិត​នៅ​ចន្លោះ​ពី ​២% ទៅ ៤​%៕