កាលពីថ្ងៃអាទិត្យ ទី ២០ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជប៉ុន លោក Minoru Terada បានលាលែងពីតំណែង ដោយសារការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវថវិកា។ ត្រឹមរយៈពេលមិនទាន់បាន ១ ខែផង លោកបានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីទី៣ ហើយដែលបានចាកចេញពីតំណែងមន្ត្រីជាន់ខ្ពស់ជប៉ុន។ ការណ៍នេះ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរចំពោះការគាំទ្រនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា(Fumio Kishida)។
តាមរយៈការវាយតម្លៃចំនួនអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រី គីស៊ីដា បានធ្លាក់ចុះបន្ទាប់ពីករណីធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) កាល ពីខែកក្កដាកន្លងទៅ។
ព្រឹត្តិការណ៍នោះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច និងព្រះវិហារបង្រួបបង្រួម (Unifcation Church) ដែលជាក្រុមចលនាសាសនាថ្មីមួយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Minoru Terada បានស្នើសុំលាលែងពីតំណែងទៅកាន់លោក គីស៊ីដា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា នាយករដ្ឋមន្ត្រីរូបនេះកំពុងរៀបចំបណ្តេញលោកចេញពីតួនាទីជារដ្ឋមន្ត្រី។ យ៉ាងណាក៏ដោយការិយាល័យរដ្ឋបាលរបស់លោក គីស៊ីដា មិនអាចទាក់ទងបានដើម្បីសុំការអត្ថាធិប្បាយជុំវិញការរាយការណ៍ខាងលើនោះទេ។
លោក Terada ដែលត្រូវបានរិះគន់ចំពោះរឿងអាស្រូវមូលនិធិនៃថវិកាជាច្រើនបានទទួលស្គាល់កំហុសរបស់ខ្លួនថា ក្រុមរបស់គាត់មួយបានបញ្ជូនឯកសារផ្តល់មូលនិធិដែលបានចុះហត្ថលេខាដោយមនុស្សដែលបានស្លាប់ទៅហើយ។ ដោយឡែក លោក គីស៊ីដា បាននិយាយថា គាត់បានទទួលយកការលាលែងពីតំណែងរបស់លោក Terada ដើម្បីផ្តល់អាទិភាពដល់កិច្ចពិភាក្សារបស់សភា រួមមានការពិភាក្សាលើថវិកាបន្ថែមលើកទី២ សម្រាប់ឆ្នាំសារពើពន្ធដែល នឹងបញ្ចប់ក្នុងខែមីនាខាងមុខ។
នៅពេលដែលអ្នកសារព័ត៌មានបានសួរអំពីបញ្ហារដ្ឋមន្ត្រី ៣ នាក់ ហើយដែលបានលាលែងពីតំណែងផ្ទួនៗគ្នាចាប់តាំងពីថ្ងៃទី ២៤ ខែតុលាមក លោក គីស៊ីដា បានឆ្លើយថា៖ «ខ្ញុំពិតជាសុំទោសមែនទែនហើយខ្ញុំមានអារម្មណ៍ថា មានការទទួលខុសត្រូវដ៏ធ្ងន់មួយ»។ លោកក៏បានលើកឡើងផងដែរថា លោកគ្រោងនឹងប្រកាសឈ្មោះអ្នកស្នងតំណែងរបស់លោក Terada ជាផ្លូវការនៅព្រឹកថ្ងៃចន្ទ។ យោងតាមទូរទស្សន៍NHK របស់ជប៉ុនបានរាយការណ៍ថា លោកទំនងជានឹងតែងតាំងលោកTakeaki Matsumoto ដែលជាអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន។
ការចាកចេញពីតំណែងរបស់លោក Terada អាចធ្វើឱ្យនាយករដ្ឋមន្រ្ដីកាន់តែទន់ខ្សោយនៅក្នុងរបៀបដឹកនាំ។ បើពិនិត្យមើលទៅលើការស្ទង់មតិថ្មីៗនេះចំនួននៃការគាំទ្រនៅទាបជាង ៣០ ភាគរយ ដែលជាកម្រិតមួយអាចធ្វើឱ្យពិបាកក្នុងការអនុវត្តរបៀបវារៈនយោបាយរបស់លោក។
បន្ទាប់ពីបានដឹកនាំគណបក្សប្រជាធិបតេយ្យសេរីទៅរកជ័យជម្នះ ពីការបោះឆ្នោតប៉ុន្មានថ្ងៃបន្ទាប់ពីលោកអាបេត្រូវបានគេបាញ់សម្លាប់នៅលើផ្លូវនៃយុទ្ធនាការនោះ លោកគីស៊ីដាត្រូវបានគេរំពឹងថា នឹងបន្តកាន់តំណែងរយៈពេល ៣ ឆ្នាំ ដោយមិនតម្រូវឱ្យមានការបោះឆ្នោតជាតិនោះទេ រហូតដល់ឆ្នាំ ២០២៥។
គួររំឭកផងដែរថា ឃាតករដែលបានបាញ់សម្លាប់លោក អាបេ ធ្លាប់បានលើកឡើងថា ម្តាយរបស់លោកត្រូវបានក្ស័យធនដោយសារតែក្រុមចលនាសាសនានៃព្រះវិហារបង្រួបបង្រួម ហើយលោកបានស្តីបន្ទោសលោក អាបេ ចំពោះការព្យាយាមលើកតម្កើងវិហារមួយនេះ។ យ៉ាងណាមិញ គណបក្សប្រជាធិបតេយ្យសេរីបានទទួលស្គាល់ថា តំណាងរាស្រ្តជាច្រើនរូប មានទំនាក់ទំនងនឹងក្រុមចលនាមួយនេះ ប៉ុន្តែបានបន្ថែមថា មិនមានទំនាក់ទំនងដោយផ្ទាល់ជាមួយស្ថាប័នគណបក្សនោះទេ។
គួររំលេចឡើងផងដែរថា អ្នកបោះឆ្នោតភាគច្រើនក៏មិនបានគាំទ្រចំពោះការសម្រេចចិត្តរបស់លោក គីស៊ីដាក្នុងការរៀបចំពិធីបុណ្យសពលោក អាបេនៅឯចុងខែកញ្ញានោះដែរ។ ដោយឡែកកាលពីថ្ងៃទី ២៤ ខែតុលា រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Daishiro Yamagiwa បានលាលែងពីតំណែង ដោយសារលោកមានទំនាក់ទំនងជាមួយក្រុមសាសនានោះ ប៉ុន្តែលោក គីស៊ីដា នៅតែទទួលរងការរិះគន់ចំពោះអ្វីដែលអ្នកបោះឆ្នោតបានមើលឃើញថាជាការយឺតយ៉ាវ និងមានភាពច្របូកច្របល់ក្នុងការគ្រប់គ្រងស្ថានភាព។
ការខាតបង់ ១ ទៀតនោះ គឺបណ្ដាលមកពីការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yasuhiro Hanashi កាលពីពាក់កណ្តាលខែវិច្ឆិកា។ យ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោក ដែលត្រូវបានគេមើលឃើញថា ជាការទទួលខុសត្រូវចំពោះមុខងាររបស់លោក ជាពិសេសគឺការចុះហត្ថលេខាលើការសម្រេចក្ដីកាត់ទោសប្រហារជីវិតហើយការលាលែងពីតំណែងរបស់លោក Hanashi និងលោក Terada ទំនងជាមានការឈឺចាប់ជាខ្លាំង ដោយសារតែពួកគេជាសមាជិកនៃបក្សពួករបស់លោកនាយករដ្ឋមន្ត្រី គីស៊ីដា ក្នុងគណបក្សប្រជាធិបតេយ្យសេរីជប៉ុន៕