នាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានបដិសេធ ចំពោះការលើកឡើងថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកឱកាសច្រានចោលការសម្រេចដកខ្លួនចេញពីសហភាពអឺរ៉ុប (EU) ឬហៅកាត់ថា Brexit បើទោះបីជាមានការរិះគន់កាន់តែខ្លាំងឡើងពីសាធារណជនប្រឆាំងនឹង Brexit ក៏ដោយ។ លោកបញ្ជាក់បែបនេះ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា។
នាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រការចាកចេញពីសហភាពអឺរ៉ុបរូបនេះ បានប្រាប់បណ្ដាអ្នកជំនួញធុរកិច្ចថា ការរស់នៅខាងក្រៅសហភាពអឺរ៉ុប ទទួលបាននូវអត្ថប្រយោជន៍ និងឱកាសយ៉ាងច្រើនរួចទៅហើយ។ លោកបានលើកឡើងអំពីយន្ដការដាក់សម្ពាធកាន់តែខ្លាំងលើការធ្វើអន្តោប្រវេសន៍ ដែលជាផែនការដ៏សំខាន់នៃកិច្ចព្រមព្រៀង Brexit និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយបណ្ដាប្រទេស នៅអាស៊ី។ លោកបានបន្ថែមថា៖ «ខ្ញុំសុំនិយាយឱ្យបានច្បាស់លាស់អំពីរឿងនេះ គឺថាក្រោមការដឹកនាំរបស់ខ្ញុំ អង់គ្លេសនឹងមិនបន្តទំនាក់ទំនងណាមួយជាមួយអឺរ៉ុប ដែលពឹងផ្អែកលើការអនុលោមតាមច្បាប់របស់សហភាពអឺរ៉ុបទៀតនោះឡើយ»។
គួររម្លឹកផងដែរថា ប្រទេសអង់គ្លេសបានដកខ្លួនចេញពីសមាជិកភាព EU នៅខែមករា ឆ្នាំ ២០២១ បន្ទាប់ពីជម្លោះនយោបាយជាច្រើនឆ្នាំ ចាប់តាំងពីការធ្វើប្រជាមតិលើបញ្ហា Brexit នេះ ក្នុងឆ្នាំ ២០១៦ ដើម្បីបំបែកខ្លួនចេញពីសហគមន៍អឺរ៉ុបមួយនេះ។
ការចាកចេញរបស់អង់គ្លេស ជាការដកខ្លួនចេញពីគោលការណ៍ទីផ្សារតែមួយ និងប្រព័ន្ធគយតែមួយ នៅអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ សេរីភាពធ្វើដំណើរចេញចូលរបស់ពលរដ្ឋអង់គ្លេសទៅកាន់រដ្ឋជាសមាជិក EU និងយុត្តាធិការរបស់តុលាការអឺរ៉ុបលើបញ្ហា ដែលជាប់ពាក់ព័ន្ធជាមួយអង់គ្លេសត្រូវបានបញ្ចប់ជាស្ថាពរ។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង រវាងទីក្រុងឡុងដ៍និងទីក្រុងព្រុចសែល បានរក្សាការដោះដូរពាណិជ្ជកម្មជាមួយរដ្ឋសមាជិកទាំង ២៧ប្រទេស ដោយមិនគិតពន្ធឱ្យនៅដដែល។
ការអត្ថាធិប្បាយរបស់លោក ស៊ូណាក់ ដែលបានធ្វើឡើងតាមរយៈរបាយការណ៍របស់កាសែត Sunday Times បានឱ្យដឹងថា ឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលគ្រោងនឹងដឹកនាំប្រទេសអង់គ្លេសឆ្ពោះទៅរកគន្លងផ្លូវ ដែលដូចគ្នាទៅនឹងទំនាក់ទំនងរវាងប្រទេសស្វ៊ីសជាមួយ EU។
គួរបញ្ជាក់ថា ប្រទេសស្វ៊ីស មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហគមន៍អ៊ឺរ៉ុប តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដែលអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារតែមួយ និងការធ្វើដំណើរចេញចូល ដោយសេរី ដោយគ្រាន់អនុញ្ញាតឱ្យពលរដ្ឋស្វ៊ីសធ្វើការចាយប្រាក់ចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបកាន់តែច្រើន។
យោងតាមរបាយការណ៍ និងការអត្ថាធិប្បាយ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Jeremy Hunt បានឱ្យដឹងថា លោកមានគម្រោងចង់ដកចេញនូវរបាំងពាណិជ្ជកម្ម រវាងអង់គ្លេស និង EU ឱ្យបានកាន់តែច្រើន។ យ៉ាងណាក៏ដោយ លោក Jeremy Hunt គឺជាមន្ត្រីជាន់ខ្ពស់អង់គ្លេសមួយរូប ដែលតែងតែបានបោះឆ្នោតគាំទ្រឱ្យបន្ត នៅក្នុងសមាជិកភាពសហភាពអឺរ៉ុបកន្លងមក។
ទន្ទឹមនឹងនេះ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ក្នុងគណបក្សអភិរក្សនិយមលោក Lain Duncan Smith បានប្រាប់កាសែត The Sun ថា៖ «រដ្ឋាភិបាលត្រូវតែផ្តោតសំខាន់លើអ្វី ដែលខ្លួនត្រូវធ្វើជាជាងការព្យាយាមបើកការជជែកពិភាក្សាគ្នាឡើងវិញអំពីបញ្ហាអឺរ៉ុបនេះ»។
ការប្រតិកម្មដ៏ខ្លាំងក្លានេះ បានធ្វើឱ្យមានការនឹករឭកដល់ភាពចម្រូងចម្រាសគ្នាក្រោយការបោះឆ្នោតប្រជាមតិស្ដីពីការដកខ្លួនចេញពីសហភាពអ៊ឺរ៉ុបរបស់អង់គ្លេស។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចនសុន (Boris Johnson)ដែលជាអ្នកគាំទ្រផែនការចង់បានអង់គ្លេសឱ្យដូចទៅនឹងប្រទេសស្វ៊ីសរបស់លោកស្រី ថឺរីសា ម៉េ(Theresa May)ដែលជាអ្នកកាន់តំណែងមុនរបស់លោក បានសម្រេចបាននូវគម្រោងការ និងចក្ខុវិស័យរបស់លោកជុំវិញបញ្ហាBrexit យ៉ាងជោគជ័យ។
គួររមឹ្លកថា កាលពីឆ្នាំ ២០១៩ លោកបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយបានក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ មកលោកបានសន្យាថានឹងធ្វើឱ្យរឿង Brexit សម្រេចបានជោគជ័យ ខណៈដែលខ្លួនកំពុងមានរឿងក្ដីលែងលះគ្នាជាមួយប្រពន្ធក្នុងឆ្នាំដដែលនោះ។ យ៉ាងណាក៏ដោយបីឆ្នាំក្រោយមកទៀតអង់គ្លេសបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរចំណែកឯការរិះគន់លើកិច្ចព្រមព្រៀងរបស់លោក ចនសុន និងគម្រោង Brexit ទាំងមូលកំពុងមានការកើនឡើងកាន់តែខ្លាំង។
ខណៈដែលអតិផរណាបានបន្តកើនឡើងខ្ពស់ជាច្រើនទស្សវត្សស្របពេលដែលការព្យាករណ៍បង្ហាញថាសេដ្ឋកិច្ចបានធ្លាក់ចុះមិនធ្លាប់មានពីមុន ការស្ទង់មតិថ្មីមួយក៏បានធ្វើឡើងនៅលើគេហទំព័រ YouGov កាលពីសប្តាហ៍មុន។ ជាលទ្ធផល ៥៦% នៃចំនួនអ្នកស្ទង់មតិ បានគិតថាការចាកចេញពីសហភាពអឺរ៉ុបគឺជារឿងមិនត្រឹមត្រូវនោះទេ។ យ៉ាងណាក៏ដោយ ប្រមាណជា ៣២% នៅតែបន្តគាំទ្រការចាកចេញពីសហភាពអ៊ឺរ៉ុប។
ការិយាល័យឃ្លាំមើលថវិកា (OBR) បានវាយតម្លៃថាការចាកចេញពីសហភាពអ៊ឺរ៉ុបបានផ្ដល់ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងលើការធ្វើពាណិជ្ជកម្មអង់គ្លេស។ ការលើកឡើងនេះក៏ទទួលបានការគាំទ្រដោយធនាគារអង់គ្លេសផងដែរ។ការិយាល័យឃ្លាំមើលថវិកាមួយនេះក៏បានធ្វើការស្តីបន្ទោសជុំវិញបញ្ហា Brexitដែលបានបណ្ដាលឱ្យមានការកាត់បន្ថយទំហំពាណិជ្ជកម្មជារួមនិងការធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអ៊ឺរ៉ុប។
ព័ត៌មានសេដ្ឋកិច្ចបានចុះផ្សាយពាសពេញទីក្រុងឡុងដ៍ អំពីការបាត់បង់តម្លៃទីផ្សារភាគហ៊ុនអង់គ្លេសនៅទ្វីបអឺរ៉ុប ដែលជាទីផ្សារភាគហ៊ុនដ៏ធំបំផុតមួយ។ដោយឡែក ក្រុមមេដឹកនាំដែលគាំទ្រ Brexit បានសន្យាថា នឹងខិតខំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជុំវិញពិភពលោករួមទាំងជាមួយនឹងសហរដ្ឋអាមេរិកដែលមានទីផ្សារធំទូលាយ អាចនឹងរកប្រាក់ចំណេញបានច្រើន។ប៉ុន្តែកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ទំនងជាមិនអាចធ្វើឡើងឆាប់ៗនាពេលខាងមុខនោះទេ។
លោកនាយករដ្ឋមន្ត្រី ស៊ូណាក់ បាននឹងកំពុងខ្នះខ្នែងបង្កើតកិច្ចព្រមព្រៀងរវាងអង់គ្លេសជាមួយបណ្តាប្រទេសផ្សេងទៀតប៉ុន្តែក៏ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសាធារណៈជនផងដែរ។កាលពីសប្តាហ៍មុន អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក George Eustice បានលើកឡើងថា កិច្ចព្រមព្រៀងដែលលោកបានជួយសម្របសម្រួលជាមួយអូស្ត្រាលីកាលពីជិតមួយឆ្នាំមុនគឺមិនមែនជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់អង់គ្លេសនោះទេ។លោកបានប្រាប់សមាជិកសភាក្នុងសភាអង់គ្លេសដោយលើកឡើងពីសេរីភាវូបនីយកម្មទីផ្សារសាច់គោនិងសាច់ចៀមថា «ជារួមការពិតនៃបញ្ហានេះគឺថាអង់គ្លេសបានផ្តល់ឱ្យច្រើនពេក ប៉ុន្តែទទួលបានមកវិញតិចតួចប៉ុណ្ណោះ»។
រីឯនៅទីក្រុងប្រ៊ុចសែលវិញ គណៈកម្មការអឺរ៉ុបបានថ្លែងថា «ទំនាក់ទំនងរបស់យើងជាមួយអង់គ្លេសគឺផ្អែកលើកិច្ចព្រមព្រៀងស្ដីពីការចាកចេញរបស់អង់គ្លេសពីសហភាពអ៊ឺរ៉ុបនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការ»។ យោងតាមអ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានឱ្យដឹងថា កិច្ចព្រមព្រៀងបណ្ដោះអាសន្នពាក់ព័ន្ធនឹងម្ហូបអាហារនិងផលិតផលកសិកម្ម គឺជាកិច្ចព្រមព្រៀងឬការផ្តល់ជូនដោយយកគំរូតាមប្រទេសស្វ៊ីស៕
វីដេអូ៖