វេទិកា​វីដេអូ​ខ្លី TikTok បាន​លើកឡើងថា ជា​ពេលវេលា​ដែល​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្លឹមសារ​ដែល​បំពាន​គោលការណ៍​ណែនាំ​របស់ខ្លួន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​អាជ្ញាធរ បាន​ព្រមាន​អំពី​ការកើនឡើង​នូវ​ភាព​តាន តឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បន្ទាប់ពី​ការបោះឆ្នោត មិនទាន់​រក​នាយករ​ដ្ឋ​មន្ត្រី​ឃើញ​។​

​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​សៅរ៍ បានបញ្ចប់​ទៅដោយ​មិន​ធ្លាប់មាន​ពីមុនមក ដោយ​គ្មាន​សម្ព័ន្ធភាព​គូប្រជែង ២ អាច​ទទួលបាន​កៅអី​គ្រប់គ្រាន់​ក្នុង​សភា ដើម្បី​បង្កើត​រដ្ឋាភិបាល​។​

TikTok ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Byte Dance ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖«​យើង​បន្ត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយនឹង​លុបចេញ​នូវ​មាតិកា​ដែល​បំពាន​ណាមួយ​»​។​

TikTok បាន​និយាយថា ខ្លួន​បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ពី​ករណី​បំពាន​ធ្ងន់ធ្ងរ និង​ម្តង​ហើយ​ម្តងទៀត​នៃ​គោលការណ៍​ណែនាំ​របស់ TikTok ចាប់តាំងពី​ពេល​ផ្ដើម​យុទ្ធនា​ការបោះឆ្នោត​។​

​លទ្ធផល​បោះឆ្នោត​នៅ​ម៉ាឡេស៊ី​បង្ហាញថា សម្ព័ន្ធភាព​មួយ​ក្នុងចំណោម​សម្ព័ន្ធភាព​ដែល​សង្ឃឹមថា នឹង​បង្កើត​រដ្ឋា ភិ​បាល​គឺ​ក្រុម​អភិរក្សនិយម​ដែល​ភាគច្រើន​ជា​ជនជាតិ​ម៉ា​ឡេ និង​មូស្លីម​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី Muhy iddin Yassin​។​

​សម្ព័ន្ធភាព​នេះ​រួមបញ្ចូល​ទាំង​គណបក្ស​អ៊ិ​ស្លាម PAS ដែល​បាន​តស៊ូ​មតិ​សម្រាប់​ការបកស្រាយ​យ៉ាង​តឹង​រ៊ឹ​ង​នៃ​ច្បាប់​សាសនា​អ៊ិ​ស្លាម sharia​។​

​មេដឹកនាំ​បក្សប្រឆាំង​ជើងចាស់​លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម ដឹកនាំ​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ដែល​កំពុង​ប្រជែង​ដណ្តើម​អំណាច​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​។​

​អ្នកប្រើប្រាស់ TikTok បាន​បង្ហោះ​វីដេអូ​ខ្លី​ជាច្រើន​ដែល​និយាយ​អំពី​កុបកម្ម​នៅ​រដ្ឋធានី​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៦៩ ដែល​កាលនោះ​មនុស្ស​ប្រហែល ២០០ នាក់ ត្រូវបាន​សម្លាប់​។ ប៉ុន្មាន​ថ្ងៃក្រោយ​មកពី​គណបក្សប្រឆាំង​ដែល​គាំទ្រ​ដោយ​អ្នកបោះឆ្នោត​ជនជាតិ​ចិន​បានធ្វើ​បាតុកម្ម​ទៀតផង​៕