តុលាការកំពូលរបស់ចក្រភពអង់គ្លេស បានសម្រេច កាលពីថ្ងៃពុធថា ស្កុតឡេនមិនមានអំណាចធ្វើប្រជាមតិថ្មីសុំឯករាជភាពផ្ទាល់ខ្លួន ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេសនោះទេ។ ការវិនិច្ឆ័យនេះ គឺជាជំហានថយក្រោយ សម្រាប់យុទ្ធនាការរបស់រដ្ឋាភិបាលស្កុតឡេន ក្នុងការបំបែកខ្លួនចេញពីចក្រភពអង់គ្លេស។
ប្រធានតុលាការកំពូល លោក Robert Reed បានថ្លែងថា ចៅក្រមទាំង ៥ នាក់ បានសម្រេចជាឯកច្ឆន្ទ ក្នុងសាលក្រមនេះ។ ការសម្រេចនេះ ធ្វើឡើងរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីមេធាវីសម្រាប់រដ្ឋបាលស្កុតឡេន ដែលទាមទារឯករាជ្យ និងរដ្ឋាភិបាលអភិរក្សនិយមចក្រភពអង់គ្លេស បានជជែកតវ៉ារឿងក្តីរបស់ខ្លួន នៅសវនាការ នាទីក្រុងឡុងដ៍។
សូមបញ្ជាក់ថា រដ្ឋាភិបាលពាក់កណ្ដាលស្វយ័តស្កុតឡេន មានគម្រោងចង់ធ្វើប្រជាមតិ នៅខែតុលា ឆ្នាំក្រោយថា តើស្កុតឡេនគួរតែជាប្រទេស មានឯករាជភាពផ្ទាល់ខ្លួន ឬយ៉ាងណា។ យ៉ាងណាមិញ រដ្ឋាភិបាលចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍ បានបដិសេធមិនអនុម័តផែនការនេះ ដោយលើកឡើងថា ប្រជាមតិដូច្នេះ បានធ្វើឡើងម្ដងរួចមកហើយ ក្នុងឆ្នាំ២០១៤ ដែលកាលនោះ ប្រជាជនស្កុតឡេនភាគច្រើន បានបោះឆ្នោតគាំទ្រលើការបន្ត នៅជាមួយចក្រភពអង់គ្លេស ពោលគឺមានរហូតដល់ ៥៥% ទល់នឹង ៤៥% ដែលចង់ផ្ដាច់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលគាំទ្រឯករាជភាព នៅក្រុងអឺឌិនប៊ើក ចង់ធ្វើប្រជាមតិឡើងវិញ ក្រោមហេតុផលថា ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ដែលអ្នកបោះឆ្នោតស្កុតឡេនភាគច្រើន បានជំទាស់ បានផ្លាស់ប្តូរទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចយ៉ាងខ្លាំង។
រដ្ឋមន្ត្រីទី១ របស់ស្កុតឡេន លោកស្រី Nicola Sturgeon បាននិយាយថា លោកស្រីនឹងគោរពសេចក្តីសម្រេចនេះ ប៉ុន្តែនឹងបន្តការតស៊ូ ដើម្បីឯករាជភាព ដោយលើកឡើងថា សិទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសអនាគតផ្ទាល់ខ្លួនរបស់ស្កុតឡេន ស្ថិតក្នុងការជាប់គាំង។ លោកស្រី Sturgeon បានប្រកែកថា លោកស្រីមានអំណាចបែបប្រជាធិបតេយ្យពីប្រជាជនស្កុតឡេន ដើម្បីរៀបចំការបោះឆ្នោតប្រជាមតិថ្មី ដោយសារមានសំឡេងភាគច្រើនគាំទ្រឯករាជភាពនៅសភាស្កុតឡេន។
ក្នុងអំឡុងសវនាការរបស់តុលាការកំពូល កាលពីខែមុន លោកស្រី Dorothy Bain មន្ត្រីច្បាប់កំពូលរបស់រដ្ឋាភិបាលស្កុតឡេន បានផ្ដល់អំណះអំណាងថា សមាជិកសភាស្កុតឡេនភាគច្រើន ត្រូវបានប្រជាជនបោះឆ្នោតឱ្យ ដោយមើលទៅការប្តេជ្ញាចិត្ត ដើម្បីធ្វើប្រជាមតិឯករាជ្យថ្មីមួយ។
ប៉ុន្តែមេធាវីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស លោក James Eadie បានអះអាងថា អំណាច ដើម្បីធ្វើប្រជាមតិ គឺស្ថិតនៅលើសភាចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍ ពីព្រោះវាមានសារៈសំខាន់ សម្រាប់ចក្រភពអង់គ្លេសទាំងមូល មិនមែនត្រឹមតែស្កុតឡេនប៉ុណ្ណោះទេ។
តុលាការកំពូលក៏យល់ព្រមលើការលើកឡើងបែបនេះផងដែរ ខណៈដែលលោក Reed បានសង្កត់ធ្ងន់ថា តុលាការមិនត្រូវបានស្នើឱ្យបង្ហាញពីទស្សនៈលើសំណួរនយោបាយ ដែលថា តើស្កុតឡេន គួរតែបានក្លាយជាប្រទេសឯករាជ្យ ឬយ៉ាងណា ក៏ដោយ»។
គួរកត់សម្គាល់ផងដែរថា ការស្ទង់មតិផ្សេងៗគ្នា បង្ហាញថា ប្រជាជាតិស្កុតឡេន មានការបែកចែក ជុំវិញពីការផ្ដាច់ខ្លួនចេញពីចក្រភពអង់គ្លេស ដោយអ្នកបោះឆ្នោតភាគច្រើនមិនចង់ធ្វើប្រជាមតិថ្មី នៅពេលណាមួយឆាប់ៗនោះទេ។ នេះបើយោងតាមការស្រង់ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AP។
ប្រទេសស្កុតឡេន និងអង់គ្លេស បានឯកភាពគ្នាផ្នែកនយោបាយចាប់តាំងពីឆ្នាំ១៧០៧ ហើយស្កុតឡេនមានសភា និងរដ្ឋភិបាលផ្ទាល់ខ្លួន តាំងពីឆ្នាំ១៩៩៩ ដោយបានបង្កើតគោលនយោបាយផ្ទាល់ខ្លួនលើសុខភាពសាធារណៈ ការអប់រំ និងបញ្ហាផ្សេងៗទៀត។ ចំណែករដ្ឋាភិបាលចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍វិញ គ្រប់គ្រងបញ្ហាទូទៅធំជាងនេះ ក្នុងនោះមានដូចជាវិស័យការពារជាតិ និងគោលនយោបាយសារពើពន្ធជាដើម៕