ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ដ៏មានឥទ្ធិពល គឺលោកស្រី គីម យូជុង នៅថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែវិច្ឆិកានេះ បានថ្លែងបរិហារប្រធានាធិបតី និងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង ថា «ល្ងង់លេលា» ចំពោះការពិចារណាដាក់ទណ្ឌកម្មបន្ថែមលើក្រុងព្យុងយ៉ាង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។
លោកស្រី គីម យូជុង បានថ្លែងថា ការដាក់ទណ្ឌកម្ម ឬសម្ពាធ នឹងបង្កកំហឹង និងអរិភាពបន្ថែមពីកូរ៉េខាងជើង។ ការព្រមានបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងត្បូងបានអះអាងថា ខ្លួនកំពុងពិនិត្យមើលការដាក់ទណ្ឌកម្មឯកតោភាគីបន្ថែមលើក្រុងព្យុងយ៉ាង ចំពោះការបាញ់មីស៊ីលផ្លោងថ្មីៗនេះ ហើយក៏នឹងពិចារណាផងដែរ លើការដាក់ទណ្ឌកម្ម និងបញ្ឈប់ការវាយប្រហារតាមអុិនធឺណិត ដែលជាប្រភពចំណូលធំមួយរបស់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះធ្វើការញុះញង់ទ្រង់ទ្រាយធំ ដូចជាការសាកល្បងនុយក្លេអ៊ែរជាដើម។
លោកស្រី គីម យូជុង បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំឆ្ងល់ថា តើការដាក់ទណ្ឌកម្មអ្វីទៅ ដែលកូរ៉េខាងត្បូង ដែលមិនខុសពីសុនខព្រៃរត់ពាំឆ្អឹងអាមេរិកបោះឱ្យនោះ ដាក់លើកូរ៉េខាងជើងទាំងមិនគិតនោះ។ គួរឱ្យចាប់អារម្មណ៍មែន»។
មិនត្រឹមតែប៉ុណ្ណោះ លោកស្រី គីម យូជុង ថែមទាំងបានហៅប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊ុក យ៉ូល និងមន្ត្រីរដ្ឋបាលរបស់លោកថា ជា «ពួកល្ងង់លេលា ដែលបន្តបង្កើតស្ថានភាពដ៏គ្រោះថ្នាក់» ទៀតផង។ លោកស្រីបន្ថែមថា កូរ៉េខាងត្បូង «មិនមែនជាគោលដៅរបស់យើងទេ» នៅពេលលោក មូន ជេអុីន នៅកាន់អំណាចនៅឡើយ។
ប្អូនស្រីលោក គីម ជុងអ៊ុន ដដែល បន្តថា៖ «យើងព្រមានពួកមិនចេះគិត និងពួកល្ងង់លេលាម្ដងទៀតថា ការដាក់ទណ្ឌកម្ម និងសម្ពាធដ៏ត្រដាបត្រដួសរបស់សហរដ្ឋអាមេរិក និងឧបាយកលរបស់កូរ៉េខាងត្បូងប្រឆាំងនឹង (កូរ៉េខាងជើង) នឹងបន្ថែមថាមពលដល់អរិភាព និងកំហឹង»។
លោកស្រី គីម យូជុង មានតំណែងផ្លូវការជាអនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករ ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង។ ប៉ុន្តែគិញសម្ងាត់របស់កូរ៉េខាងត្បូងជឿថា លោកស្រី គឺជាបុគ្គលដ៏មានឥទ្ធិពលបំផុតទី២ របស់កូរ៉េខាងជើង បន្ទាប់ពីលោក គីម ជុងអ៊ុន និងទទួលបន្ទុកលើការគ្រប់គ្រងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ការព្រមានបែបមាក់ងាយ នៅថ្ងៃព្រហស្បតិ៍នេះ មិនមែនជាលើកទី១ ទេ ប៉ុន្តែវាធ្វើឡើងនៅខណៈដែលអ្នកវិភាគរំពឹងថា កូរ៉េខាងជើងនឹងបង្កើនភាពតានតឹងផ្នែកយោធាបន្ថែមទៀត នៅលើឧបទ្វីបកូរ៉េ ដោយសារលោកស្រី គីម យូជុង ទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងមានឥទ្ធិពលមួយចំនួនលើយោធារបស់ប្រទេសខ្លួន។
កាលពីខែមុន កូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មលើបុគ្គលកូរ៉េខាងជើងចំនួន ១៥ នាក់ និងអង្គភាពចំនួន ១៦ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ វាគឺជាការដាក់ទណ្ឌកម្មឯកតោភាគីលើកដំបូងរបស់ទីក្រុងសេអ៊ូលលើកូរ៉េខាងជើងក្នុងរយៈពេល ៥ ឆ្នាំមកនេះ ប៉ុន្តែអ្នកជំនាញនិយាយថា ទណ្ឌកម្មទាំងនោះភាគច្រើនជាជំហាននិមិត្តរូបមួយ ដោយសារតែកូរ៉េទាំង២ មានទំនាក់ទំនងហិរញ្ញវត្ថុតិចតួច។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងថា ការជំរុញរបស់ទីក្រុងសេអ៊ូល ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត លើការបង្ក្រាបសកម្មភាពអុិនធឺណេតខុសច្បាប់របស់កូរ៉េខាងជើង អាចធ្វើឱ្យមានការខឹងសម្បាពីក្រុងព្យុងយ៉ាង និងធ្វើឱ្យខូចប្រភពហិរញ្ញវត្ថុ ដែលផ្គត់ផ្គង់កម្មវិធីផលិតអាវុធរបស់ប្រទេសនេះ៕
វីដេអូ៖