
ប្រជាជនចិនតម្រង់ជួររង់ចាំធ្វើតេស្តរកមេរោគកូវីដ ១៩ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ២០ ខែវិច្ឆិកា។ រូបថត AFP
ទោះបីជាមានការអនុវត្តវិធានការរឹតត្បិតខ្លាំងយ៉ាងណាក៏ដោយ ក៏ករណីឆ្លងកូវីដប្រចាំថ្ងៃនៅក្នុងប្រទេសចិន នៅតែអាចកើនចំនួនបានដដែល។ បើតាមទិន្នន័យផ្លូវការបង្ហាញនៅព្រហស្បតិ៍ ទី ២៤ វិច្ឆិកា ចំនួនករណីឆ្លងកូវីដថ្មីរបស់ចិនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន តាំងពីជំងឺរាតត្បាតចាប់ផ្តើមមក។
ប្រទេសចិន កាលពីថ្ងៃពុធ បានកត់ត្រាករណីឆ្លងកូវីដក្នុងស្រុកចំនួន ៣១ ៤៥៤ ករណី ក្នុងនោះមាន ២៧ ៥១៧ ជាករណីគ្មានរោគសញ្ញា។ នេះបើតាមតួលេខរបស់ការិយាល័យសុខភាពជាតិនៅទីក្រុងប៉េកាំង។
ករណីឆ្លងកូវីដប្រចាំថ្ងៃនៅចិនបានកើនឡើងនៅក្នុងទីក្រុងជាច្រើន បើទោះបីជារដ្ឋអំណាច នៅកំពុងបន្តអនុវត្តវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់កូវីដក៏ដោយ។ ទីក្រុងជាច្រើនរួមមាន ទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងឆុងឈីង បានរឹតបន្តឹងវិធានការប្រយុទ្ធប្រឆាំងកូវីដបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមមួយនេះ។
នៅខណៈពេលដែលករណីឆ្លងកូវីដកើនឡើងខ្លាំងបែបនេះ ការមិនពេញចិត្តរបស់ប្រជាជនចិន ចំពោះវិធានការទប់ស្កាត់កូវីដដ៏តឹងតែងរបស់អាជ្ញាធរក៏កើនឡើងខ្លាំងដូចគ្នាដែរ។
ការតវ៉ាដោយហិង្សាបានកើតឡើងក្នុងសប្តាហ៍នេះ នៅរោងចក្រ iPhone ដែលជារោងចក្រធំជាងគេក្នុងពិភពលោក ស្ថិតក្នុងទីក្រុង Zhengzhou ប្រទេសចិន។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីកម្មករកំពុងប្រឈមមុខគ្នាជាមួយនឹងប៉ូលិស បន្ទាប់ពីអាជ្ញាធរព្យាយាមបិទរោងចក្រនេះ ក្រោយមានការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ ។
ការតវ៉ានេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រជាជនចិនរស់នៅក្នុងទីក្រុងក្វាងចូវមួយចំនួនបានបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់តឹងរ៉ឹង ដោយពួកគេបានរុះរើរបាំងនានា និងនាំគ្នាដើរដង្ហែតាមផ្លូវ។
គួរបញ្ជាក់ថា ដោយសារតែត្រូវបន្តជាប់គាំងក្រោមវិធានការកូវីដយ៉ាងតឹងតែង កំហឹងរបស់ប្រជាពលរដ្ឋចិនក៏ចាប់ឆាបឆេះឡើងក្រោមហេតុផលសំខាន់ៗដូចជា ពួកគេមិនអាចទទួលបានការថែទាំផ្នែកវេជ្ជសាស្ត្របានភ្លាមៗ ឬធានាបាននូវការផ្គត់ផ្គង់ម្ហូបអាហារ និងការផ្គត់ផ្គង់ផ្សេងៗទៀតគ្រប់គ្រាន់ ឬត្រូវបាត់បង់ការងារ និងប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិត៕