
គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី។ រូបថត AFP
រដ្ឋាភិបាលសិង្ហបុរីនឹងបរិច្ចាគថវិកាចំនួន ១០ ម៉ឺនដុល្លារអាមេរិកដល់កាកបាទក្រហមសិង្ហបុរី (SRC) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋឥណ្ឌូនេស៊ីពីគ្រោះរញ្ជួយដីនៅខេត្តជ្វាខាងលិច បន្ទាប់ពីគ្រោះមហន្តរាយមួយនេះបានកើតឡើងកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២។
ក្រសួងការបរទេសសិង្ហបុរីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែវិច្ឆិកា ថា ការផ្តល់ជំនួយមនុស្សធម៌នេះនឹងបូករួមជាមួយជំនួយរបស់កាកបាទក្រហមសិង្ហបុរីផ្ទាល់ចំនួន ៥ ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត។ ជំនួយនេះនឹងអាចយកទៅប្រើប្រាស់ក្នុងគ្រាដែលមានតម្រូវការបន្ទាន់ពីពលរដ្ឋដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ដូចជាស្បៀងអាហារ ការសង្គ្រោះផ្នែកវេជ្ជសាស្ត្រ និងទីជម្រកសង្គ្រោះបន្ទាន់ជាដើម។
កងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) ក៏បានថ្លែងផងដែរថា ខ្លួនបាននិងកំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ីយ៉ាងយកចិត្តទុកដាក់បំផុត តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍សម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ។ អង្គភាពដដែលនេះបានលើកឡើងថា៖ «កងកម្លាំងការពារជនស៊ីវិលសិង្ហបុរីត្រៀមខ្លួនរួចជាស្រេចក្នុងការចុះជួយស្វែងរកជនរងគ្រោះនៅក្នុងទីក្រុង និងផ្ដល់ជំនួយមនុស្សធម៌ទៀត ប្រសិនបើមានការស្នើសុំពីសំណាក់ប្រទេសឥណ្ឌូនេស៊ី»។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះរញ្ជួយដីនេះកើតឡើងចំកណ្ដាលទីក្រុងស៊ីអានជូ (Cianjur) ស្ថិតនៅចម្ងាយប្រមាណ ៧៥ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ គ្រោះធម្មជាតិដ៏កាចសាហាវនេះបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧២ នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ត្រូវបាត់បង់លំនៅឋាន ដោយត្រូវទៅរស់នៅក្រោមតង់៕