
កប៉ាល់ទេសចរណ៍ Carnival Valor។ ហ្វេសប៊ុក
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយ BBC បានរាយការណ៍ថា អ្នកដំណើរ ដែលបានបាត់ខ្លួនពីនាវាទេសចរណ៍ នៅឈូងសមុទ្រម៉ិកស៊ិក ទទួលបានការជួយសង្គ្រោះហើយ បន្ទាប់ពីបានចំណាយពេលលើសពី ១៥ ម៉ោង នៅក្នុងសមុទ្រ។ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រអាមេរិក។
បុរសវ័យ ២៨ ឆ្នាំ បាននៅក្នុងបារ៍លើកប៉ាល់ទេសចរណ៍ Carnival Valor ជាមួយបងស្រីវ័យ ៤៦ ឆ្នាំរបស់ខ្លួន កាលពីល្ងាចថ្ងៃពុធ ទី ២៣ ខែវិច្ឆិកា ប៉ុន្តែចុងក្រោយមិនបានឃើញត្រឡប់មកវិញនោះទេ បន្ទាប់ពីទៅបន្ទប់ទឹកនៅលើកប៉ាល់ទេសចរណ៍នោះ។
ក្រុមជួយសង្គ្រោះ បានស្វែងរក នៅតំបន់នោះ ហើយបានឃើញបុរសនោះ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ២៤ ខែវិច្ឆិកា ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃរដ្ឋ Louisiana ហើយរូបគេស្ថិតក្នុងស្ថានភាពប្រក្រតីធម្មតា។
លោកអនុសេនីយ៍ឯក លោក Seth Gross ដែលជាឆ្មាំសមុទ្រអាមេរិក បាននិយាយថា បុរសនោះ អាចនៅក្នុងទឹកជាង ១៥ ម៉ោង ដែលជា «រយៈពេលយូរបំផុតដែលខ្ញុំធ្លាប់បានឭមក» ហើយវាជាអព្ភូតហេតុមួយ ក្នុងចំណោមអព្ភូតហេតុមហ ស្ចារ្យទាំងនោះ។
លោក Gross បានប្រាប់ CNN ថា៖ «ករណីនេះមិនដូចអ្វី ដែលខ្ញុំបានឃើញក្នុងអាជីព រយៈពេល ១៧ឆ្នាំរបស់ខ្ញុំនោះទេ ហើយការបញ្ចប់ភារកិច្ចដោយល្អ បានបង្ហាញថា ការតាំងចិត្ត ដើម្បីរស់ គឺជាអ្វី ដែលអ្នកត្រូវគិត ក្នុងករណីស្វែងរក និងជួយសង្គ្រោះ»។
តែទោះយ៉ាងណាក្ដី គេនៅមិនទាន់ច្បាស់ទេថា តើបុរសនោះ ធ្លាក់ចូលទឹក ពីកប៉ាល់ ដែលធ្វើដំណើរទៅទីក្រុង Cotumel ប្រទេសម៉ិកស៊ិក ដោយរបៀបណា?