ខណៈពេល​ដែល​រដ្ឋាភិបាល​ចិន​កំពុង​ប្រឈម​បញ្ហា​ផ្ទៃក្នុង ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ ​១៩ តាម​គោលនយោបាយ «សូន្យកូវីដ» មានការ​កត់សម្គាល់​ឃើញ​ថា រដ្ឋា​ភិបាល​ចិន មានការ​ជ្រៀតជ្រែក​តិចតួច​លើ​កិច្ចការ​បោះឆ្នោត​នៅ​កោះ​តៃវ៉ាន់។

ប្រទេស​ចិន​បានដាក់​ចេញ​នូវ​គោល​នយោបាយ «សូន្យ​កូវីដ» ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ នៅក្នុង​ប្រទេស​ចិន។ តាមរយៈ​គោលនយោបាយ​នេះ អាជ្ញាធរ​តាម​តំបន់ និង​ក្រុង​នានា​របស់​ចិន បាន​អនុវត្ត​វិធីសាស្ត្រ​ដ៏​តឹងរឹង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ ប៉ុន្តែ​ស្ថានភាព​នៃ​ការរីក​រាល នៅ​ប្រទេស​ចិន​នៅតែ​ខ្លាំងក្លា​ដដែល​រហូត​ដល់​បច្ចុប្បន្ននេះ។

សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ នៅ​ថ្ងៃ​អាទិត្យ បាន​បង្ហាញ​ថា ប្រជាជន​ចិន​កាន់តែ​ច្រើន​ឡើង​នៅតាម​ទីក្រុង​នានា​ជាច្រើន ក្រោក​ឡើង​តវ៉ា ចំពោះ​វិធានការណ៍​ដ៏​តឹងរឹង​របស់​អាជ្ញាធរ​ចិន។

ប្រជាជន​នៅ​ទីក្រុង​សៀង​ហៃ នៅ​ព្រឹក​ថ្ងៃអាទិត្យ បាន​តវ៉ា​ទាមទារ​ឱ្យ​លើក​បម្រាម​បិទ​ខ្ទប់​ចេញ។ អគ្គិភ័យ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដែល​បានសម្លាប់​មនុស្ស ១០​ នាក់ នៅក្នុង​អគារ​ខ្ពស់​មួយ ក្នុង​ទីក្រុង Urumqi រដ្ឋធានី​នៃ​តំបន់

Xinjiang បាន​បង្កឱ្យមាន​កំហឹង​ជា​សាធារណៈ។ អ្នកប្រើប្រាស់​អ៊ិនធឺណេត​ជា​ច្រើន បាន​នឹកស្មានថា អ្នកស្រុក​មិនអាច​រត់គេចខ្លួន​ទាន់ពេល​ទេ ដោយសារ​អគារ​នេះ​ត្រូវ​បាន​បិទ​ដោយ​ផ្នែក ប៉ុន្តែ​មន្ត្រី​ក្រុង​បាន​បដិសេធ។

ដោយ​សារ​តែ​បញ្ហា​ផ្ទៃ​ក្នុងនេះ គេ​កត់សម្គាល់​ថា ប្រទេស​ចិន​បាន​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​របស់​តៃវ៉ាន់​តិចតួច​ណាស់ ក្នុង​ដំណាក់កាល​នេះ។

ទីភ្នាក់ងារ​ព័ទ៌មាន​រ៉យទ័រ​បាន​ផ្សាយ​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​តៃវ៉ាន់ លោក Joseph Wu បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា តៃវ៉ាន់​កំពុង​មើលឃើញ​ការជ្រៀតជ្រែក​របស់​ចិន​តិចជាង​មុន នៅមុន​ការបោះឆ្នោត​ក្នុងស្រុក ប្រហែលជា​ដោយ សារតែ​បញ្ហាក្នុងស្រុក​របស់​ចិន​ផ្ទាល់ និង​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការកែលម្អ​មុខមាត់​អន្តរ​ជាតិ​របស់ខ្លួន៕