ក្រុម​អ្នក​ជួយសង្គ្រោះ​អ៊ីតាលី កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​រាប់សិប​នាក់ នៅលើ​កោះ Ischia ភាគខាងត្បូង​បន្ទាប់​ពី​មាន​ការ​បាក់​ដី​ដ៏​ធំ និង​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ម្នាក់។

រលក​ភក់ និង​កម្ទេចកម្ទី បាន​បោក​បក់​ពេញទី​ក្រុង​តូច​មួយ​នៃ​សហគមន៍ Casamicciola Terme នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ដោយ​បាន​លេប​ត្របាក់​ផ្ទះ​អស់​មួយ​ខ្នង ហើយ​រថយន្ត ត្រូវ​បក់បោក​ចូល​ទៅ​ក្នុង​សមុទ្រ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីតាលី AGI នៅ​ថ្ងៃទី​ ២៧ ខែ​វិច្ឆិកា បាន​ឱ្យដឹង​ថា ក្រុម​អ្នក​ជួយសង្គ្រោះ បាន​រក​ឃើញ​សាកសព​ស្ត្រី​អាយុ ៣១​ឆ្នាំ​ម្នាក់ ខណៈដែល​ការ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ក្នុងស្រុក បាន​រាយការណ៍​ថា មនុស្ស ១៣​នាក់ បាន​រងរបួស នៅក្នុង​ឧបទ្ទវ​ហេតុនេះ។

តាម​មន្ត្រី​ក្នុង​ស្រុក Claudio Palomba បាន​ឱ្យដឹង​ថា មនុស្ស​រាប់សិប​នាក់ នៅតែ​មិនទាន់​បាន​រកឃើញ​នៅឡើយ នា​ថ្ងៃអាទិត្យ​នេះ។ លោក​បាន​និយាយថា មនុស្ស​មួយចំនួន ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​តាំងពី​ពេលនោះ​មក ត្រូវបាន​គេ​រកឃើញ ដោយ​សុវត្ថិភាព រួមទាំង​គ្រួសារ​មួយ ដែលមាន​ទារក​ទើប​នឹង​កើត​ផងដែរ។

លោកស្រី GiorgiaMeloni អ្នក​នយោបាយ​អ៊ីតាលី ដែល​បាន​កាន់តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​នេះ បាន​ចូល​រួម​សោកស្ដាយ និង​បង្ហាញ​ក្ដី​អាណិត​អាសូរ ដោយ​លោកស្រី បាន​ថ្លែងថា លោកស្រី​បាន​ហៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​វិសាមញ្ញ​មួយ កាលពី​ថ្ងៃអាទិត្យ ដើម្បី​ពិភាក្សា​អំពី​គ្រោះ​មហន្តរាយ​នេះ។

លោក Luca Cari អ្នកនាំ​ពាក្យ​សេវា​ពន្លត់​អគ្គិភ័យ បាន​និយាយ​ថា៖ «យើង​ខ្លាច​ថា អាចមាន​ជនរងគ្រោះ​ផ្សេង​ទៀត ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ចំនួន​អ្នកស្លាប់ គឺ​មានតែ​ម្នាក់​ទេ»។

ប្រភព​ដដែល បាន​លើកឡើងថា កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ ត្រូវបាន​រារាំង​ដោយ​ភ្លៀង និង​ខ្យល់​បក់​ខ្លាំង។ វា​ជា​ប្រតិបត្តិ​ការសង្គ្រោះ​ដ៏​ស្មុគស្មាញ។ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បញ្ចេញ​ភក់​ពេញ​ផ្លូវ​នៃ Casamicciola Terme ដែលជា​ការតាំង​ទីលំនៅ ភាគ​ខាងជើង​នៃ Ischia ដែលជា​កោះ​ខៀវស្រងាត់​នៅ​ជិត Capri ដែល​សម្បូរ​ទៅ​ដោយ​អ្នកទេសចរ នៅ​រដូវក្តៅ។

ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ បាន​និយាយ​នៅ​ថ្ងៃ​ដដែល​នេះ​ថា ផ្ទះមួយ​ខ្នង ត្រូវបាន​ជន់​លិច​ដោយ​ភក់ ហើយ​មនុស្ស​ពីរ​នាក់ ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​រថយន្ត ដែល​ត្រូវបាន​ហូរ​ចូល​ក្នុង​សមុទ្រ។

ទីភ្នាក់ងារ​ព័ត៌មាន ANSA បាន​រាយការណ៍​ថា នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​នៃ​ទីក្រុង​នេះ យ៉ាង​ហោចណាស់ ៣០​គ្រួសារ បាន​ជាប់​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ទាំង​គ្មាន​ទឹក គ្មាន​អគ្គិសនី ដោយសារ​មាន​ភក់ និង​កម្ទេចកម្ទី​ផ្សេងៗ បិទ​ផ្លូវ​ជិត៕