សមាជិក​សភា​ បាន​និយាយថា ទារក​ប្រហែល ៤៥ ០០០ ​នាក់ ដែល​កើត​ដោយ​ម្តាយ​ជនជាតិ​រុស្សី​ពពោះ​ជំនួស​ត្រូវបាន​នាំយកទៅ​ក្រៅប្រទេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ រុស្សី​នឹង​អនុម័ត​ច្បាប់​ហាមប្រាម​ជន​បរទេស​មិន​ឱ្យ​ធ្វើ​កិច្ច​សន្យា​ស្ត្រី​រុស្ស៊ី​ធ្វើ​ជា​ម្តាយ​ពពោះ​ជំនួស​ឱ្យ​ពួកគេ​ឡើយ។

លោក Vyacheslav Volodin ប្រធាន​សភា​ជាន់​ទាប​នៃ​សភា​រុស្ស៊ី បាន​ធ្វើ​សេចក្តីប្រកាស​នេះ នៅ​ថ្ងៃទី​ ២៧ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ក្នុង​ទិវា​មាតា​ជាតិ។

ការ​ពពោះ​ជំនួស​ដោយ​បង់ប្រាក់ គឺ​ស្របច្បាប់​នៅក្នុង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ការអនុវត្ត​នេះ ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​សាស នា​ថា ជា​ពាណិជ្ជកម្ម​កំណើត​របស់​កុមារ។ លោក Volodin បាន​និយាយ​នៅលើ​កម្មវិធី​ផ្ញើ​សារ Telegram ថា​៖ «អ្វី​គ្រប់យ៉ាង​ត្រូវតែ​ធ្វើ ដើម្បី​ការពារ​កុមារ​ដោយ​ការហាមឃាត់​ជនបរទេស​ពី​ការប្រើប្រាស់​សេវាកម្ម​ពពោះ​ជំនួស យើង​នឹងធ្វើ​ការសម្រេចចិត្ត​នេះ នៅ​ដើមខែ​ធ្នូ»។

ប្រធានសភា​រូបនេះ បាន​បញ្ជាក់​ទៀត​ថា ទារក​ប្រហែល ៤៥ ០០០​ នាក់ ដែល​កើត​ដោយ​ម្តាយ​ពពោះ​ជំនួស ត្រូវបាន​នាំយក​ទៅ​ក្រៅប្រទេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ លោក​បាន​បន្ថែម​ថា​៖ «ការជួញដូរ​កុមារ គឺ​ជា​ការ​មិន​អាច​ទទួល​យក​បានទេ»។

សមាជិក​សភា​រុស្ស៊ី ​បាន​អនុម័ត​ច្បាប់​នេះ ស្ទើរតែ​ជា​ឯកច្ឆន្ទ ក្នុង​ការអាន​លើកដំបូង​របស់ខ្លួន នៅ​ខែ​ឧសភា។ ប្រសិនបើ​បាន​ឆ្លងកាត់​វគ្គ​ផ្តាច់ព្រ័ត្រ​ទី​៣ នោះ​នឹងត្រូវ​ពិនិត្យឡើងវិញ​ដោយ​សភា​ជាន់ខ្ពស់ ហើយនឹង​ចុះ​ហត្ថលេខា​ចេញ​ជា​ច្បាប់ ដោយ​លោក​ប្រធានាធិបតី Vladimir Putin៕