នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រកាសថា ប្រទេស​ម៉ាឡេស៊ី កំពុង​ពិនិត្យមើល​កម្មវិធី​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​របស់​ខ្លួន ក្នុង​គោល​បំណង​ផ្ដល់ប្រាក់​ទៅ​ក្រុម ដែល​មាន​ចំណូល​ទាប ដោយ​លោក​បាន​កំណត់​អាទិភាព​លើ​ការកើនឡើង​នៃ​ថ្លៃ​ចំណាយ សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ ខណៈ​ដែល​លោក​ចូលកាន់​តំណែង ស្រប​ពេលដែល​កំណើន​សេដ្ឋកិច្ច​មាន​សភាព​យឺតយ៉ាវ។ លោក​និយាយ​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌​មាន នៅ​ថ្ងៃអាទិត្យ ទី ​២៧ ខែ​វិច្ឆិកា។

លោក​ថា មន្ត្រី​ជំនាញ​រដ្ឋាភិបាល មាន​ពេល ២ ​សប្តាហ៍ ដើម្បី​ពិនិត្យឡើងវិញ​នូវ​ផលប៉ះពាល់​នៃ​ការ​បង្រួម​ការឧបត្ថម្ភ​ធន។ ប្រទេស​ម៉ាឡេស៊ី ​ផ្តល់​ការឧបត្ថម្ភ​ធន​ដល់​ប្រជាពល​រដ្ឋ​ទាំងអស់ ដែល​ប្រេង​ឥន្ធនៈ និង​ប្រេង​សម្រាប់​ចម្អិន​អាហារ​ជា​ភាគរយ​ធំ​បំផុត​នៃ​ការចំណាយ។ ម៉ាឡេស៊ី ក៏​ឧបត្ថម្ភ​ធន​ចំពោះ​អគ្គិសនី ស្ករ និង​ម្សៅ​ផងដែរ។

លោក អាន់វ៉ា ដែល​ឡើងជា​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី បន្ទាប់ពី​ការបោះឆ្នោត​ដ៏​ប្រកៀក កាលពី​សប្តាហ៍​មុន​បាន​និយាយ​ថា​៖ «ការឧបត្ថម្ភ​ធន​ត្រូវតែ​កំណត់​គោលដៅ​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ ក្រុម​អ្នកមាន​ទ្រព្យ​សម្បត្តិ​ក៏​ទទួល​ផល​ពី​ការ​ការ​ឧបត្ថម្ភ​ធន​ទាំង​នោះដែរ មិនមែន​ត្រឹមតែ​ក្រុម​ដែលមាន​ប្រាក់ចំណូល​ទាប​ប៉ុណ្ណោះ​ទេ»។

លោក​បាន​បន្តថា ការលើក​ទឹកចិត្ត​ផ្សេងទៀត នឹង​ត្រូវបាន​ពិចារណា សម្រាប់​ឧស្សាហកម្ម ដែល​លែង​ទទួលបាន​អត្ថ​ប្រយោជន៍​ពី​ការឧបត្ថម្ភ​ធន។ លោក អាន់​វ៉ា ចង់​ឱ្យ​មានការ​ពិនិត្យឡើងវិញ​លើ​ការឧបត្ថម្ភ​ធន​អគ្គិសនី ព្រោះ​អត្ថប្រយោជន៍​ដែល​អ្នកក្រ និង​អ្នកមាន​ទទួលបាន​គឺ​ស្ទើរតែ​ស្មើគ្នា។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «តាម​ទស្សនៈ​របស់ខ្ញុំ នេះ​មិន​សម​ហេតុផល​ទេ»។

ខណៈពេល​ដែល​លោក អាន់វ៉ា ផ្តល់​ការ​ធានា​ថា ការ​ឧបត្ថម្ភ​ធន​អគ្គិសនី នឹងត្រូវ​បាន​បន្ត សម្រាប់​ក្រុម​ដែល​មាន​ប្រាក់​ចំណូល​ទាប លោក​បាន​បន្ថែម​ថា ឧស្សាហកម្ម​ធំៗ និង​មាន​ថវិកា​ច្រើន មិនគួរ​ទទួល​បានទេ ព្រោះនេះ​នឹង​ជា​បន្ទុក​ហិរញ្ញវត្ថុ​ដ៏​ធំ​ដល់​រដ្ឋាភិបាល។

លោក​ក៏បាន​ស្នើឱ្យ​ក្រសួង​កសិកម្ម និង​ឧស្សាហ​កម្ម​ម្ហូបអាហារ តាមរយៈ​អាជ្ញាធរ​ទីផ្សារ​កសិកម្ម​សហព័ន្ធ (FAMA) ចាត់វិធានការ ដើម្បី​គ្រប់គ្រង​ថ្លៃដើម​ផលិតកម្ម​ស្បៀង​ទៀតផង។

លោក អាន់វ៉ា កំពុង​អនុវត្តតាម​គោលជំហរ​របស់​រដ្ឋបាល​មុន ដែល​កាលពី​ខែ​មុន បានស្នើ​ថវិកា ក្នុង​ចំនួន​តិចជាង​មុន ដោយ​កាត់បន្ថយ​ការឧបត្ថម្ភ​ធន ដោយសារ​ការកើនឡើង​នៃ​ថ្លៃទំនិញ ហើយ​ដែល​ជះ​ផល​ប៉ះពាល់​ទៅលើ​ការចំណាយ​របស់​រដ្ឋាភិបាល។

ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា នឹងត្រូវ​ចំណាយ​ប្រាក់ ៧៧,៧ ពាន់​លាន​រីងហ្គីត (ប្រហែល ១៧,៤​ ពាន់​លាន​ដុល្លារ) ក្នុង​ឆ្នាំនេះ​លើ​ការឧបត្ថម្ភ​ធន។

លោក អាន់វ៉ា បាន​និយាយ​ថា លោក​នឹង​ពិភាក្សា​អំពី​ការតែងតាំង​គណៈរដ្ឋមន្ត្រី​ជាមួយ​ដៃគូ​ចម្រុះ​របស់​លោក នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ អ្នក​នយោបាយ​វ័យ ៧៥ ឆ្នាំ​រូបនេះ បាន​ស្បថ​ចូលកាន់​តំណែង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​ជា​ចំណុចកំពូល​នៃ​ដំណើរ​នយោបាយ​របស់លោក​រយៈពេល ៣​ ទសវត្សរ៍ ដោយ​ចាប់​ផ្ដើម​ចេញពី​អ្នក​ស្នង​តំណែង​នៃ​ថ្នាក់​ដឹកនាំ​ជើងចាស់ លោក Mahathir Mohamad ទៅជា​មេដឹកនាំ​បាតុកម្ម និង​ទៅ​ជា​អ្នក​ទោស ដែល​ត្រូវបាន​កាត់ទោស​ពីបទ​សេពសន្ថវៈ និង​មេដឹកនាំ​គណបក្សប្រឆាំង។

វិនិយោគិន​បាន​អបអរសាទរ ចំពោះ​ការតែងតាំង​របស់លោក ដោយ​សង្ឃឹមថា លោក អាន់វ៉ា នឹង​នាំមក​នូវ​ស្ថិរភាព បន្ទាប់ពី​ភាពមិនប្រាកដប្រជា​ផ្នែក​នយោបាយ ដោយសារតែ​ផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ត្រី​ដល់​ទៅ ៣ ​នាក់ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ។ ការផ្តោត​សំខាន់​គឺ​នៅលើ​ទិសដៅ​គោលនយោបាយ​របស់​រដ្ឋា​ភិបាល​ថ្មី និង​ការតែងតាំង​គណៈរដ្ឋមន្ត្រី។ លោក អាន់វ៉ា បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា លោក​នឹងមាន​គណៈរដ្ឋមន្ត្រី​តូច​ជាង​រដ្ឋ​បាល​មុន៕