នៅ​ពេល​ដែលរុស្ស៊ី​បង្កើន​ការ​​បាញ់​ប្រហារ​​អ៊ុយក្រែន​ដោយ​ប្រើ​គ្រាប់​មីស៊ីល​ពី​ចម្ងាយ ​និង​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ថាមពល​យ៉ាង​ដំណំ​ ​ប្រទេស​អង់គ្លេស ​ដែល​ជា​ដៃគូ​ផ្តល់​ជំនួយ​យោធា​ដ៏​សំខាន់​ដល់​ប្រទេស​អ៊ុយក្រែន​ និង​ប្រកាស​ពី​ជំហរ​ថា​តើ​ខ្លួន​ត្រូវ​បង្កើន​ជំនួយ​យោធា​ ឬ​​រក្សា​ជំនួយ​នោះ​នៅ​ដដែល​សម្រាប់​ឆ្នាំ​ ២០២៣​។​

សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​អះអាង​ថា​នាយករដ្ឋ​មន្ត្រី​អង់គ្លេស លោក ​រីស៊ី​ ស៊ូណាក់​ (Rishi Sunak) គ្រោង​នឹង​សន្យា​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​រក្សា ឬ​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​នៅ​ឆ្នាំក្រោយ​ និង​ដើម្បី​ប្រឈម​មុខនឹង​ដៃគូ​ប្រកួត​ប្រជែង​អន្តរជាតិ «​មិនមែន​ដោយ​ប្រើ​វោហាស័ព្ទ​ ដ៏​សម្បើម​​ទេ ប៉ុន្តែ​ជា​មួយ​នឹង​ការ​អនុវត្ត​ជាក់​ស្តែង​ដ៏​ខ្លាំង​តែ​ម្តង​»។

ការគាំទ្រ​របស់​រដ្ឋាភិបាល​អង់គ្លេស​សម្រាប់​អ៊ុយក្រែន​មិន​មាន​ការ​ប្រែប្រួល​ឡើយ​ បើ​ទោះបី​ជា​អង់គ្លេស​ប្តូរ​មេដឹកនាំ​ជា​ញឹក​ញាប់​ក្នុង​សម័យ​សង្គ្រាម​នេះ។

សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ បាន​ចាប់​ផ្តើម​ឡើង​ក្នុង​អំឡុង​ពេល​លោក បូរីស​ ចនសុន (Boris Johnson) ​កំពុង​ដឹកនាំ​ប្រទេស​អង់គ្លេស ​ដោយ​នាយករដ្ឋ​មន្ត្រី​រូប​នេះ​បាន​ផ្តល់​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​​ទាំង​​សម្ភារ​យោធា ​ហិរញ្ញវត្ថុ ការ​ទូត​ ដល់​មេដឹកនាំ​អ៊ុយក្រែន​ដឹកនាំ​ដោយ​ប្រធានាធិបតី​ វ៉ុល​ឌីមៀ រ​ហ្សេឡេនស្គី។ ​ដោយសារ​មាន​វិបត្តិ​រដ្ឋាភិបាល​អង់គ្លេស​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ជា​ច្រើន​លាលែង​ពី​តួនាទី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក ​ចនសុន​ ប្រឈម​​វិបត្តិ​និង​ត្រូវ​រុះរើ ហើយ​អង់ គ្លេស​បាន​រក​ឃើញ​នាយក​រដ្ឋមន្ត្រី​ថ្មី​គឺ​លោកស្រី ​Liz Truss ​ដែល​ដឹកនាំ​បាន​ប្រមាណ​៦​សប្តាហ៍​ក៏​ត្រូវ​លាឡេង​ដែលសារ​ការ​ដាក់​ចេញ​នយោបាយ​សេដ្ឋកិច្ច​មិន​សម​ស្រប។ ​អំឡុង​ពេល​ដឹកនាំ​ប៉ុន្មាន​សប្តាហ៍នោះ ​លោកស្រី Liz Truss​ ក៏​បាន​អះអាង​ពី​ភាព​មិន​ប្រែប្រួល​លើ​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ដែរ​។

លោក រីស៊ី​ ស៊ូណាក់ ​បាន​ឡើង​បន្ត​ដឹកនាំ​បក្ស​អភិរក្ស​និយម​ និង​ប្រទេស​អង់គ្លេស​ បន្ត​ពី​លោកស្រី Liz Truss​ ​ហើយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេសចុង​ក្រោយ​នេះ​ ក៏​បាន​ប្តេជ្ញា​ជួយ​អ៊ុយក្រែន​ដោយ​មិន​រា​ថយ​ផងដែរ។

យោង​​តាម​ការ​ចេញ​ផ្សាយ​របស់​រ៉យទ័រ ​លើ​បញ្ហា​របស់​ប្រទេស​អ៊ុយក្រែន ​លោក​ ស៊ូណាក់​ បាន​​​បង្ហាញ​ថា​​ មិន​មាន​​ការ​ផ្លាស់ប្តូរ​ជា​មួយ​​នឹង​​គោល​នយោបាយ​ដែល​បន្ត​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ ២​នាក់​មុន​នោះទេ។​

រ៉យទ័រ​​ដកសម្រង់សម្តី​របស់​លោក ​ស៊ូណាក់ ​ដូច​បានថ្លែងថា៖​ «យើង​នឹង​នៅ​ជា​មួយ​អ៊ុយក្រែន​ឱ្យ​បាន​យូរ​តាម​ដែល​ត្រូវការ។ ​យើង​នឹង​រក្សា ឬ​បង្កើន​ជំនួយ​យោធា​របស់​យើង​នៅ​ឆ្នាំ​ក្រោយ ហើយ​​យើង​​នឹង​ផ្តល់​ការ​គាំទ្រ​​ថ្មី​សម្រាប់​ការ​ការពារ​អាកាស​»។​

កាល​ពី​ខែ​កញ្ញា ​អង់គ្លេស​ បាន​និយាយ​ថា ​ខ្លួន​ជា​អ្នក​ផ្តល់ជំនួយ​យោធា​ធំ​ជាង​គេ​ទី២​ ដល់​អ៊ុយ​ក្រែន​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ដោយ​បាន​ផ្តល់​ជំនួយ​ចំនួន ​២,៣​ ពាន់​លាន​ផោន​នៅឆ្នាំនេះ​៕​