
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកូនស្រីរបស់លោក អបអរសាទរដល់ទាហានដែលបានរួមចំណែកក្នុងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបថ្មី (ICBM) នៅទីតាំងមិនស្គាល់នៅក្នុងប្រទេសកូរ៉េខាងជើង។ AFP
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកមានគោលបំណង ចង់មានកងកម្លាំងនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ខណៈដែលលោកបានដំឡើងតំណែងមន្ត្រីយោធារាប់សិបនាក់ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលបាលីស្ទិកថ្មីមួយ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក គីម បានត្រួតពិនិត្យការសាកល្បងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ចំពោះការបាញ់ Hwasong-17 ដែលជាមីស៊ីលបាលីស្ទិកបាញ់ផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់កូរ៉េខាងជើង និងបានសន្យាថានឹងទប់ទល់ចំពោះអ្វីដែលលោកហៅថា ការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។
លោក គីម បាននិយាយនៅក្នុងសេចក្ដីប្រកាសដំឡើងតំណែងរបស់មន្ត្រីថា ៖«គោលបំណងចម្បងបំផុតរបស់កូរ៉េខាងជើង គឺត្រូវក្លាយជាកងកម្លាំងយុទ្ធសាស្រ្តដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលមិនធ្លាប់មានកាលពីមុនមកក្នុងសតវត្សរ៍»។ លោកក៏បន្ថែមថា ការកសាងសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសនេះ នឹងអាចជួយការពារសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់រដ្ឋ និងប្រជាជន។
គាត់បានពិពណ៌នាថា Hwasong-17 គឺជា«អាវុធយុទ្ធសាស្ត្រដ៏ខ្លាំងបំផុតរបស់ពិភពលោក» ហើយបាននិយាយថា អាវុធនេះបង្ហាញពីការតាំងចិត្ត និងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការកសាងកងទ័ពដ៏ខ្លាំងបំផុតរបស់ពិភពលោក។
លោក គីម ក៏ត្រូវបានដកស្រង់សម្តីបន្ថែមទៀតថា អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើងបានធ្វើឱ្យ "មានការលោតផ្លោះដ៏អស្ចារ្យមួយ ដោយបានអភិវឌ្ឍន៍បច្ចេកវិទ្យានៃការដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលបាលីស្ទិក ដែលការធ្វើបែបនេះនឹងត្រូវបានគេរំពឹងថានឹងពង្រីក និងពង្រឹងសមត្ថភាពរារាំងនុយក្លេអ៊ែររបស់ប្រទេសខ្លួនក្នុងល្បឿនដ៏លឿនមិនធម្មតាមួយ។ គេក៏ឃើញ លោកគីមថតរូបជាមួយនឹងអ្នកវិទ្យាសាស្ត្រ វិស្វករ និងមន្ត្រីយោធាដែលពាក់ព័ន្ធនឹងការធ្វើការសាកល្បងនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រុមនេះ បានសន្យាការពារ«អំណាចដាច់ខាត» របស់គណបក្ស និងលោកគីមហើយថែមទាំងបានប្តេជ្ញាថា «មីស៊ីលរបស់យើងនឹងហោះហើរយ៉ាងខ្លាំងក្លាតែក្នុងទិសដៅដែលត្រូវបានកំណត់» ដោយលោក គីម ប៉ុណ្ណោះ។
ជាមួយនឹងសមត្ថភាពហោះទៅដល់សហរដ្ឋអាមេរិក ការបាញ់បង្ហោះ Hwasong-17 បានជំរុញឱ្យសហរដ្ឋអាមេរិក អំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឱ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះការសាកល្បងមីស៊ីលរបស់ខ្លួន ដែលត្រូវបានហាមឃាត់ដោយសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានបង្ហាញវត្តមានកូនស្រីរបស់លោក គីម ជុងអ៊ុន អមជាមួយលោកផងដែរ ខណៈលោកកំពុងត្រួតពិនិត្យមើលមន្ត្រីទាំងនោះ។ ការបង្ហាញខ្លួនលើកដំបូងដែលមិននឹកស្មានដល់របស់នាង ក្នុងការបាញ់សាកល្បង Hwasong-17 បង្កើតឱ្យមានការរំពឹងទុកថា ថ្នាក់ដឹកនាំនៃរដ្ឋផ្តាច់ការមួយនេះ នឹងអាចបន្តទៅដល់ត្រកូលគីមជំនាន់ទី៤។
ទីភ្នាក់ងារ ព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ដោយប្រើឈ្មោះប្រទេសផ្លូវការ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាប្រជាជនកំពូលដ៏មានឥទ្ធិពលរបស់ប្រទេសកូរ៉េខាងជើង បានផ្តល់រង្វាន់ដល់មីស៊ីល Hwasong-17 នូវងារជា«វីរបុរសកូរ៉េខាងជើង និងមេដាយផ្កាយមាស និងសណ្តាប់ធ្នាប់នៃទង់ជាតិថ្នាក់ទី១»។
KCNA បាននិយាយថា (មីស៊ីលនេះ) បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅចំពោះមុខពិភពលោកថា កូរ៉េខាងជើង គឺជាមហាអំណាចនុយក្លេអ៊ែរពេញលេញដែលមានសមត្ថភាពអាចប្រឆាំងនឹងអំណាចនុយក្លេអ៊ែររបស់ចក្រពត្តិនិយមអាមេរិក ហើយបានបង្ហាញយ៉ាងច្បាស់លាស់នូវពលកម្លាំងរបស់ខ្លួនថាជារដ្ឋ ICBM ដ៏មានឥទ្ធិពលបំផុត៕
វីដេអូ៖