
លោកប្រធានាធិបតីគុយបា Miguel Diaz-Canel។ AFP
ឧបនាយករដ្ឋមន្ត្រីនៃប្រទេសកោះនេះ លោក Alejandro Gil បានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិន បានបរិច្ចាគប្រាក់ចំនួន ១០០ លានដុល្លារដល់ប្រទេសគុយបា ដើម្បីជួយប្រទេសមួយនេះ ឱ្យរួចផុតពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយជំងឺរាតត្បាតកូវី ១៩។
ការផ្តល់ជំនួយនេះ បានធ្វើឡើង នៅពេលដែលប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ជាផ្នែកនៃការធ្វើដំណើរទៅក្រៅប្រទេសដ៏កម្រនោះ។
លោក Gil បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋគុយបាថា លោកប្រធានាធិបតីចិន ស៊ី ជីនភីង និងលោក Diaz-Canel បានជួបគ្នាកាលពីថ្ងៃសុក្រ ហើយប្រទេសចិន បានផ្តល់ជំនួយជាទឹកប្រាក់ប្រហែល ១០០ លានដុល្លារ។
លោក Gil ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចគុយបាដែរនោះ បានលើកឡើងថា ប្រាក់នេះ នឹងធ្លាក់ចូលទៅក្នុងវិស័យអាទិភាពនៅលើកោះនេះ ដែលត្រូវបានរង្គោះរង្គើដោយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់របស់ខ្លួនរយៈពេល ៣ ទសវត្សរ៍ហើយនោះ។
លោក Diaz-Canel បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននៅថ្ងៃសុក្រ ហើយបន្តដំណើរទេសចរណ៍ជាសកលដែលត្រូវបានរៀបចំឡើង ដើម្បីទទួលបានការគាំទ្រសម្រាប់ប្រទេសគុយបា ក្នុងការជួសជុលប្រព័ន្ធអគ្គិសនី ដែលបានខូចម្តងហើយម្តងទៀតនោះ ដោយបានបណ្តាលឱ្យមានការដាច់ភ្លើងញឹកញាប់នោះ។
លោក Gil បានថ្លែងនិយាយថា មេដឹកនាំនៃប្រទេសទាំង ២ ក៏បានពិភាក្សាអំពីប្រធានបទនៃបំណុល ដែលគុយ បាបានជំពាក់ប្រទេសចិន ប៉ុន្តែមិនបានបញ្ជាក់ពីទំហំនៃបំណុលនោះទេ។
លោកបានបន្ថែមថា៖ «ប្រធានាធិបតីរបស់យើង បានពន្យល់ពីស្ថានភាពដែលយើងប្រឈមមុខ ហើយមានការយោគយល់ពីប្រទេសចិន។ យើងកំពុងស្វែងរករូបមន្តសម្រាប់ការរៀបចំផែនការនិងរចនាសម្ព័ន្ធបំណុលឡើងវិញ»។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំទី២ របស់គុយបា បន្ទាប់ពីវ៉េណេស៊ុយអេឡា។ ប្រទេសទាំង ២ គឺជាសម្ព័ន្ធមិត្តនយោបាយដ៏រឹងមាំរបស់គុយបា៕