
លោកស្រីឧត្តមសេនីយ៍ឯក Nina Armagno នាយកបុគ្គលិកនៃកងកម្លាំងអវកាសអាមេរិក។ ហ្វេសប៊ុក
ប្រធានផ្នែកអវកាសយោធារបស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃចន្ទនេះថា ការរីកចំរើនយ៉ាងឆាប់រហ័សនៅក្នុងសមត្ថភាពយោធារបស់មហាអំណាចចិន បង្កហានិភ័យដែលកំពុងកើនឡើងដល់ឧត្តមភាពរបស់អាមេរិកនៅក្នុងទីអាកាស។ នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រនៅមុននេះ។
នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងស៊ីដនីដែលគ្រប់គ្រងដោយវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្រ្តអូស្រ្តាលី (Australian Strategic Policy Institute) ដែលជាអង្គការស្រាវជ្រាវមួយផ្នែកដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអូស្ត្រាលី ឧត្តមសេនីយ៍ឯក Nina Armagno នាយកបុគ្គលិកនៃកងកម្លាំងអវកាសអាមេរិក បាននិយាយថា ទីក្រុងប៉េកាំងបានធ្វើឱ្យមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអវកាសផ្នែកយោធារួមទាំងផ្នែកជាច្រើនទៀតដូចជាទំនាក់ទំនងផ្កាយរណប និងយានអវកាសដែលអាចប្រើឡើងវិញបាន ដែលអនុញ្ញាតឱ្យប្រទេសនានាបង្កើនទំហំកម្មវិធីអវកាសរបស់ពួកគេយ៉ាងឆាប់រហ័ស។
រ៉យទ័របានស្រង់សម្តីឧត្តមសេនីយ៍ឯក Armagno ដូចអះអាងថា៖ «ខ្ញុំគិតថាវាពិតជាអាចទៅរួចទាំងស្រុងដែលពួកគេអាចតាមទាន់ និងលើសពួកយើងយ៉ាងពិតប្រាកដ។ វឌ្ឍនភាពដែលពួកគេបានធ្វើ គឺមានភាពអស្ចារ្យលឿនគួរឱ្យភ្ញាក់ផ្អើល»។
ជាប្រវត្តិសាស្រ្ត អាមរិកនិងរុស្ស៊ីបានរត់ប្រណាំងគ្នាក្នុងទីអវកាស ប៉ុន្តែទីក្រុងប៉េកាំងបានធ្វើឱ្យមានការជឿនលឿនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងប្រទេសលោកខាងលិចជឿនលឿនមានការភ្ញាក់ផ្អើល។
រ៉យទ័របានផ្សាយថា លោកបណ្ឌិត Ye Peijian ប្រធានកម្មវិធីរុករកតាមចន្ទគតិរបស់ចិន បានប្រដូចព្រះចន្ទ និងភពព្រះអង្គារ ទៅនឹងកោះដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំង កំពុងព្យាយាមទាមទារ។
ប្រទេសចិន ក៏កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាពិសោធន៍ សំដៅរុករកអាចម៍ផ្កាយ និងភពតូចៗសម្រាប់ធនធានធម្មជាតិ។
ឧត្តមសេនីយ៍ឯក Armagno បាននិយាយថា៖ «(ប្រទេសចិន) គឺជាប្រទេសតែមួយគត់ដែលមានទាំងចេតនាក្នុងការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិ និងកាន់តែខ្លាំងឡើង ទាំងអំណាចសេដ្ឋកិច្ចការទូត យោធា និងបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវគោលបំណងនោះ»៕