​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​បញ្ជា​ឱ្យ​អ្នក​ដឹកទំនិញ ដែល​ធ្វើ​កូដកម្ម ក្នុង​ឧស្សាហកម្ម​ស៊ីម៉ងត៍​វិល​ទៅធ្វើ​ការ​វិញ នៅ​ថ្ងៃ​អង្គារ​។ រដ្ឋាភិបាល​ព្រមាន​ពី​ការប្រើប្រាស់​វិធានការ​ទប់ស្កាត់​កូដកម្ម​ដ៏​តឹងរ៉ឹង នៅពេលដែល​ការដ្ឋាន​សំណង់​ទូទាំងប្រទេស កំពុង​ខ្វះ​ស៊ីម៉ងត៍​បេតុង សម្រាប់​សាងសង់​។​

​កូដកម្ម​ដែល​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា កំពុង​បណ្ដាលឱ្យមាន​ការខាតបង់​ប្រាក់ ប្រមាណ ៣០០​​ ពាន់​លាន​វ៉ុ​ន ($២២៤​ លាន​) ជា​រៀងរាល់ថ្ងៃ និង​រាំងស្ទះ​សកម្មភាព​ឧស្សាហកម្ម​ក្នុងប្រទេស​ទៀតផង​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol បាន​ប្រាប់​ថ្លែង​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា​៖ «​សូម​ត្រឡប់​ទៅធ្វើ​ការ​រៀងៗ​ខ្លួន​វិញ​ទាន់​វា​មិនទាន់​យឺត​ពេល​»​។ លោក​បន្តថា រដ្ឋបាល​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​មិន​សម្របសម្រួល​ជាមួយ​សកម្មភាព​តវ៉ា​ខុសច្បាប់​នោះទេ​។​

​រដ្ឋាភិបាល​កូរ៉េបាន​និយាយថា កូដកម្ម​ឈានចូល​ដល់​ថ្ងៃទី​ ៦ នាំឱ្យ​ការដ្ឋាន​សាងសង់​ជាង ២៥០ ឬ​ប្រហែល​ពាក់កណ្តាល​នៃ​ទីតាំង​ទាំងអស់ បាន​ផ្អាក ដោយសារ​ខ្វះ​បេតុង​។ សមាគម​ស៊ីម៉ងត៍​កូរ៉េ ប្រាប់ថា ឧស្សាហកម្ម​ស៊ីម៉ងត៍ អាច​នឹង​ខាតបង់​ប្រហែល ៦៤​ ពាន់​លាន​វ៉ុ​ន ($៤៧,៨១​ លាន​) គិត​ត្រឹម​ថ្ងៃ​ចន្ទ​។​

​នៅក្នុង​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ Reuters ប្រធានាធិបតី​កូរ៉េ លោក Yoon បាន​និយាយថា ការឆ្លើយតប​ដ៏​តឹងតែង​របស់​រដ្ឋាភិបាល ចំពោះ​កូដកម្ម នៅ​ឆ្នាំនេះ គឺ​ការចាប់ផ្តើម​បង្កើត​នីតិរដ្ឋ នៅក្នុង​វិស័យ​ឧស្សាហកម្ម​។ លោក​ថា ចំណាត់ការ​នេះ នឹង​ជួយ​លុបបំបាត់​ហានិភ័យ​នៃ​ការអនុវត្ត​ការងារ​មិន​យុត្តិធម៌​។ មេដឹកនាំ​កូរ៉េ​ទំនងជា​ចង់​ប្រើ​ច្បាប់​អាជ្ញាសឹក ដើម្បី​ដោះស្រាយ​។ នេះ​ជា​លើកដំបូង​ហើយ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កូរ៉េ ដែល​រដ្ឋាភិបាល​ចេញ​បទបញ្ជា​បង្ខំ​កម្មករ​ដឹកជញ្ជូន ដែល​ធ្វើ​កូដកម្ម ឱ្យ​វិល​ទៅធ្វើ​ការ​វិញ​។​

​រដ្ឋាភិបាល​ព្រមាន​ថា ការមិន​គោរព​បញ្ជា អាច​នាំឱ្យ​មានការ​ផ្តន្ទាទោស ដូចជា​ការលុបចោល​អាជ្ញាប័ណ្ណ និង​ចាប់​ដាក់ពន្ធនាគារ​រយៈ​ពេល ៣ ​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ៣០​ លាន​វ៉ុ​ន ($២២ ៥៥០)​។​

​អ្នករៀបចំ​កូដកម្ម Cargo Truckers Solidarity Union (CTSU) បាន​ហៅ បទបញ្ជា​របស់​រដ្ឋាភិបាល​ថា ជាការ​រំលោភ​បំពាន គ្មាន​ប្រជាធិបតេយ្យ និង​ហិង្សា​។ បទបញ្ជា​ឱ្យ​ចាប់ផ្តើម​ការងារ គឺ​ស្មើនឹង​ច្បាប់អាជ្ញាសឹក សម្រាប់​កម្មករ​ដឹកទំនិញ​។ វា​ជាការ​បញ្ជា​ឱ្យស្លាប់​។ សហជីព​បន្ថែមថា ការទាមទារ​របស់ខ្លួន គឺ​សំដៅ​ការពារ​អ្នក​ដឹកទំនិញ ដែល​ធ្វើការ​ច្រើន​ម៉ោង ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ទាប​។​

​មន្ត្រី​រដ្ឋាភិបាល នឹង​បើក​ការ​ស៊ើបអង្កេត​ជាមួយ​ប៉ូលិស ព្រមទាំង​បញ្ជា​ទៅ​កម្មករ​ដឹកជញ្ជូន​ស៊ីម៉ងត៍​ចំនួន ២ ៥០០ នាក់ ឱ្យចូល​ធ្វើការ​វិញ ហើយ​បើ​ពួកគេ​មិន​អនុវត្តតាម​ទេ អាជ្ញាធរ​នឹង​ផ្អាក​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​រប​ស់​ពួកគេ​រយៈពេល ៣០ ​ថ្ងៃ​៕