
បាតុករដើរតាមផ្លូវ អំឡុងការជួបជុំ ដើម្បីជនរងគ្រោះដោយអគ្គិភ័យ ព្រមទាំងការតវ៉ាប្រឆាំងនឹងច្បាប់រឹតបន្តឹងកូវីដ ១៩ ដ៏តឹងតែងរបស់ចិនក្នុងក្រុងប៉េកាំង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ រូបថត AFP
សេតវិមានបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី ២៨ ខែវិច្ឆិកាថា សហរដ្ឋអាមេរិកគាំទ្រសិទ្ធិរបស់ប្រជាជន ក្នុងការតវ៉ាដោយសន្តិវិធី នៅប្រទេសចិន ប៉ុន្តែមិនបានរិះគន់ទីក្រុងប៉េកាំងនោះទេ ខណៈដែលប្រជាជនចិនបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវិធានការរឹតត្បិត ក្រោមគោលនយោបាយសូន្យកូវីដ ហើយបង្កឱ្យមានការប៉ះទង្គិចគ្នា ជាមួយក្រុមអាជ្ញាធរ នៅតាមបណ្ដាក្រុងធំៗចំនួន ១៥ ទូទាំងប្រទេសចិន។
សេចក្ដីថ្លែងការណ៍របស់សេតវិមានចេញផ្សាយ ទន្ទឹមនឹងការរឹតបន្តឹងសន្តិសុខរបស់ប៉ូលិសចិន នៅកន្លែងតវ៉ា រួមទាំងក្នុងទីក្រុងសៀងហៃ និងប៉េកាំង បន្ទាប់ពីក្រុមមនុស្សនៅទីនោះ និងទីក្រុងផ្សេងទៀត រួមទាំងនៅតាមបរិវេណសាកលវិទ្យាល័យរាប់សិប បានបង្ហាញការមិនពេញចិត្តកាន់តែខ្លាំងក្នុងបាតុកម្ម ទាំងស្រែកឱ្យលោក ស៊ី ជីនភីង ដែលទើបចាប់ផ្ដើមបន្តអាណត្តិទី៣ ចុះចេញពីតំណែង។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយយ៉ាងដូច្នេះថា៖ «យើងបាននិយាយជាយូរមកហើយថា មនុស្សគ្រប់រូបមានសិទ្ធិ ក្នុងការតវ៉ាដោយសន្តិវិធីទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ នេះរួមបញ្ចូលទាំងនៅសាប្រជាមានិតចិនផងដែរ»។
ក្រុមប្រឹក្សាបន្តថា សហរដ្ឋអាមេរិកផ្តោតលើដំណើរការ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ ដោយរួមទាំងការបង្កើនអត្រានៃការចាក់វ៉ាក់សាំង ហើយលើកឡើងថា៖ «យើងគិតថា វានឹងពិបាកខ្លាំងណាស់ សម្រាប់សាប្រជាមានិតចិន ដើម្បីអាចទប់ស្កាត់មេរោគនេះបាន តាមរយៈគោលនយោបាយសូន្យកូវីដ»។
នៅពាក់កណ្ដាលខែនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបពិភាក្សាផ្ទាល់ជាមួយលោក ស៊ី នៅកោះបាលី ហើយការឆ្លើយតបទាំងប្រយ័ត្នពាក្យសម្ដីរបស់សេតវិមាន នាពេលនេះ ហាក់ដូចជាបង្ហាញពីបំណងចង់ដើរលើផ្លូវប្រុងប្រយ័ត្ន និងចៀសវាងការធ្វើឱ្យស្ថានការណ៍ រវាងប្រទេសទាំង ២ កាន់តែក្តៅគគុក។
នៅពេលសួរអំពីប្រតិកម្មរបស់លោក បៃដិន ចំពោះការទាមទារឱ្យលោក ស៊ី ចុះពីតំណែងពីសំណាក់ប្រជាជនចិន អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក ចន ឃើរប៊ី បានប្រាប់ថា៖ «ប្រធានាធិបតីនឹងមិននិយាយ ដើម្បីបាតុករនៅជុំវិញពិភពលោកនោះទេ។ ពួកគេកំពុងនិយាយទាមទារ ដើម្បីខ្លួនឯង»។
ការលើកឡើងបែបនេះ ផ្ទុយទៅនឹងអ្វី ដែលលោក ឃើរប៊ី ធ្លាប់បានលើកឡើង នៅដើមខែនេះថា លោក បៃដិន កំពុងបង្ហាញពីសាមគ្គីភាពជាមួយក្រុមបាតុករ ក្នុងប្រទេសអ៊ីរ៉ង់ ដោយនិយាយថា៖ «យើងនឹងដោះលែងអ៊ីរ៉ង់ឱ្យមានសេរីភាព» ស្របពេលដែលអ៊ីរ៉ង់ បានចោទអាមេរិក និងលោកខាងលិចថា ញុះញង់ឱ្យប្រទេសរបស់ខ្លួនចុះខ្សោយ។
លោក ឃើរប៊ី អះអាងថា លោក បៃដិនកំពុងតាមដានអ្វីដែលកំពុងកើតឡើងនៅចិន និងបន្តការយកចិត្តទុកដាក់ ចំពោះសកម្មភាពតវ៉ា។ លោកនិយាយថា រដ្ឋបាលអាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់ ហើយថា ចិនមិនបានស្នើសុំវ៉ាក់សាំងពីសហរដ្ឋអាមេរិកទេ។
សូមបញ្ជាក់ថា រាប់តាំងពីជំងឺកូវីដ ផ្ទុះបែកមក ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានគ្រប់គ្រងស្ថានការណ៍តាមរបៀបរៀងៗខ្លួន។ ខណៈចំនួនអ្នកឆ្លង និងស្លាប់ នៅអាមេរិក និងប្រទេសផ្សេងទៀត ហក់ឡើងកប់ពពក គោលនយោបាយសូន្យកូវីដរបស់ចិន បានធ្វើឱ្យការឆ្លងរាលដាល ក្នុងប្រទេសរបស់ខ្លួនស្ងប់ស្ងាត់។
ក្រោយរយៈពេល ៣ ឆ្នាំ ចិននៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយនេះ ខណៈចំនួនករណីឆ្លងថ្មី នៅទូទាំងប្រទេសកើនឡើងដល់រាប់ម៉ឺននាក់ជាប្រចាំថ្ងៃ។ មូលហេតុនេះហើយ ទើបបង្កឱ្យមានការបិទខ្ទប់យ៉ាងតឹងរ៉ឹង និងការធ្វើតេស្តរកកូវីដលើមនុស្សរាប់លាននាក់ ដែលបង្កឱ្យការរំខានដល់សេដ្ឋកិច្ចទ្រង់ទ្រាយធំ។
ការតវ៉ាទ្រង់ទ្រាយធំដ៏កម្រក្នុងប្រទេសកុម្មុយនីស្តនេះ បានផ្ទុះឡើង ចាប់តាំងពីថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីភ្លើងឆេះអាផាតមិន ១ នៅតំបន់ស៊ីនជាំង ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់។ ក្រុមអ្នកប្រឆាំង បានបញ្ចេញកំហឹងថា ដោយសារតែគោលនយោបាយសូន្យកូវីដ ទើបធ្វើឱ្យដំណើរការជួយសង្រ្គោះមានភាពយឺតយ៉ាវ ហើយបង្កការលំបាកដល់ការរត់ភៀសចេញពីភ្លើងរបស់ជនរងគ្រោះ។ ការចោទប្រកាន់នេះ ត្រូវបានអាជ្ញាធរបដិសេធយ៉ាងដាច់អហង្ការ។
ចំពោះការសម្ដែងការគាំទ្រ ចំពោះក្រុមបាតុករយ៉ាងប្រយ័ត្នប្រយែងរបស់អាមេរិកនាពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មណាមួយពីចិននៅឡើយទេ។ យ៉ាងណាមិញ ជំហររបស់អាមេរិកលើកនេះ ធ្វើឡើងខណៈដែលអាមេរិក និងចិន ប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយដ៏តានតឹងរួចមកហើយ បន្ថែមពីលើបញ្ហាពាណិជ្ជកម្ម និងសិទ្ធិមនុស្សដែលមានស្រាប់៕