​ប្រភពពី CNA ឱ្យដឹងថា បុគ្គលិក​រាប់ពាន់នាក់​នៅ​រោងចក្រ​ផលិត​ទូរស័ព្ទ iPhone របស់ Foxconn ក្នុងប្រទេស​ចិន​បាន​លាឈប់​ពី​ការងារ តាំងពី​សប្តាហ៍​មុន​ដោយសារ​គោលនយោបាយ​សូន្យ​កូ​វីដ​ដ៏​តឹងរ៉ឹង ដែល​ដាក់ចេញ​ដោយ​រដ្ឋបាល​ក្រុង​ប៉េកាំង​។​

​ប្រធាន​ផ្នែក​និរន្តរភាព និង​អភិបាលកិច្ច​នៅ SWEDBANK ROBUR លោក PIA GISGARD បាន​លើកឡើងថា ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅ​រោងចក្រ​ផលិត​របស់ Foxconn បង្កក្ដី​​ព្រួយបារម្ភ ពី​សុខភាព សុវត្ថិភាព និង​សុខុមាលភាព​ទូទៅ ព្រមទាំង​ទស្សនវិស័យ​សុខដុមរមនា​នៅ​កន្លែងធ្វើការ​។

​លោក​បញ្ជាក់ថា​៖ «​នៅក្នុង​គ្រា​ចលាចល​នេះ Apple ចាំបាច់​ត្រូវ​ពង្រឹង​កិច្ច​សន្ទនា​ជាមួយ​អ្នកគ្រប់គ្រង Foxconn ឬ​អាជ្ញាធរ​ចិន បើ​អាចធ្វើ​ទៅបាន​។ ការធ្វើ​បែបនេះ​ដើម្បី​ធានា​សិទ្ធិ​ការងារ និង​ស្វែងរក​ដំណោះស្រាយ​ធ្វើឱ្យ​ស្ថានការណ៍​មាន​ស្ថិរភាព​»​។​

​លោក​បាន​បន្ថែមថា​៖ «​ជា​ជំហាន​ដំបូង យើង​បាន​ទាក់ទង Apple ដើម្បី​យល់​ពី​របៀប ដែល​ពួកគេ​គ្រប់គ្រង​ស្ថានភាព​ទូទៅ​ និង​ដោះស្រាយ​ស្ថានភាព ដែល​កំពុង​បន្ត និង​វិធានការ ដែល​ពួកគេ​កំពុង​អនុវត្ត​»​។​

​ប្រធាន​ទីផ្សារ​មូលធន ESG & STEWARDSHIP នៅឯ UNion Investment លោក JANNE WERNING ប្រាប់ថា​៖ «​ហេតុការណ៍​ចលាចល​ការងារ​នេះ បង្ហាញ​ពី​ស្តង់ដា​ការងារ នៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​។ យើង​រំពឹងថា Apple ដែលជា​អ្នកទិញ​ដ៏​សំខាន់​មួយ​នឹង​ធានា​ពី​ឥទ្ធិពល​របស់ខ្លួន​នៅ Foxconn ។ តាម​ការរកឃើញ​រប​ស់​យើង ដូច្នេះ Foxconn ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ បើ​ធៀប​នឹង​រោងចក្រ​ផ្សេងទៀត​នៅ​ចិន​»​។ យ៉ាងណា​ក្តី លោក​អះអាងថា មាន​ភាព​​កម្សោយ​នៅឡើយ បើ​ធៀប​នឹង​ស្តង់ដា​អន្តរជាតិ​។​

​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ សម្រាប់ SUMOFUS លោក CHRISTINA O''CONNELL ថា​៖ «​ការពឹងផ្អែក​ខ្លាំង​របស់ Apple លើ​ប្រទេស​ចិន ទាំង​ទីតាំង​ផលិត និង​ទីតាំង​លក់ ជា​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​»៕