ប្រទេសរុស្ស៊ី និងប្រទេសអាស៊ីកណ្តាល ២ ទៀតផ្តួចផ្តើមបង្កើន «សហភាពឧស្ម័នត្រីភាគី (trilateral gas union)» ដើម្បីនាំចេញថាមពលឧស្ម័នធម្មជាតិ ខណៈដែលប្រទេសបណ្តាប្រទេសនៅអឺរ៉ុប និងសម្ព័ន្ធមិត្តត្រៀមដាក់សម្ពាធលើថាមពលឥន្ធនៈមានប្រភពពីប្រទេសរុស្ស៊ី ចាប់ពីដើមខែធ្នូ។
ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស្ស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) ដែលទើបជាប់ឆ្នោតបន្តជាប្រធានាធិបតីក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានពិភាក្សាអំពីការបង្កើត «សហភាពឧស្ម័នត្រីភាគី»ដោយបូកបញ្ចូលជាមួយប្រទេសអ៊ូសបេគីស្ថាន នៅក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដែលបានដកស្រង់ការបញ្ជាក់របស់លោក Ruslan Zheldibay លេខាធិការទទួលបន្ទុកសារព័ត៌មានរបស់មេដឹកនាំកាហ្សាក់ស្ថាន។
លោក Ruslan Zheldibay បានបង្ហាញព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកាហ្សាក់ស្ថានតាមបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា៖ «មានសំណួរមួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋទៅកាន់ទីក្រុងម៉ូស្គូ។ ដោយក្នុងចិត្តនេះ ចាំបាច់ត្រូវកត់សម្គាល់ថា កិច្ចពិភាក្សារវាងប្រធានាធិបតីកាហ្សាក់ស្ថាន និងរុស្ស៊ីនៅវិមានក្រឹមឡាំងបានផ្តោតលើការបង្កើត «សហភាពឧស្ម័នត្រីភាគី» រវាងរុស្ស៊ី កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ក្នុងគោលបំណងសម្របសម្រួលសកម្មភាពរបស់ពួកគេ ដើម្បីដឹកជញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ទឹកដីនៃប្រទេសកាហ្សាក់ស្ថាននិងអ៊ូសបេគីស្ថាន»។
លោកបានកត់សម្គាល់ថា លោកប្រធានាធិបតី តូកាយ៉េវ និង ពូទីន ចាត់ទុកថាវា «ចាំបាច់ដើម្បីធ្វើការពិភាក្សាលម្អិតដោយមានការចូលរួមពីអ្នកជំនាញមកពីប្រទេសទាំង៣ ដើម្បីស្វែងរកដំណោះស្រាយសមហេតុផលចំពោះបញ្ហាជាមួយនឹងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគិតគួរ»។
យោងតាមការចុះផ្សាយនោះ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន គ្រោងហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ូបេគិស្ថានដើម្បីពិភាក្សាអំពីបញ្ហានេះផងដែរ។
វិស័យថាមពលរុស្ស៊ីនឹងត្រូវរងទណ្ឌកម្មជាថ្មីពីសំណាក់ប្រទេសនៅតំបន់អឺរ៉ុបចាប់ផ្តើមពីថ្ងៃទី ៥ ខែធ្នូ ខាងមុខនេះ ដែលជាការដាក់ពិដានតម្លៃថាមពលថ្មីលើវិស័យថាមពលរុស្ស៊ីដើម្បីកាត់បន្ថយរំហូរហិរញ្ញវត្ថុដល់ប្រទេសរុស្ស៊ីសម្រាប់ផ្តល់មូលនិធិដល់សង្គ្រាមនៅអ៊ុយក្រែន៕