​ចិន​បាន​និយាយ​អះអាងថា នាវាចម្បាំង​អាមេរិក បាន​ចូល​ដែនទឹក​ក្បែរ​ប្រជុំ​កោះ​ជម្លោះ​ស្ព្រា​ត​លី (Spratly) ក្នុង​សមុទ្រ​​ចិន​ខាងត្បូង​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃ​អង្គារ ទី​​ ២៩ ខែវិច្ឆិកា ខណៈ​អាមេរិក​វាយបក​ទៅវិញ​ថា ក្រុង​ប៉េកាំង​ធ្វើការ​ចោទប្រកាន់​មិន​ពិត ដោយ​ថា សកម្មភាព​នាវាចរណ៍​របស់ខ្លួន​ស្របតាម​ច្បាប់​អន្តរជាតិ​។

​ការប្រឈមមុខ​ដាក់គ្នា​ជាថ្មី​លើ​បញ្ហា​ចម្រូងចម្រាស ក្នុង​សមុទ្រ​ចិន​ខាងត្បូង នាពេលនេះ កើតឡើង​ស្រប​ពេលដែល​ភូមិសាស្ត្រ​នយោបាយ រវាង​ប្រទេស​ទាំង​២ ស្ថិតក្នុង​ភាព​តានតឹង​ខ្លាំង​នៅឡើយ​។ សេចក្តីថ្លែងការណ៍​ពី​បញ្ជាការ​កងទ័ព​ភាគខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន (PLA) បានឱ្យដឹងថា នាវា​ចម្បាំង​បំពាក់​មី​ស៊ី​ល​គ្រូ​ស​នាំ​ផ្លូវ​របស់​អាមេរិក​ឈ្មោះ USS Chancellorsville បានធ្វើ​ដំណើរ​ដោយ​ខុសច្បាប់​ចូលក្នុង​ដែនទឹក​ក្បែរ​កោះ​ស្ព្រា​ត​លី ដោយ​គ្មាន​ការ​-​យល់ព្រម​ពី​រដ្ឋាភិបាល​ចិន​។

​អ្នកនាំពាក្យ​នៃ​បញ្ជាការ​កងទ័ព​ភាគខាងត្បូង​នៃ PLA លោក Tian Junli បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​ថា​៖ «​សកម្មភាព​របស់​យោធា​អាមេរិក បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​អធិបតេយ្យ​ភាព និង​សន្តិសុខ​របស់​ប្រទេស​ចិន​»​។

លោក Tian បាន​ចោទប្រកាន់​អាមេរិក​ទៀតថា ជា «​អ្នកបង្កើត​ហានិភ័យ​ផ្នែក​សន្តិសុខ​» ហើយ​សកម្មភាព​របស់​យោធា​អាមេរិក កាលពី​ថ្ងៃ​អង្គារ ជា​ភ័ស្តុតាង​រឹងមាំ​បន្ថែម ដែល​បង្ហាញ​ពី​ការស្វែងរក​អនុត្តរ​ភាព​នៃ​ការធ្វើ​នាវាចរ និង​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង​របស់​ក្រុង​វ៉ាស៊ីនតោន​។ លោក​អះអាងថា កងទ័ព​ចិន​បានរៀបចំ​កងទ័ពជើងទឹក និង​អាកាស តាមដាន និង​ព្រមាន​នាវាចម្បាំង​​អាមេរិក​ឱ្យចេញ​ពី​តំបន់​នោះ​។​

​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​កង​ទ័ព​ចិន កង​នាវាចរណ៍​ទី​៧ នៃ​កងទ័ពជើងទឹក​អាមេរិក បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ក្រោយ​នោះ​ថា ការចោទប្រកាន់​របស់ PLA គឺជា​រឿង​មិន​ពិត និង​ជាការ​បំភាន់​នៃ​សកម្មភាព​របស់​អាមេរិក នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ កងទ័ពជើងទឹក​អាមេរិក បន្តថា នាវាចម្បាំង​អាមេរិក បាន​ដឹកនាំ​ការធ្វើ​នាវាចរណ៍ ដោយ​សេរី​ស្របតាម​ច្បាប់​អន្តរជាតិ ហើយ​បន្ទាប់មក​បន្ត​ប្រតិបត្តិ​​ការធម្មតា​ក្នុង​ដែនទឹក ដែល​ខ្លួន​មាន​សិទ្ធិ​ធ្វើដំណើរ​ឆ្លងកាត់​។

​មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ កង​ទ័ពជើងទឹក​អាមេរិក បាន​និយាយទៀតថា​៖ «​អាកប្បកិរិយា​របស់​សា​​ប្រជាមានិត​ចិន គឺ​ផ្ទុយ​ពី​ការ​ប្រកាន់ខ្ជាប់​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​ច្បាប់​អន្តរជាតិ និង​ចក្ខុវិស័យ​របស់​យើង​សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​»​។

កងទ័ព​បន្តថា​៖ «​ប្រជាជាតិ​ទាំង​អស់ មិន​ថា​តូច ឬ​ធំ គួរតែមាន​សុវត្ថិភាព ក្នុង​អធិបតេយ្យភាព​របស់​ពួកគេ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ និង​អាច​បន្ត​កំណើនសេដ្ឋកិច្ច​ស្របតាម​ច្បាប់ និង​បទដ្ឋាន​អន្តរ​ជាតិ ដែល​ទទួលយកបាន​»​។​

​សូមបញ្ជាក់ថា តំបន់​ប្រជុំ​កោះ​ស្ព្រា​ត​លី និង​ដែនទឹក​ស្ទើរតែ​ទាំងអស់ នៅ​សមុទ្រ​ចិន​ខាងត្បូង ស្ថិតក្នុង​តំបន់​ចម្រូងចម្រាស ដោយ​ចិន​ទាមទារ​ថា ជា​របស់ខ្លួន​។ ក្នុង​ឆ្នាំ​ ២០១៦ តុលាការអន្តរជាតិ​បានសម្រេច​ថា ចិន​មិនមាន​មូលដ្ឋាន​ច្បាប់ ដើម្បី​ទាមទារ​បែបនេះ​ឡើយ ប៉ុន្តែ​ក្រុង​ប៉េកាំង បាន​ច្រានចោល​ការសម្រេច​នេះ ដោយ​ជំនួស​មកវិញ​នូវ​ការបង្កើត​កោះ​សិប្បនិម្មិត​ជាច្រើន និង​ការពង្រីក​សកម្មភាព​យោធា​លើ​កោះ​ទាំងនោះ​។

​ខណៈ​ប្រទេស​ជាច្រើន​រួមមាន​ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ និង​តៃវ៉ាន់ ក៏​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង សហរដ្ឋអាមេរិក​តែងតែ​បដិសេធ​ការទាមទារ​របស់​ចិន​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង នៅក្នុង​សកម្មភាព​ដែល​ខ្លួន​ហៅថា សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​។​

​ការប្រឈមមុខ​ដាក់គ្នា កាល​ពីថ្ងៃ​អង្គារ​នេះ កើតមានឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន និង​សម​ភាគី​ចិន លោក ស៊ី ជីន​ភីង បាន​ជួបគ្នា​ដោយផ្ទាល់​នៅក្រៅ​កិច្ចប្រជុំ G20 កាលពី​ពាក់​កណ្ដាលខែ​នេះ​។ មេដឹកនាំ​ទាំង ​២ បាន​អះអាងថា អាមេរិក និង​ចិន ព្រមព្រៀងគ្នា​បន្ថយ​ភាព​តានតឹង​លើ​បញ្ហា​ជាច្រើន ពេលដែល​ទំនាក់ទំនង​ទ្វេភាគី បាន​ធ្លាក់ចុះ​ខ្លាំង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​ក្នុងជំនួប​នោះ លោក បៃ​ដិ​ន ប្រាប់​មេដឹកនាំ​ចិន​ថា​៖ «​ខ្ញុំ​ច្បាស់​ណាស់​ថា យើង​នឹង​ការពារ​ប្រយោជន៍ និង​គុណ​តម្លៃ​របស់​អាមេរិក លើកកម្ពស់​សិទ្ធិមនុស្ស​ជាស​កល និង​ក្រោកឈរ ឡើង សម្រាប់​សណ្តាប់ធ្នាប់​អន្តរជាតិ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​យើង​»​។

​អ្វីដែល​អាមេរិក​អះអាងថា ជាការ​ធ្វើ​នាវាចរណ៍ ដោយ​សេរី​នាពេលនេះ គឺជា​ការ​សបញ្ជាក់​ឱ្យឃើញ​នូវ​ការលើកឡើង​របស់លោក បៃ​ដិ​ន នាពេលនោះ​។

​បញ្ហា​នេះ​ត្រូវបាន​កងទ័ពជើងទឹក​អាមេរិក​លើក​ទៅ​គូសបញ្ជាក់ ក្នុង​សេចក្ដីថ្លែងការណ៍​វាយបក​ទៅ​ចិន​វិញ​ថា​៖ «​ប្រតិបត្តិការ​នេះ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​​រក្សា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការប្រើប្រាស់​សមុទ្រ​ស្របច្បាប់​ជាគោលការណ៍​។ សហរដ្ឋអាមេរិក​កំពុង​ការពារ​សិទ្ធិ​របស់​ប្រជាជាតិ​នីមួយៗ ក្នុងការ​ហោះហើរ បើកបរ និង​ប្រតិបត្តិការ នៅ​គ្រប់​ទីកន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត ដូច​នាវាចម្បាំង USS Chancellorsville បានធ្វើ​នៅទីនេះ​»​។

​ការប្រឈមមុខ​ដាក់គ្នា នៅ​ថ្ងៃ​អង្គារ​ដដែល​នោះ កើតឡើង​ចំពេល​មាន​ភាព​តានតឹង​បន្ត នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ភ្លាមៗ​បន្ទាប់ពី​ការ​ប៉ះពារ​គ្នា រវាង​នាវា​​ចិន និង​ហ្វីលីពីន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ក្រុង​វ៉ាស៊ីនតោន នៅ​ជិត​ប្រជុំ​កោះ​ស្ព្រា​ត​លី ក្នុង​ខែ​នេះ​។ ក្រុង​ម៉ានីល​បាន​ចោទ​ចិន​ថា បាន​រឹបអូស​យក​កម្ទេចកម្ទី​គ្រាប់​រ៉ុក្កែត​ពី​កងទ័ពជើងទឹក​របស់​ខ្លួន អំឡុង​ហេតុការណ៍​នោះ ប៉ុន្តែ​ចិន​បាន​បដិសេធថា មិនបាន​ធ្វើ​ដោយ​បង្ខំ​ទេ ហើយក៏​ប្រគល់​កម្ទេចកម្ទី​នោះ​ឱ្យ​ហ្វីលីពីន​វិញ​ហើយ​ដែរ​។

​ភាព​តានតឹង​ក៏​កើតមាន​ជុំវិញ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​​អាមេរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស នៅ​កោះ​ប៉ា​ឡា​វ៉ាន់​របស់​ហ្វីលីពីន កាលពី​សប្ដាហ៍​មុន​។ ក្នុង​ទស្សនកិច្ច​នោះ លោកស្រី​ប្រាប់ថា អាមេរិក​នឹង​ជំរុញឱ្យមាន​យុទ្ធនា​ការ​អន្តរជាតិ​ប្រឆាំងនឹង «​អាកប្ប​កិរិយា​មិន​ទទួលខុសត្រូវ​» របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

វីដេអូ៖