​ជប៉ុន​ដែលជា​រឿយៗ តែង​បង្ហាញ​កង្វល់​ខ្លាំង​លើ​មធ្យោបាយ​ការពារជាតិ​ក្នុងឆ្នាំនេះ បន្ទាប់ពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន និង​ការកើនឡើង​ឥទ្ធិពល​របស់​ចិន ក្នុង​តំបន់ ទីបំផុត​បាន​លាតត្រដាង​នូវ​ផែនការ​ចំណាយ​ដ៏​ខ្ពស់​សម្រាប់​វិស័យ​យោធា​។

​កាលពី​ថ្ងៃ​ចន្ទ នៅមុន ១​ ​ថ្ងៃ​នៃ​ការឆ្លើយ​នៅ​រដ្ឋសភា នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មិ​អុ គី​ស៊ី​ដា (Fumio Kishida) បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​របស់​លោក​ឱ្យ​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ដល់ ២% ​នៃ​ផលិតផល ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ ​២០២៧ ដែលជា​ការកើនឡើង​ខ្ពស់​មិន​ធ្លាប់មាន ដោយ​ជប៉ុន​កម្រិត​ការចំណាយ​លើ​វិស័យ​យោធា​ប្រហែល ១%​ ប៉ុណ្ណោះ​។ នេះ​យោងតាម​បណ្តាញសារព័ត៌មាន​ជប៉ុន​នានា​។​

​ជប៉ុន​បានចាប់ផ្តើម​កែលម្អ​យុទ្ធសាស្ត្រ​ការពារជាតិ និង​សន្តិសុខ ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​ពី​ប្រទេស​ចិន ក៏ដូចជា​ការផ្លាស់ប្តូរ​លក្ខណៈ​ភូមិសាស្ត្រ​នយោបាយ បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​តំបន់​ឥណ្ឌូ​​ប៉ាស៊ីហ្វិក ដែល​រៀបចំឡើង កាលពី​ខែមិថុនា ឆ្នាំនេះ នៅ​ប្រទេស​សិង្ហ​បុរី នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ បានប្រកាស​ពី​ផែនការ​ចាប់​ដៃគូ​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដោយ​ផ្តល់ជំនួយ​សន្តិសុខ សម្រាប់​បណ្តា​ប្រទេស​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក សម្រាប់​សន្តិសុខ​ដែនសមុទ្រ​ចំនួន $២​ ពាន់​លាន រយៈពេល ៣​ ឆ្នាំ​ខាងមុខ​។

​ជំនួយ​ទឹកប្រាក់​ដ៏​សម្បើម​នោះ នឹង​ផ្តោតលើ​សកម្មភាព​ពង្រឹង​ទូក​ល្បាត និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាម​សមុទ្រ រួមទាំង​ការវិនិយោគ​លើ​ធនធាន​​មនុស្ស​ចាំបាច់ ដូចជា​ការបណ្តុះបណ្តាល និង​ការអប់រំ​។ នេះ​បើ​ផ្អែក​តាម Japantimes បណ្តាញសារព័ត៌មាន​មាន​មូលដ្ឋាន នៅ​ប្រទេស​ជប៉ុន​។​

​កាលពី​ខែសីហា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក Yasukazu Hamada បានដាក់​សំណើ​ថវិកា​ចំនួន $៤០​ ពាន់​លាន ដែលជា​ចំនួន​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​វិស័យ​យោធា​។ ទឹកប្រាក់​កើនឡើង​នេះ គឺ​ស្រប​នឹង​អ្វី ដែល​ជប៉ុន​ដាក់ចេញ​នូវ​គោលនយោបាយ​ការពារ​​ជាតិ​មួយចំនួន​។​

​ផ្អែក​តាម​ការផ្សាយ​រប​ស់ AFP កាលពី​ថ្ងៃ​ចន្ទ លោក Hamada បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ថា​៖ «​យើង​នឹង​ចាត់វិធានការ​ថវិកា ដើម្បី​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ និង​ផ្សេងទៀត​ដល់ ២% នៃ GDP បច្ចុប្បន្ន នៅ​ឆ្នាំ​ ២០២៧»​។​

​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ប្រទេស​ជប៉ុន ត្រូវបាន​កំណត់​ប្រហែល ១% នៃ GDP ឬ​តិចជាង​នេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់លោក គី​ស៊ី​ដា បានបង្ហាញ​ពី​ផែនការ ក្នុងការ​ជំរុញ​តួលេខ​នេះ​ឱ្យ​កាន់តែ​ជិត​ទៅនឹង​ស្តង់ដារ​បស់​អង្គការ​​ណា​តូ​ចំនួន​ ២%​។ នេះ​បើតាម AFP​។​

​ការកើនឡើង​សម្ពាធ​ពី​ប្រទេស​ចិន រួមទាំង​សមយុទ្ធ​យោធា និង​វត្តមាន​ទូក នៅ​ជុំវិញ​កោះ ដែលមាន​ជម្លោះ​ជាមួយ​ជប៉ុន ក៏ដូចជា​ការឈ្លានពាន​របស់​រុស្ស៊ី​មកលើ​ប្រទេសជិតខាង​របស់ខ្លួន បាន​ជួយ​កសាង​ការគាំទ្រ​សម្រាប់​ការចំណាយ​កើនឡើង ក្នុង​វិស័យ​យោធា​របស់​រដ្ឋាភិបាល លោក គី​ស៊ី​ដា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​និយាយថា គោលដៅ​មួយ​នៃ​ការចំណាយ​បន្ថែម គឺ​សមត្ថភាព «​ប្រឆាំង​ការ​ផ្លោង​ពី​ចម្ងាយ​» ជា​អាវុធ​ដែល​អាច​កំណត់​គោលដៅ​ទីតាំង​បាញ់​មី​ស៊ី​ល​របស់​សត្រូវ ហើយ​ត្រូវបាន​ពិពណ៌នា ដោយ​ទីក្រុង​តូ​ក្យូ​ថា ជា​«​អ្នកការពារ​»​។​

​កូរ៉េខាងជើង តាមរយៈ​ការបាញ់​កាំជ្រួច​ជា​បន្តបន្ទាប់ រួមទាំង​មួយចំនួន ដែល​ហោះ​រំលង​ប្រទេស​ជប៉ុន បាន​ជួយ​ជំរុញ​ផែនការ​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា​របស់​ជប៉ុន អាចទៅរួច​ផងដែរ​។ ការស្ទង់មតិ​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ បាន​បង្ហាញថា ជាង ៦០% នៃ​អ្នក​ឆ្លើយតប​ពេញ​ចិត្តនឹង​ការទទួលបាន «​សមត្ថភាព​ប្រឆាំង​ការ​ផ្លោង​»​។ ថ្លែង​នៅក្នុង​សភា លោក Kishida ថា សមត្ថភាព​ប្រឆាំង​ការបាញ់​ផ្លោង គឺជា​ជម្រើស​ ១ ក្នុង ចំណោម​ជម្រើស​ជាច្រើន ដែល​ត្រូវបាន​ថ្លឹងថ្លែង​៕​