រដ្ឋាភិបាល​ប្រទេស​អាមេរិក​ខាងត្បូង​ បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា​ ប្រទេស​កូឡុំប៊ី​ ត្រូវ​ដាក់​ពង្រាយ​ទាហាន​ចំនួន​ ៤០០ នាក់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជួញ​ដូរគ្រឿង​ញៀន ​ដែលកំពុង​ប្រតិបត្តិការ​ឆ្លងកាត់​ព្រំដែន​ជន​បទភាគ​ខាងត្បូង​របស់ខ្លួន បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៃ​ការ​សម្លាប់​មនុស្ស​ និង​ការ​ផ្លាស់​ទីលំ​នៅ​​។

លោក​រដ្ឋមន្ត្រីមហាផ្ទៃ​ Alfonso Prada ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ ក្រោយ​ពី​ជំនួប​សន្តិសុខ​នៅ​គណៈ​រដ្ឋមន្ត្រី​ថា មាន​តំបន់​ចំនួន​ ៦​ នៅ​តាម​បណ្តោយ​ព្រំដែន​ របស់​ប្រទេស​កូឡុំប៊ី​ជា​មួយ​អេក្វាទ័រ​ ប៉េរូ ​និង​ប្រេស៊ីល ​ដោយ​មាន​ទាហាន និងមន្រ្តី​ចំនួន​ ៤០០ ​នាក់​ ដែល​នឹង​នៅ​ប្រតិបត្តិការ​ជួរ​មុខ​...ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀ​ន​នៅ​តាម​ច្រក​របៀង។

ប្រធានា​ធិបតី​ Gustavo Petro ​ជា​ប្រធានា​ធិបតី​ឆ្វេង​និយម​ដំបូង​របស់​ប្រទេស​នេះ ​​បាន​ហៅ​កិច្ចប្រជុំ​ជា​មួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ បន្ទាប់​ពី​ការ​ប្រយុទ្ធគ្នា​នាពេលថ្មីៗ​នេះរ​វាង​ក្រុម​ប្រដាប់​អាវុធ ​បាន​បណ្តាល​ឱ្យ​មនុស្ស ១៨​ នាក់ ​ស្លាប់ និង​បាន​ជម្លៀស​ប្រជាជន​រាប់​សិប​គ្រួសារ​នៅក្នុង​តំបន់​ភាគ​និរតីនៃ​ក្រុង ​Putumayo ជាប់ព្រំដែន​អេក្វាទ័រ​ និ​ង​ប៉េរូ​។

ការ​ប៉ះទង្គិច​ទាំងនោះ ​បាន​ធ្វើឱ្យ​ក្រុម​ប្រឆាំង​នៃ​ក្រុម​ទ័ពព្រៃ FARC ជា​រណសិរ្ស «​Carolina ​Ramire​z» ប្រឆាំង​នឹង​ក្រុម​ប្រដាប់​អាវុធ​មួយ​ផ្សេងទៀត​គឺ «Comandos de la Frontera»។

រណសិរ្ស​ «Carolina Ramirez»​ ជាក្រុម​ប្រឆាំង​ដ៏ធំ ​​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​បាន​ដកហូត​អា​វុធ​ពី​ក្រុម​ FARC ​ក្នុង​ឆ្នាំ​ ២០១៧។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​។

យោង​តាម​រដ្ឋា​ភិបាល​នេះ​ ក្រុមទាំង ២ ​នេះ កំពុង​ប្រយុទ្ធ​ ដើម្បី​គ្រប់គ្រង​ផ្លូវ​ជួញ​ដូរគ្រឿង​ញៀន​នៅ​ក្នុង​ព្រៃ​ចន្លោះ​ ប្រទេស​កូឡុំប៊ី និង​អេក្វាទ័រ​​។

លោក Prada បា​នថ្លែង​ថា៖​ «យើងបាន​ទាក់ទង​ប្រទេស​ជិតខាង​ ដោយ​សារ​ យើង​បាន​ឃើញ​សកម្មភាព​មួយ​ដែល​យើង​នឹង​ប្រយុទ្ធ​ជា​មួយ​កងទ័ព​របស់​យើង ប៉ុន្តែក៏​មាន​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​ផងដែរ»​។

លោកបាន​បញ្ជាក់ថា​ រដ្ឋាភិបាល​កូឡុំប៊ី ​ក៏​បាន​និយាយជា​មួយ​អាជ្ញាធរ​នៃ​ប្រទេស​ប៉ាណាម៉ា និ​ង​វ៉េណេស៊ុយអេឡា​ ជា​ទី​ដែល​ក្រុមជួញ​ដូរ​គ្រឿងញៀន​ដ៏​មាន​ឥទ្ធិពល​របស់​កូឡុំប៊ី និង​ទ័ពព្រៃ​កូឡុំប៊ី​នៃ​កងទ័ព​រំដោះជាតិ ​(ELN) ប្រតិ​បត្តិការ​រៀងៗខ្លួន​។

ELN ដែលត្រូវ​បាន​គេចាត់​ទុកថា​ ជាច​លនាទ័ព​ព្រៃ​សកម្ម​ចុង​ក្រោយ នៅក្នុង​ប្រទេស​នេះ​ បាន​បន្ត​ការ​ចរចា​សន្តិភាព​ជា​មួយ​រដ្ឋាភិបាល​របស់​លោកPetro​ នៅទី​ក្រុង​ការ៉ាកាស​ កាល​ពី​ថ្ងៃ​ទី ២១ ​ខែ​វិច្ឆិកា​កន្លងទៅ​នេះ។

ក្នុង​អំឡុងពេល​សុន្ទរកថា​កាល​ពី​ខែ​សីហា លោក​ Petro បាន​ប្រកាស​ថា​ ដល់​ពេល​ដែល​ត្រូវ​មាន​អនុ​សញ្ញា​អន្តរ​ជាតិ​ថ្មីមួយ​ដែល​ទទួលស្គាល់​ថា​ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ បាន​បរាជ័យ ​ហើយដើម្បីគាំ​ទ្រ​ដល់ «គោល​នយោបាយ​ដ៏​រឹងមាំ​នៃ​ការ​ទប់​ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ញឿន​» នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​៕