សហភាព​អឺរ៉ុប (EU) បានស្នើ​កាលពី​ថ្ងៃ​ពុធ​​ ទី​ ៣០ ខែ​វិច្ឆិកា ឱ្យ​បង្កើត​តុលា​ការ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ (UN) ដើម្បី​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​កងទ័ព​រុស្ស៊ី ដែល​អាច​កើត​មាន​នៅ​អ៊ុយក្រែន និង​ប្រើ​ប្រាស់​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​បាន​បង្កក ដើម្បី​ស្ដារ​អ៊ុយក្រែន​ឡើងវិញ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បាន​ថ្លែង​នៅក្នុង​សារ​ជា​វីដេអូ​ថា EU នឹងធ្វើ​ការ​ជាមួយ​ដៃគូ​អន្តរជាតិ ដើម្បី​ទទួលបាន​ការគាំទ្រ​អន្តរជាតិ​ដ៏​ទូលំ​ទូលាយ​បំផុត​តាម​តែ​អាចធ្វើ​ទៅ​បាន សម្រាប់​ការបង្កើត​តុលាការ​នេះ ខណៈពេល​ដែល​ខ្លួន​នៅតែ​បន្ត​គាំទ្រ​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ (ICC)។

សកម្មភាព​បែបនេះ​របស់ EU ធ្វើឡើង​ក្រោយពេល​ដែល​មាន​ការ​ចោទប្រកាន់​ជាច្រើន​ពីបទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ចំពោះ​កងទ័ព​រុស្ស៊ី ដែល​ចាប់ផ្ដើម​ការ​ឈ្លានពាន​អ៊ុយក្រែន​ទូទាំង​ប្រទេស​នៅ​ចុងខែ​កុម្ភៈ។ ឧក្រិដ្ឋកម្ម​ទាំងនោះ រួមមាន​ទាំង​ការ​សម្លាប់ និង​ការវាយប្រហារ​លើ​គោលដៅ​ជន​ស៊ីវិល។

អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះ គឺថា ការស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​យោធា ដែល​បាន​ប្រព្រឹត្ត អំឡុង​សង្គ្រាម​នៅ​អ៊ុយក្រែន កំពុង​ដំណើរការ​នៅ​ជុំវិញ​អឺរ៉ុប ហើយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ បាន​បើក​ការ​ស៊ើប​អង្កេត​រួចហើយ។ ប៉ុន្តែ​ដោយសារ​តែ​រុស្ស៊ី​មិន​ទទួល​យក​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ គណៈកម្មការ​អឺរ៉ុប បាន​លើកឡើង​ថា ខ្លួន​បាន​បង្ហាញ​ជម្រើស ២​ដល់​ប្រទេស EU ទាំង​២៧ ដើម្បី​ឱ្យ​វិមាន​ក្រឹមឡាំង​ទទួល​ខុសត្រូវ។ ជម្រើស​ទាំងនោះ​រួមមាន បង្កើតឱ្យ​មាន​តុលាការ​អន្តរជាតិ​ឯករាជ្យ​ពិសេស​មួយ ដែល​ផ្អែកលើ​សន្ធិសញ្ញា​ពហុភាគី និង​តុលាការ​ឯកទេស​មួយ ដែល​រួមបញ្ចូល​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ជាតិ​ជាមួយ​ចៅក្រម​អន្តរជាតិ ពោលគឺ​តុលាការ​កូនកាត់។

គួរ​គូសបញ្ជាក់​ថា ការស្វែងរក​បង្កើត​តុលាការ​នេះ ធ្វើឡើង​ទន្ទឹមនឹង​ការទាមទារ​រក​យុត្តិធម៌​ពី​អ៊ុយក្រែន។ ស្ត្រី​ទី​១ អ៊ុយក្រែន លោកស្រី អូឡេណា ហ្សេលេនស្កា​ (Olena Zelenska) កាល​ពី​ថ្ងៃ​អង្គារ បាន​ជំរុញ​ឱ្យ​មាន​ការដាក់​សម្ពាធ​លើ​រុស្ស៊ី​ឱ្យទទួល​ខុសត្រូវ។

លោកស្រី​បាន​ប្រាប់​សមាជិក​សភា ក្នុង​ទីក្រុង​ឡុងដ៍​ថា​៖ «ជ័យជម្នះ​មិនមែន​ជា​រឿង​តែ ១​គត់ ដែល​យើង​ត្រូវការ​នោះ​ទេ» និង​បាន​ប្រៀបធៀប​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី​ទៅនឹង​អំពើ​ឃោរឃៅ ដែល​ណាស៊ី​អាល្លឺម៉ង់ បាន​ប្រព្រឹត្ត​ក្នុង​សង្គ្រាម​លោកលើក​ទី​២។ មិន​ត្រឹមតែ​ប៉ុណ្ណេះ លោកស្រី ហ្សេលេនស្គី ថែមទាំង​បាន​អំពាវនាវ​ឱ្យ​ចក្រភព​អង់គ្លេស​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​កាត់ទោស​មន្ត្រី​រុស្ស៊ី​ជាន់ខ្ពស់ ដែល​ស្រដៀង​នឹង​ការកាត់ទោស​នៅ​ក្រុង​Nuremberg នៅ​ប្រទេស​អាល្លឺម៉ង់​ចំពោះ​ក្រុម​មេដឹកនាំ​ណា​ស៊ី ដែរ។

ងាក​ទៅ​មើល​ផែនការ​របស់​អឺរ៉ុប​វិញ លោកស្រី វ៉ុនឌែរ ឡេយែន បាន​បន្ថែម​ថា សហភាព​អឺរ៉ុប ចង់​ធ្វើឱ្យ​រុស្ស៊ី ចំណាយ​សម្រាប់​ការបំផ្លិច​បំផ្លាញ ដែល​ប្រទេស​នេះ​បង្កឡើង នៅ​អ៊ុយក្រែន ដោយ​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី ដែល​ប្លុក​អឺរ៉ុប​បង្កក​ក្រោម​ទណ្ឌកម្ម។ លោកស្រី​បាន​ប៉ាន់ប្រមាណ​ថា រហូតមក​ទល់​ពេលនេះ អ៊ុយក្រែន មានការ​ខូចខាត រហូតដល់ ៦១៧​ប៊ីលាន​ដុល្លារ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​ដដែល និយាយ​យ៉ាង​ដូច្នេះ​ថា៖ «រុស្ស៊ី និង​មន្ត្រីរាជការ​របស់ខ្លួន​ត្រូវ​ផ្តល់​សំណង​ដល់​អ៊ុយក្រែន សម្រាប់​ការខូចខាត និង​ត្រូវ​ចំណាយ សម្រាប់​ការកសាង​ប្រទេស​នេះ​ឡើងវិញ។ យើង​មាន​មធ្យោបាយ​ធ្វើឱ្យ​រុស្ស៊ី​បង់​ប្រាក់»។ ជុំវិញ​បញ្ហា​នេះ លោកស្រី​បញ្ជាក់​ថា ប្រាក់ ៣០៨​ប៊ី​លាន​ដុល្លារ​នៃ​ទុនបម្រុង​របស់​ធនាគារ​កណ្តាល​រុស្ស៊ី​ត្រូវ​បាន​បង្កក ជាមួយនឹង​ប្រាក់​របស់​មហា​សេដ្ឋី​រុស្ស៊ី​ចំនួន ២០​ប៊ី​លាន​ផ្សេងទៀត។

លោកស្រី វ៉ុនឌែរ ឡេយែន បាន​អះអាង​ថា អឺរ៉ុប​នឹង​បង្កើត​រចនា​សម្ព័ន្ធ​មួយ ដើម្បី​គ្រប់គ្រង​មូលនិធិ​ទាំងនេះ ហើយ​នៅពេល​ដែល​ទណ្ឌកម្ម​ដក​ចេញ មូលនិធិ​ទាំងនេះ នឹង​អាច​ត្រូវ​ប្រើប្រាស់ ដើម្បីឱ្យ​រុស្ស៊ី​ផ្តល់​សំណង​ពេញលេញ សម្រាប់​ការ​ខូចខាត នៅអ៊ុយក្រែន។

សូម​រំឭកថា កន្លងមក​រុស្ស៊ី​តែង​ព្រមាន​មិនឱ្យ​លោកខាងលិច​យក​ទ្រព្យសម្បត្តិ​របស់ខ្លួន​ទៅ​ប៉ះប៉ូវ​អ៊ុយក្រែន ដោយ​និយាយ​ថា ការ​បង្កក​ទុក​បម្រុង​នៅ​បរទេស​របស់​ធនាគារ​កណ្ដាល​រុស្ស៊ី និង​ទ្រព្យសម្បត្តិ​នៃ​ពលរដ្ឋ​របស់ខ្លួន គឺជា​ទង្វើ​ខុស​ច្បាប់។ ជាមួយគ្នា​នេះ អ្នក​ជំនាញ​ផ្នែក​ច្បាប់ ក៏​ព្រមាន​ផងដែរ​ថា តាម​ទស្សនៈ​ច្បាប់​អន្តរជាតិ ការប្រើប្រាស់​ទ្រព្យសកម្ម​របស់​ធនាគា​រ​កណ្តាល​រុស្ស៊ី នឹងមាន​ការលំបាក​ផ្នែក​ច្បាប់ បើ​គ្មាន​ការយល់ព្រម​ពី​រុស្ស៊ី៕