ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​សម្រាប់​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក ​លោក ​ជែក ​ស៊ូល្លីវ៉ាន (Jake Sullivan) ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​អះអាង​ថា ​សហរដ្ឋ​អាមេរិក​កំពុងធ្វើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កូរ៉េខាង​ជើង ខណៈពេល​ដែល​ទីក្រុង​ព្យុង​យ៉ាង​ កំពុង​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការ​អភិវឌ្ឍ​កាំ​ជ្រួច​ដែល​ត្រូវ​បាន​ហាមឃាត់ ​និង​ជា​សញ្ញា​នៃ​ការ​សាកល្បង​នុយក្លេ​អ៊ែរ​ថ្មី។

​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​កូរ៉េ​ខាងជើង​ ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​​កន្លង​មក​​គ្មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្គាត់​​កូរ៉េ​ខាង​ជើង​ពី​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​នោះទេ។

ថ្លែង​ប្រាប់​សន្និសីទ​មួយ​នៅទី​ក្រុង​សេអ៊ូល​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ និង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ JoongAng ​កូរ៉េ​ខាងត្បូង​ លោក ស៊ូល្លីវ៉ាន​ បញ្ជាក់​ថា៖​«យើង​មាន​កញ្ចប់​វិធានការ​ទណ្ឌកម្ម​ថ្មី​ដែល​​នឹង​កើត​ឡើង​ដូច​ដែល​យើង​និយាយ​»។

នៅ​ពេល​ថ្លែង​តាម​រយៈ​ការ​តភ្ជាប់​វីដេអូ​ពីចម្ងាយ ​លោក​ ស៊ូល្លីវ៉ាន ​មិន​បាន​រៀប​រាប់​លម្អិត​អំពី​ទណ្ឌកម្ម​ដែល​អាមេរិក​ប្រុង​ដាក់​ប្រឆាំង​កូរ៉េ​ខាងជើង​ទេ​ ប៉ុន្តែ​បាន​និយាយ​ថា​ ទីក្រុង​វ៉ាស៊ីនតោន​​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​សម្ពាធ​ និង​ការ​ទូត​ដើម្បី​​ទាញ​កូរ៉េខាង​ជើង​ឱ្យ​បោះ​បង់​ឃ្លាំង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន។

បន្ទាប់​ពី​កូរ៉េខាង​ជើង​បាញ់​មីស៊ីល​ជា​ច្រើនគ្រាប់ ​រួម​ទាំង​មីស៊ីល​ឆ្លង​ទ្វីប​ផង​នោះ ​​សហរដ្ឋអាមេរិក​បង្ហាញ​អំពីការ​បង្កើនកិ​ច្ច​សហ​ប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ មាន​កូរ៉េ​ខាងត្បូង និង​ជប៉ុន ​ក្នុង​ការ​បង្កើន​សមយុទ្ធ​យោធា​រួម​គ្នា​ ដើម្បី​បង្ហាញ​សាច់ដុំ​​តប​ទៅ​កូរ៉េ​ខាង​ជើង​វិញ​។

ប្រទេស​កូរ៉េ​ខាងជើង​​ ជារឿយៗ​បាន​និយាយ​ថា ការរំ​សាយ​អាវុធ​នុយក្លេអ៊ែរ​គឺ​នៅ​ក្រៅ​តុ ហើយ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​ថា​បាន​អនុវត្តគោល​ន​យោ​បាយ «អរិភាព»​ រួម​ទាំងការ​ដាក់​ទណ្ឌ​កម្ម​ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះគ្មាន​ជម្រើស​ក្រៅ​ពី​ពង្រីក​យោធា​របស់​ខ្លួន​នោះទេ។

លោក​ ស៊ូល្លីវ៉ាន​ បាន​និយាយ​ថា ​ទីក្រុង​វ៉ាស៊ីនតោន​មិន​មាន​ចេតនា​អាក្រក់​ចំពោះ​កូរ៉េ​ខាងជើង​ទេ ហើយ​បើក​ចំហ​សម្រាប់​កិច្ច​ពិភាក្សា​ដោយ​គ្មាន​លក្ខខណ្ឌ​មុន។

​​សហរដ្ឋ​អាមេរិក​​បាន​ដាក់ចេញ​ទណ្ឌកម្ម​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​បាន​បញ្ឈប់​កម្ម​វិធី​មី​ស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​ដែល​កាន់តែ​ទំនើប​របស់​កូរ៉េ​ខាងជើង​នោះ​ទេ ហើយ​ចិន​ និង​រុស្ស៊ី​បាន​រារាំង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​នាពេល​ថ្មីៗ​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​របស់​អង្គការ​សហប្រជាជាតិ ដោយ​និយាយ​ថា​ពួកគេ​គួរតែ​ត្រូវ​បាន​បន្ធូរ​បន្ថយ​ដើម្បី​ចា​ប់ផ្តើម​កិច្ច​ពិភាក្សា និង​ជៀស​វាង​ការប៉ះ​ពាល់​ដល់​មនុស្ស​ធម៌៕

វីដេអូ៖