​វត្តមាន​ចិននៅក្នុង​អាហ្រ្វិក បាន​ជំរុញឱ្យមាន​ការជជែក​​វែកញែក​យ៉ាងខ្លាំង​ថា តើ​ចិន​គឺជា​អាណានិគមនិយម​ថ្មី ឬ​ជា​ដៃគូ​​អភិវឌ្ឍន៍​ថ្មី សម្រាប់​ទ្វីប ហើយ​ការដេញដោល​គ្នា​ទាំងនោះ​ភាគច្រើន តែងតែ​មើលរំលង​ពី​តួនាទី​របស់​បណ្ដា​ប្រទេស​អ្រា​ហ្វិ​ក ក្នុង​ទំនាក់ទំនង​នេះ​។

​រយៈពេល​កន្លងមក ចិន​ត្រូវបាន​ប្រទេស​លោកខាងលិច​ចោទ​​ប្រកាន់​ថា ប្រើ​យុទ្ធសាស្ត្រ​ដាក់​អន្ទាក់​បំណុល​លើ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍នៅ​អាហ្រ្វិក តាម​រយៈ​ការវិនិយោគ​របស់ខ្លួន​ទៅលើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ និង​ការផ្ដល់​ប្រាក់កម្ចី​ជាដើម​។

​ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា​ដ៏​ទូលំទូលាយ​នេះ គំនិត​ផ្តួចផ្តើម​ផ្លូវ​​ ១ ​ខ្សែក្រវាត់​ ១ (BRI) ដែល​មេដឹកនាំ​ចិន លោក ស៊ី ជីន​ភីង បានដាក់​ចេញ​នៅ​ឆ្នាំ​ ២០១៣ នោះ បាន​ដើរតួនាទី​យ៉ាងសំខាន់​លើ​សកម្មភាព​ទំនាក់ទំនង​របស់​ចិន ក្នុងប្រទេស​នីមួយៗ​។ វា​ត្រូវបាន​គេ​ហៅថា ជា​គ្រោង​ការពង្រីក​ដែន​ឥទ្ធិពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន ហើយ​មិន​ត្រឹមតែ​នៅ​ទ្វីប​​អាហ្រ្វិក​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅលើ​ទ្វីបអាស៊ី និង​អឺរ៉ុប​ផងដែរ​។

​យ៉ាងណាមិញ ពេល​គេ​និយាយ​អំពី​ទំនាក់ទំនង ច្បាស់​ណាស់ វា​ពិត​ជាមាន​សារៈសំខាន់ សម្រាប់​ភាគី​ទាំងសងខាង​។ តាមរយៈ BRI ចិន​ដាក់​ការវិនិយោគ និង​ជំនួយ​រាប់ពាន់​លាន​ដុល្លារ សម្រាប់​បណ្ដា​ប្រទេស​អាហ្រ្វិក​នានា​។ ជា​ថ្នូរ​មកវិញ ក្រោម​គំនិត​ផ្តួចផ្ដើម​ដដែល ចិន​នឹងមាន​ទីផ្សារ​នាំចេញ និង​អាច​ទាញយក​ធនធាន​សំខាន់ៗ​ពី​ប្រទេស ដែល​ខ្លួន​ជួយ ឬ​វិ​និ​យោគ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​ទាំងនោះ​នឹង​ផ្ដល់​ជំហរ​ការពារ​ចិន​លើ​ឆាក​អន្តរជាតិ ចំពោះ​បញ្ហា​រសើបៗ ដូចជា​ការ​​រំលោភសិទ្ធិ​មនុស្ស នៅ​តំបន់​ស៊ីន​ជាំ​ង ជម្លោះ​តៃវ៉ាន់ ឬ​គោល​​នយោបាយ​ចិន​តែ​ ១ និង​ការ​គាប​​សង្កត់​ការគាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅ​ទីក្រុង​ហុងកុង​ជាដើម​។

​ទំនាក់ទំនង​របស់​ចិន​ជាមួយ​បណ្ដា​ប្រទេស​អាហ្រ្វិក​នីមួយៗ និង​ភាគច្រើន ស្ថិតនៅលើ​ការចូល​ចិត្ត​របស់​ប្រទេស​ទាំងនោះ ចំពោះ​ក្រុង​ប៉េកាំង ដោយសារតែ​ចិន​មាន​លុយ​ច្រើន មាន​គោ​លន​យោ​​បាយ​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង និង​វោហារ​ស័ព្ទ​ស្លូតបូត​។ នេះ​បើតាម​ការសរសេរ​រប​ស់លោក Anuj Dhyani ដែលជា​អនុបណ្ឌិត​ផ្នែក​ការទូត ច្បាប់ និង​ធុរកិច្ច​។​

​ការស្រឡាញ់​ចូលចិត្ត​ចិន ត្រូវបាន​ស្ដែងចេញ​ឱ្យឃើញ ក្នុង​សេចក្ដីណែនាំ​ស្ដីពីអាហ្រ្វិក ឆ្នាំ ២០២១ របស់​ចិន ដែល​អះអាងថា គោលដៅ​របស់​ទីក្រុង​ប៉េកាំង​នៅ​ទ្វីប​នេះ គឺ «​ការផ្ដល់ឱ្យ​កាន់តែច្រើន ហើយ​យកមក​វិញ​តិច ផ្តល់​មុន​យក ហើយ​ផ្ដល់ឱ្យ​ដោយ​មិន​រំពឹង​អ្វី​ជា​ថ្នូរ​មកវិញ ដូច្នេះ​ចិន​ស្វាគមន៍​ប្រទេស​អាហ្រ្វិក ដើម្បី​អភិវឌ្ឍ​រថភ្លើង​ល្បឿន​លឿន​ជាមួយ​ខ្លួន​ទាំង​បើកដៃ​»​។​

​តែ​ក៏​មានការ​ចោទសួរ​ស្ដីពី​របៀប ដែល​បណ្ដា​ប្រទេស​អ្រា​ហ្វិ​ក​ទាញយក​ប្រយោជន៍​ពី​ទំនាក់ទំនង ដែល​គ្មាន​តុល្យភាព​នោះ​។ លោក Dhyani សរសេរថា ការទទួល​​យក​ជំនួយ ការវិនិយោគ ដើមទុន និង​បច្ចេកវិទ្យា​របស់​ចិន សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ គឺ​មិន​គ្រប់គ្រាន់ សម្រាប់​ការទាញយក​អត្ថប្រយោជន៍​នោះទេ​។ អ្វីដែល​ទាមទារ​នោះ គឺ​ការអនុវត្ត​ភ្នាក់ងារ​ក្នុង​តំបន់ ដើម្បី​ទាញ​​យក​អត្ថប្រយោជន៍​ដ៏​ច្រើន​បំផុត ដែល​អាចធ្វើ​ទៅបាន ហើយ​វា​ចាំបាច់​ឱ្យ​រដ្ឋាភិបាល នៅ​អាហ្រ្វិក សង្កត់ធ្ងន់​លើ​ការធ្វើឱ្យ​រាល់​គម្រោង BRI មាន​លក្ខណៈ​ជា​មូលដ្ឋាន ដើម្បីឱ្យ​តួអង្គ​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ចូលរួម​។​

​ត្រង់ចំណុច​នេះ ប្រទេស​​នី​ហ្សេ​រី​យ៉ា អាចជា​ករណី​សិក្សា​សំខាន់​អំពី​អ្វីដែល​កើតឡើង ពេលដែល​ប្រទេស​អាហ្រ្វិក​បរាជ័យ ក្នុង​ការប្រើ​ឥទ្ធិពល​របស់ខ្លួន ដើម្បី​រៀបចំ​ទំនាក់ទំនង​ជាមួយ​ចិន ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​របស់ខ្លួន​។ ចាប់តាំងពី​ឆ្នាំ​ ២០០៦ មក ចិន និង​នី​ហ្សេ​រី​យ៉ា គឺជា​ដៃគូ​យុទ្ធសាស្ត្រ ហើយ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង ​២ បាន​រីកចម្រើន ក្នុង​លក្ខណៈ​ដែល​ភាគី​ទាំង ​២ នឹង​ពណ៌នា​ជាទូទៅ​ថា «​ឈ្នះ​-​ឈ្នះ​»​។ ទាក់ទង​នឹង​ពាណិជ្ជកម្ម និង​ការវិនិយោគ ចិន​បាន​ក្លាយជា​តួអង្គ​សំខាន់ នៅ​នី​ហ្សេ​រី​យ៉ា ហើយ​ចំពោះ​ជំនួយ​អភិវឌ្ឍន៍ ក៏បាន​ក្លាយជា​ដៃគូ​នី​ហ្សេ​រី​យ៉ា​ពេញចិត្ត​ផងដែរ​។​

​គេ​មើលឃើញថា ចិន​គឺជា​ប្រភព​នៃ​មូលនិធិ​ចម្បង​របស់​នី​ហ្សេ​រី​យ៉ា ដើម្បី​បង្កើត​ហេ​ដ្ឋា​រចនាសម្ព័ន្ធ ដែល​កាន់តែ​យ៉ាប់យ៉ឺន​ឡើងវិញ ដោយ​រដ្ឋាភិបាល​ក្រុង​​អា​ប៊ូ​ចា បាន​ចូលរួម​ជាមួយ BRI ជា​ផ្លូវការ ក្នុង​ឆ្នាំ​ ២០១៨ នៅឯ​វេទិកា​ស្តីពី​កិច្ចសហប្រតិបត្តិការ​​ចិន​-​អាហ្រ្វិក (FOCAC) នៅ​ទីក្រុង​ប៉េកាំង​។ ចិន និង​តួអង្គ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ពិសេស​សាជីវកម្ម​សំណង់​វិស្វកម្ម​ស៊ីវិល​​ចិន (CCECC) បាន​ក្លាយជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​គោលដៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​នី​ហ្សេ​រី​យ៉ា រាប់​តាំងពី​ផ្លូវ​រថភ្លើង រហូតដល់​ព្រលានយន្តហោះ និង​បណ្ដាញ​ទូរគមនាគមន៍​។

​ខណៈ​រដ្ឋាភិបាល​ក្រុង​អា​ប៊ូ​ចា អរគុណ​ដល់​ចិន ប្រតិបត្តិការ BRI នៅ​នី​ហ្សេ​រី​យ៉ា ហាក់ដូចជា​អាថ៌កំបាំង សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ក្នុងស្រុក ដោយ​រារាំង​ការចូលរួម​របស់​ពួកគេ ក្នុងការ​សម្រេចចិត្ត និង​ការអនុវត្ត​គម្រោង​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏មាន​បញ្ហា​ចម្រូងចម្រាស​លើ​កង្វះ​តម្លាភាព ជុំវិញ​កិច្ចព្រមព្រៀង​ប្រាក់កម្ចី​ដែលមាន​ស្រាប់ រវាង​ធនាគារ​​ប្រតិបត្តិ និង​ធនាគារ​រដ្ឋ​ចិន​។ ដោយសារតែ​បញ្ហា​ទាំងអស់នេះ​គម្រោង​នានា​របស់ BRI របស់​ចិន នៅ​នី​ហ្សេ​រី​យ៉ា ពោ​ពេញ​ដោយ​ភាព​សម្ងាត់ អំពើពុករលួយ និង​ការមិន​យកចិត្តទុកដាក់ ចំពោះ​ច្បាប់​ក្នុងស្រុក​ជាដើម​។​

​គ្រប់​ទាំង​បញ្ហា នៅ​នី​ហ្សេ​រី​យ៉ា ក្រោម BRI បង្កើតជា​សំណួរ​ថា តើ​ប្រជា​ជននី​ហ្សេ​រី​យ៉ា ទទួល​​បាន​កិច្ចព្រមព្រៀង​ល្អ​បំផុត​ពី​ទំនាក់ទំនង រវាង​រដ្ឋាភិបាល និង​ចិន ដែរ ឬ​យ៉ាងណា​? យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភព​-​លោក​ស្តីពី​ហានិភ័យ​ទាក់ទង​នឹង BRI ដូចជា​និរន្តរភាព​បំណុល ហេដ្ឋារចនាសម្ព័ន្ធ​ជាប់គាំង និង​គ្រោះថ្នាក់​ដល់​សហគមន៍​មូលដ្ឋាន និង​បរិស្ថាន គឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ដោយសារ​វត្តមាន​របស់​ស្ថាប័ន​ក្នុងស្រុក​ទន់ខ្សោយ និង​អំពើ​ពុករលួយ ដែល​រារាំង​កំណើនសេដ្ឋកិច្ច​បន្តបន្ទាប់ ហើយ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ជា​អតិបរមា​ពី BRI ការអនុវត្ត​អភិ​បាល​កិច្ច​ល្អ​ដែល​ឆ្ពោះទៅរក​ភាព​បើកចំហ តម្លាភាព និង​ការប្រកាន់​ខ្ជាប់​ច្បាប់​លទ្ធកម្ម​ក្នុងស្រុក​។

​ត្រង់ចំណុច​នេះ លោក ​Dhyani បាន​ប្រាប់ថា វា​មិនកើត​មានតែ​នៅ​នី​ហ្សេ​រី​យ៉ា​មួយ​ប៉ុណ្ណោះ​ទេ សម្រាប់​ទ្វីប​អាហ្រ្វិក ហើយ​វា​ជា​បញ្ហា ដែល​បណ្ដា​ប្រទេស​ផ្សេងទៀត នៅ​ទ្វីប​អាហ្រ្វិក ត្រូវយក​​ចិត្ត​ទុកដាក់ ចំពោះ​ការវិនិយោគ ឬ​ផ្ដល់ជំនួយ​របស់​ចិន​៕​

វីដេអូ៖