រុស្ស៊ី​ដែល​កំពុង​រង​ទណ្ឌកម្ម​យ៉ាងខ្លាំង​មិន​ធ្លាប់​ជួបប្រទះ​ពី​បស្ចិមប្រទេស បន្ទាប់ពី​ការលើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​​អ៊ុយ​ក្រែ​ន បានដាក់​ចេញ​បញ្ជី​ទំនិញ ដែល​ខ្លួន​ត្រូវការ សម្រាប់​វិស័យ​ឧស្សាហកម្ម​ទៅកាន់​ប្រទេស​ឥណ្ឌា ដែល​នៅ​រក្សា​មិត្តភាព​ទាំង​ជាមួយ​រុស្ស៊ី និង​ពួក​បស្ចិមប្រទេស​។​

​ការរក្សា​មិត្តភាព​ជាមួយ​ប្រទេស​រុស្ស៊ី ខណៈដែល​ប្រទេស​ជាច្រើន ក្នុង​ពិភពលោក​ថ្កោលទោស​រុស្ស៊ី ព្រោះតែ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​នោះ ត្រូវបាន​គេ​មើលឃើញថា ប្រទេស​ឥណ្ឌា​ឆ្លៀតឱកាស​នេះ ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​រុស្ស៊ី កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉​យ​ទ័​រ ដែល​ទទួលបាន បញ្ជី​ទំនិញ ដែល​រុស្ស៊ី​ដាក់​ស្នើ​ទៅ​ប្រទេស​ឥណ្ឌា រដ្ឋាភិបាល​​ទីក្រុង​ម៉ូស្គូ បាន​បញ្ជូន​បញ្ជី​ផលិតផល ៥០០​ ​ប្រភេទ ដែល​ខ្លួន​ត្រូវការ​ពី​រដ្ឋាភិបាល​​ទីក្រុង​ញូវដែលី ដែល​ភាគច្រើន​ជា​សម្ភារ និង​គ្រឿងបន្លាស់​បម្រើឱ្យ​វិស័យ​ឧស្សា​ហក​ម្ម​។ ទោះបី​យ៉ាងណាក្ដី វា​មិនទាន់​ច្បាស់​ថា តើ​ទំនិញ​ប៉ុន្មាន​ប្រភេទ ដែល​នៅ​ទីបំផុត ឥណ្ឌា​នឹងត្រូវ​នាំចេញ និង​ក្នុង​បរិមាណ​ប៉ុន្មាន​នោះឡើយ ប៉ុន្តែ​ប្រភព​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយថា សំណើ​នេះ គឺ​មិនធម្មតា នៅក្នុង​វិសាលភាព​របស់​ប្រភេទ​មុខទំនិញ​នីមួយៗ​ឡើយ​។​

​ប្រភព​ស្និទ្ធ​នឹង​កិច្ចការ​ពាណិជ្ជកម្ម​ដែល​រ៉​យ​ទ័​រ​បាន​ដកស្រង់​សម្ដី បាន​និយាយថា ប្រទេស​ឥណ្ឌា​មានបំណង​ចង់​ជំរុញ​ពាណិជ្ជកម្ម តាមរបៀប​នេះ ខណៈដែល​ខ្លួន​ព្យាយាម​បង្រួម​ឱនភាព​ពាណិជ្ជកម្ម ដែល​រីក​ប៉ោង​ជាមួយ​រុស្ស៊ី​។ ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​មួយចំនួន បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​ខ្លាំង ដោយសារ​ទណ្ឌកម្ម​រប​ស់លោក​ខាងលិច​ដ៏​មាន​សក្តានុពល​។​

​ឥណ្ឌា ទោះបី​ពេលខ្លះ​រិះគន់​រុស្ស៊ី​រឿង​បង្ក​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​ក៏ពិតមែន ប៉ុន្តែ​ឥណ្ឌា​ដែលជា​មហាអំណាច នៅ​តំបន់​អាស៊ី និង​មាន​សេដ្ឋកិច្ច​ធំ​ទី ​៥ ក្នុង​ពិភពលោក តែងតែ​ស្រូបយក​ផលិតផល​ពី​រុស្ស៊ី​ជា​បន្តបន្ទាប់ ដូចជា​ប្រេង ជី​កសិកម្ម និង​ធ្យូងថ្ម​ជាដើម​។ នេះ​បើតាម CNN​។

​តាម​ប្រភព​ចុះផ្សាយ​នានា​មាន BBC ជាដើម បាន​លើកឡើងថា ក្រោយ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន ចាប់ផ្តើម រុស្ស៊ី​ចាប់ផ្តើម​រង​ទណ្ឌកម្ម​ភ្លាមៗ ហើយ​ឥណ្ឌា​បន្ត​ទទួល​ទិញ​ប្រេង​ពី​រុស្ស៊ី ដែលមាន​តម្លៃ​ទាប​ជាង​រុស្ស៊ី​លក់​ទៅឱ្យ​ទីផ្សារ​អឺរ៉ុប ចន្លោះ​ពី ២០ ទៅ ៣០ ​ដុល្លារ ក្នុង ១​បារ៉ែល ហើយ​បើតាម​រ៉​យ​ទ័​រ ប្រភព​ឧស្សាហកម្ម នៅ​ទីក្រុង​ម៉ូស្គូ ដែល​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ដោយសារតែ​ភាព​រសើប​នៃ​បញ្ហា​នេះ បាន​ប្រាប់ថា ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​ធំៗ ផ្គត់ផ្គង់​ចំនួន​វត្ថុធាតុដើម និង​ឧបករណ៍​សម្ភារ ដែល​ភាគី​ដៃគូ​ត្រូវការ​។​

​ប្រភព​នោះបាន​បន្ថែមថា ការពិភាក្សា​បន្ថែមទៀត​នឹងត្រូវ​ការ ដើម្បី​យល់ព្រម​លើ​លក្ខណៈ​ជាក់លាក់ និង​បរិមាណ ហើយ​ការផ្គត់ផ្គង់​មិនត្រូវ​បានកំណត់ ចំពោះ​ប្រទេស​ឥណ្ឌា​នោះទេ​។ ប្រភព​ចំនួន​ ២ របស់​ឥណ្ឌា បានឱ្យដឹងថា សំណើ​របស់​រុស្ស៊ី ត្រូវបាន​ធ្វើឡើង​ជាច្រើន​សប្តាហ៍​មុន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​​ឥណ្ឌា លោក Subrahmanyam Jaishankar ទៅកាន់​ទីក្រុង​ម៉ូស្គូ ចាប់ពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា​។ ភ្លាមៗ​នោះ គេ​មិនទាន់​ដឹង​ច្បាស់​អំពី​អ្វីដែល​ត្រូវបាន​បញ្ជូន ដោយ​ក្រុង​​ញូវដែលី​ទៅកាន់​ប្រទេស​រុស្ស៊ី ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ​។​

​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) មិនបាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច ក្នុងការ​រិះគន់​ទីក្រុង​ម៉ូស្គូ ដោយ​បើកចំហ ចំពោះ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​នោះទេ ហើយ​បាន​បង្កើន​ការទិញ​ប្រេង​របស់​រុស្ស៊ី​យ៉ាងខ្លាំង ដែល​បាន​រារាំង​វាពី​ផលប៉ះពាល់​មួយចំនួន​នៃ​ទណ្ឌកម្ម​។ ក្នុងអំឡុង​ទស្សនកិច្ច នៅ​ទីក្រុង​ម៉ូស្គូ លោក Jaishankar បាន​និយាយថា ឥណ្ឌា​ចាំបាច់​ត្រូវ​ជំរុញ​ការនាំ​ចេញទៅ​រុស្ស៊ី ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ឥឡូវនេះ កំពុង​ងាក​ទៅរក​រុស្ស៊ី​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា ត្រូវបាន​អមដំណើរ ដោយ​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​កសិកម្ម ប្រេង និង​ឧស្ម័ន​ធម្មជាតិ កំពង់ផែ និង​ការដឹកជញ្ជូន ហិរញ្ញវត្ថុ សារធាតុ​គីមី និង​ជី និង​ពាណិជ្ជកម្ម ដែល​គាត់​បាន​ប្រាប់ថា បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។​

​ការដាក់ទណ្ឌកម្ម​រប​ស់លោក​ខាងលិច​បានធ្វើ​ឱ្យ​ការផ្គត់ផ្គង់​ផលិតផល​សំខាន់ៗ​មួយចំនួន នៅក្នុង​ប្រទេស​រុស្ស៊ី​ចុះខ្សោយ​។ ក្រុមហ៊ុន​អាកាសចរណ៍ កំពុង​ជួបប្រទះ​នឹង​ការខ្វះខាត​គ្រឿងបន្លាស់​យ៉ាងខ្លាំង ព្រោះ​យន្តហោះ​ស្ទើរតែ​ទាំងអស់​ផលិត ដោយ​បរទេស​។គ្រឿងបន្លាស់​រថយន្ត​ក៏មាន​តម្រូវការ​ផងដែរ ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទូទាំង​ពិភពលោក បាន​ចាក​ចេញពី​ទីផ្សារ​របស់​រុស្ស៊ី​។​

​ប្រភព​នៅក្នុង​ឧស្សាហកម្ម​លក់​រថយន្ត​របស់​រុស្ស៊ី បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បាន​បញ្ជូន​បញ្ជី​នៃ​គ្រឿងបន្លាស់​រថយន្ត ដែល​ចាំបាច់​ទៅកាន់​ក្រសួង និង​ទីភ្នាក់ងារ​​រដ្ឋ ដែល​ត្រូវ​គ្នា ក្នុងប្រទេស​ផ្សេងទៀត រួមទាំង​ឥណ្ឌា​ផងដែរ​។ សម្រាប់​យន្តហោះ និង​ឧទ្ធម្ភាគចក្រ រុស្ស៊ី​បានស្នើ​សុំ​ទំនិញ ៤១​ មុខ រួមទាំង​គ្រឿងបន្លាស់​ឧបករណ៍​ចុះចត ប្រព័ន្ធ​ប្រេងឥន្ធនៈ ប្រព័ន្ធ​ទំនាក់ទំនង និង​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ អាវ​ការពារ​ជីវិត និង​សម្បក​កង់​យន្តហោះ​ជាដើម​៕

វីដេអូ៖