ការប្រកួតប្រជែង​ផ្នែក​អវកាស​ដែល​កំពុង​បន្ត​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​នេះ គឺជា​ទិដ្ឋភាព​មួយ​ផ្សេងទៀត​របស់​ពិភពលោក​ដែល​មាន​ប៉ូល​ច្រើន ដើម្បី​ក្រោក​ចេញពី​អនុត្តរភាព​របស់​មហាអំណាច​មួយ។ នេះ​បើតាម​ការលើក​ឡើង​របស់​ប្រធាន​មន្ទីរពិសោធន៍​ស្រាវជ្រាវ​អវកាស​របស់​សាកល​វិទ្យាល័យ​ហុងកុង លោក Quentin Parker។

​លោក Parker បង្ហាញ​ការយល់ឃើញ​យ៉ាង​ដូច្នេះ​ប្រាប់​បណ្ដាញ​ព័ត៌មាន​សិង្ហ​បុរី CNA ដោយ​គូសបញ្ជាក់​ពី​ការអភិវឌ្ឍ​កម្មវិធី​អវកាស​របស់​ប្រទេស​ចិន ដែលជា​អ្នក​ប្រកួត​ប្រជែង​ថ្មី​ដ៏​ខ្លាំងក្លា ក្នុង​សង្វៀន​ដែល​ពីមុនមក​មានតែ​សហរដ្ឋអាមេរិក និង​រុស្ស៊ី។

​អ្នកជំនាញ​រូបនេះ បាន​លើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ចិន​បាន​កសាង​សមត្ថភាព​អវកាស​របស់​ខ្លួន​ជា​បណ្ដើរៗ ហើយ​ការបញ្ជូន​អវកាសយានិក ៣ នាក់​ថ្មី​ទៅ​ស្ថានីយ​អវកាស Tiangong កាលពី​យប់​ថ្ងៃ​អង្គារ (២៩ វិច្ឆិកា​) គឺ​គ្រាន់តែ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់​ចិន​លើ​ដែនថ្មី​ប៉ុណ្ណោះ។

​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​សោះ បើ​ធៀប​នឹង​គូប្រកួត​ប្រជែង ចិន​សម្រេចបាន​សមិទ្ធ​ផល​ផ្សេងៗ​យ៉ាង​លឿន​លើ​វិស័យ​អវកាស ដោយ​ប្រើ​ទាំង​បច្ចេកវិទ្យា និង​គ្រឿង​ម៉ាស៊ីន​ថ្មីៗ ហើយ​ថែមទាំង​គូសបញ្ជាក់​ជានិច្ច​នូវ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ។

​យោងតាម​របាយការណ៍​ពី​មន្ទីរ​បញ្ច​កោណ​អាមេរិក​ស្ដីពី​អំណាច​យោធា​ចិន​ឆ្នាំ ២០២២ ដែល​ចេញផ្សាយ​នៅ​សប្ដាហ៍​នេះ យោធា​ចិន​កំពុង​អភិវឌ្ឍ​អាវុធ​អវកាស និង​អាវុធ​ប្រឆាំង​អវកាស​ដែល​នឹង​សំខាន់​សម្រាប់​ការ​ទប់ទល់​នឹង​ជម្លោះ​ក្នុង​តំបន់​នៅពេល​ណាមួយ​នាពេល​ខាងមុខ​។ ដោយ​មើលឃើញ​ពី​ភាព​ជឿនលឿន​នេះ មន្ត្រី​បស្ចិម​លោក បាន​ចាត់ទុក​ចិន​ថា​ជា​គូប្រជែង​ពេញ​ដោយ​អំណាច​ភូមិសាស្ត្រ​នយោបាយ​ខ្លាំងក្លា ដែល​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​អនុត្តរភាព​របស់​ខ្លួន ជាពិសេស​សហរដ្ឋអាមេរិក។

​យ៉ាងណាមិញ អំណាច​យោធា​មិនមែនជា​ហេតុផល​តែមួយ ដែល​ធ្វើឱ្យ​ពិភពលោក​ប្រកួត​ប្រជែង​គ្នា​លើទី​អវកាស​នោះទេ​។ លោក Parker បាន​លើកឡើង​ថា ផ្នែក​មួយ​នៃការ​ប្រកួត​ប្រជែង​គឺ​កិត្យានុភាព និង​មោទនភាព​ជាតិ ដោយសារតែ​ប្រទេស​នានា​រួមមាន​ទាំង​ចិន ចង់បង្ហាញ​ពិភពលោក​ថា ពួកគេ​មាន​សមត្ថភាព​សម្រេច​បាន​នូវ​ស្នាដៃ​នោះ។

ប៉ុន្តែ​ខណៈដែល​ចិន​មាន​សមត្ថភាព​អាច​ប្រៀបធៀប​នឹង​អាមេរិក និង​អឺរ៉ុប លោក Parker បាន​កត់សម្គាល់​យ៉ាង​ដូច្នេះ​ថា​៖ «​កុំភ្លេចថា​មាន​ប្រទេស​ផ្សេងទៀត​ដូចជា​ឥណ្ឌា និង​ជប៉ុន ដែលមាន​កម្មវិធី​អវកាស​ខ្លាំង​ផងដែរ​។ ប៉ុន្តែ​ខ្ញុំ​គិតថា វា​ច្បាស់​ណាស់​ថា​នៅ​ទសវត្សរ៍​ក្រោយ កម្មវិធី​អវកាស​នឹង​ដឹកនាំ​ដោយ​ចិន អាមេរិក និង​អឺរ៉ុប»។

​អ្នកជំនាញ​ខាង​កិច្ចការ​ស្រាវជ្រាវ​អវកាស​ដដែល​បាន​កត់សម្គាល់ថា ចិន​បាន​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​លើការ​ប្រកួត​ប្រជែង ដោយ​ប្រទេស​នេះ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស ៣ គត់ ដែល​បាន​បង្ហោះ​យានអវកាស​នាំយក​គំរូ​សិលា​ពី​ភព​ព្រះចន្ទ។

​មិន​ត្រឹម​ប៉ុណ្ណេះ ចិន​ក៏បាន​បាញ់​បង្ហោះ​យាន​រុករក​ទៅ​ភព​អង្គារ​ដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ទី ២ មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​។ ហើយ​ទាំងអស់​នេះ មិន​រាប់បញ្ចូល​ទាំង​ការ​ដំឡើង​ស្ថានីយ​អវកាស Tiangong ដែល​នឹង​ពន្លឿន​ការប្រកួត​ប្រជែង​របស់​ចិន​ជាមួយនឹង​អាមេរិក និង​រុស្ស៊ី​ផង។

​លើសពីនេះទៅទៀត មន្ត្រី​អវកាស​ចិន​នាពេល​បច្ចុប្បន្ន មានបំណង​ដាក់​អវកាសយានិក​នៅ​លើ​ឋាន​ព្រះចន្ទ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​បន្ទាប់ ហើយ​ចិន​ក៏​គ្រោង​នឹង​ប្រមូល​គំរូ​អាចម៍ផ្កាយ​នៅ​ជិត​ផែនដី​នៅ​ឆ្នាំ ២០២៥ ផងដែរ​។ នៅ​ឆ្នាំ ២០៣០ ចិន​មាន​គោលបំណង​ចាប់ផ្តើម​បេសកកម្ម​ទៅកាន់​ភព​ព្រះអង្គារ និង​បេសកកម្ម​រុករក​ដោយ​គ្មាន​មនុស្ស ទៅកាន់​ភព​ព្រហស្បតិ៍។

​ជាមួយគ្នានេះ នៅមាន​គម្រោង​អវកាស​ផ្សេងទៀត រួមទាំង​គម្រោង​សាងសង់​ស្ថានីយ​ទាញយក​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅលើ​លម្ហ​ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ដើម្បី​ក្លាយជា​មហាអំណាច​អវកាស​ឈាន​មុខគេ​លើ​ពិភពលោក​នៅ​ឆ្នាំ ២០៤៥។

​ត្រង់ចំណុច​ទាំងនេះ លោក Parker បាន​លើកឡើងថា ការប្រកួត​ប្រជែង​ផ្នែក​អវកាស​គឺជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​កាន់តែ​ទូលំទូលាយ​នៅក្នុង​សន្តិសុខ​សណ្ដាប់ធ្នាប់​ពិភពលោក​។

លោក​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​កំពុង​ផ្លាស់ប្តូរ​ពី​ប៉ូល​មួយ ទៅ​ពិភព​ភូមិសាស្ត្រ​នយោបាយ​ដែលមាន​ប៉ូល​ច្រើន​។ មាន​ប្រទេស​ជាច្រើន​ដែល​មិនសូវ​ជា​ចង់ឱ្យ​ចិន​ជោគជ័យ ហើយ​ក៏មាន​ប្រទេស​ផ្សេងទៀត​ចង់ឱ្យ​ចិន​ជោគជ័យ​លើស​ពីនេះ​ទៅទៀត»។

​លោក Parker បន្តថា ការដក​ប្រទេស​ចិន​ចេញ​មិនឱ្យ​ចូលរួម​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ក្នុង​ឆ្នាំ ២០១១ គឺជា​អ្វីដែល​ជំរុញ​ឱ្យ​ចិន​ចាក់​ធនធាន​ដ៏ច្រើន​ទៅក្នុង​កម្មវិធី​អវកាស​របស់​ខ្លួន និង​បង្កើត​ស្ថានីយ​អវកាស​ថ្មី និង​អស្ចារ្យ ដែល​ធ្វើឱ្យ​ប្រទេស​នេះ​មាន​លទ្ធភាព​ទទួលបាន​កិច្ចសហការ​អន្តរជាតិ​។ បន្ថែម​ពីលើ​នេះ លោក​បាន​រំឭកថា ចិន​ក៏ដូចជា​ឥណ្ឌា និង​ប្រទេស​ណាមួយ​ដែលមាន​សមត្ថភាព មាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​រុករក​អវកាស ទោះបីជា​អាមេរិក​គ្របដណ្ដប់​លើ​វិស័យនេះ​ក៏ដោយ។

​ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​ផ្សេងទៀត​បានលើកឡើង​ពី​រូបភាព​ថ្មី​ដែល​បណ្ដា​ប្រទេស​លើ​ពិភពលោក រួមមាន​ទាំង​ចិន​បានធ្វើ ដោយមាន​ការ​បែងចែក​គ្នា​ទៅតាម​ប៉ូល​អំណាច​រៀងៗ​ខ្លួន។

​អ្នកវិភាគ​ថា ដើម្បី​ស្វែងរក​អំណាច​នៅ​ទី​អវកាស បណ្តា​ប្រទេស​នានា​កំពុង​ប្រើប្រាស់​ប្លុក​អវកាស ដែល​ខ្លួន​រួមដៃគ្នា​បង្កើត​ឡើង​តាមរយៈ​កិច្ចសហ​ប្រតិបត្តិការ​ផ្សេងៗ ដើម្បី​ពង្រឹង​ឥទ្ធិពល​នៅលើ​ភពផែនដី​។ ឧទាហរណ៍​ដូចជា ប្លុក​នៃ​កិច្ចព្រមព្រៀង Artemis Accords ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ត្រូវបាន​គេ​មើលឃើញ​ថា​កំពុង​ប្រកួត​ប្រជែង​នឹង​ប្លុក​នៃ​កិច្ច​ព្រមព្រៀង​រុករក​ឋាន​ព្រះចន្ទ​រវាង​ចិន និង​រុស្ស៊ី ដែល​ប្រកាស​ដកខ្លួន​ចេញពី ISS កាលពី​ខែ​សីហា​ឆ្នាំនេះ​ក្រោម​ភាព​តានតឹង​នៃ​សង្គ្រាម​អ៊ុយក្រែន៕