ក្រសួងការពារជាតិ​រុស្ស៊ី និង​ប្រមុខ​រដ្ឋបាល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​និយាយ​ថា ប្រទេស​ទាំង ២ បាន​ដោះដូរ​អ្នកទោស ៥០ នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១ ធ្នូ ឆ្នាំ ២០២២។ នេះ គឺជា​ការដោះដូរ​អ្នកទោស​គ្នា​ចុងក្រោយ​រវាង​ភាគី​ទាំង ២។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ដែល​ឈរជើង​នៅក្នុង​តំបន់​ដូណេត (Donetsk) ដែលជា​តំបន់​កាន់កាប់​មួយផ្នែក​ដោយ​អ៊ុយក្រែន បាន​និយាយថា ទីក្រុង​មូស្គូ និង​ទីក្រុង​កៀវ នឹង​ដោះដូរ​ឈ្លើយសឹក​សង្គ្រាម​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ចំនួន ៥០ នាក់។​

​លោក អេ​ឌ្រី យ៊ែ​រ​ម៉ាក (Andrei Yermak) ប្រធាន​រដ្ឋបាល​ប្រធានាធិបតី​អ៊ុយក្រែន បាន​រាយការណ៍​អំពី​ការដោះលែង​អ្នកការពារ​អ៊ុយក្រែន​ចំនួន ៥០ នាក់ ហើយ​បាន​និយាយថា​ការដោះដូរ​អ្នកទោស​សង្គ្រាម​នឹង​បន្ត​រហូត​ទាល់តែ​ប្រជាជន​អ៊ុយក្រែន​ទាំងអស់​ត្រូវបាន​រំដោះ​ឱ្យមាន​សេរីភាព។ «​អ្នកការពារ​នៃ​ម៉ារីយ៉ូប៉ូល និង អាហ្សូវស្តល បាន​ត្រឡប់​មកវិញ និង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ផងដែរ នៅក្នុង​សមរភូមិ​ក្នុង​តំបន់​គោលដៅ ដូណេត លូហាន និង​ហ្សាប៉ូរីចា»។

នេះ ជា​សារ​ដែល​លោក យ៊ែ​រ​ម៉ាក បាន​សរសេរ​នៅលើ​កម្មវិធី​ផ្ញើសារ​តេឡេក្រាម។​

​ចំណែក ភាគី​រុស្ស៊ី​វិញ​និយាយថា​ខ្លួន​នឹង​ដឹកបញ្ជូន​អ្នកទោស​ដែល​ត្រូវបាន​ដោះលែង​ទៅកាន់​ទីក្រុង​មូស្គូ ដើម្បី​ពិនិត្យ​សុខភាព និង​ការស្តារ​នីតិសម្បទា។​

​ប្រមុខ​រដ្ឋបាល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានឱ្យដឹង​ដែរ​ថា ចំនួន​អ្នកទោស​សង្គ្រាម​អ៊ុយក្រែន​ខ្លះ​ដែល​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវបាន​ឃុំទុក​នៅក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​អូឡេនីវកា (Olenivka)។​

​អ្នកទោស​អ៊ុយ​ក្រែ​ន​រាប់សិប​នាក់​ដែល​ត្រូវបាន​ឃុំខ្លួន ដោយ​ពួក​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​ទីក្រុង​មូស្គូ​នៅក្នុង​ទីក្រុង​អូឡេនីវកា​ជិត​តំបន់​ដូណេត ត្រូវបាន​សម្លាប់​នៅក្នុង​ការ​វាយប្រហារ​មួយ​កាលពី​ខែកក្កដា៕