​ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​កោះហៅ​ឱ្យមាន​កិច្ចប្រជុំ ឬ​សន្និសីទ​​នយោបាយ​ដ៏​ធំ​ ១ ​មុន​ដំណាច់ឆ្នាំ ដោយ​រំពឹងថា នឹង​លើកឡើង​អំពី​ទំនាក់ទំនង​ដ៏​តានតឹង​របស់លោក​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​សេ​អ៊ូ​ល ជុំវិញ​ការពង្រីក​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​​ព្រហស្បតិ៍​ទី​ ១ ខែធ្នូ​ថា លោក គីម បាន​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នៃ​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ពលករ ដែល​កំពុង​កាន់អំណាច​។ ក្នុង​កិច្ចប្រជុំ​នោះ សមាជិក​បាន​ពិនិត្យមើល​ការអនុវត្ត​គោលនយោបាយ​រដ្ឋ នៅ​ឆ្នាំ​ ២០២២ ហើយ​បាន​សម្រេចចិត្ត​រៀបចំ​កិច្ចប្រជុំពេញអង្គ​ធំ​ជាង​នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​បក្ស នៅ​ចុងខែ​ធ្នូ ដោយ​មិន​បញ្ជាក់ថា​ពេលណា​ឱ្យ​ច្បាស់​នោះទេ​។​

​សូម​បញ្ជាក់ដែរថា មេដឹកនាំ​កូរ៉េខាងជើង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ប្រើប្រាស់​សន្និសីទ​នយោបាយ​នៅ​ចុងខែ​ធ្នូ ឬ​ដើមខែ​មករា ដើម្បី​ពិនិត្យមើល​កិច្ចការរដ្ឋ និង​បង្ហាញ​ពី​គោលដៅ​សំខាន់បំផុត​របស់លោក​លើ​គោលនយោបាយ​សេដ្ឋកិច្ច និង​ការបរទេស និង​ការអភិវឌ្ឍ​អាវុធ​។ វា​អាចទៅរួច​ដែលថា កិច្ចប្រជុំ​ធំ​ដូច្នេះ កំពុង​ជំនួស​មុខងារ​នៃ​ការ​ថ្លែង​សុន្ទរកថា​ថ្ងៃ​ចូលឆ្នាំថ្មី​របស់ លោក គីម ជា​អ្វីដែល​លោក​ខានធ្វើ ចាប់តាំងពី​ឆ្នាំ​ ២០២០ មក​។

KCNA រាយការណ៍​ថា ក្នុង​​អំឡុងពេល​កិច្ចប្រជុំ កាលពី​ថ្ងៃ​ពុធ ក្នុង​ទីក្រុង​ព្យុងយ៉ាង លោក​គីម បាន​ទទូចថា កូរ៉េ​ខាង​ខាងជើង នៅ​ឆ្នាំនេះ បាន​យកឈ្នះ​លើ​ភាពលំបាក​ដែល​មិន​ធ្លាប់មាន​ពីមុនមក ទាំង​ក្នុង និង​ខាងក្រៅ​ប្រទេស ដើម្បី​សម្រេចបាន​នូវ​វឌ្ឍនភាព​ក្នុងការ​អភិវឌ្ឍ​ជាតិ និង​លើកកម្ពស់​កិត្យានុភាព និង​កិត្តិយស​របស់​ប្រទេស​។​

​សូម​រំឭកថា ក្នុង​ឆ្នាំ​ ២០២២ នេះ កូរ៉េខាងជើង​បាន​បង្កើន​ការបាញ់​សាកល្បង​អាវុធ​របស់ខ្លួន​ក្នុង​ល្បឿន​មិន​ធ្លាប់មាន​ពីមុនមក រួមទាំង​ការបាញ់​មី​ស៊ី​ល​រំលង​ប្រទេស​ជប៉ុន និង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​ដែលមាន​សមត្ថភាព​ដើរ​ដល់​សហរដ្ឋអាមេរិក​។ សកម្មភាព​នេះ បាន​បង្កឱ្យមាន​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ និង​ក្នុង​តំបន់ និង​ធ្វើឱ្យ​មានការ​ប្រទាញ​ប្រទង់​បាក់បែក​គ្នា​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែលមាន​រុស្ស៊ី និង​ចិន កាន់ជើង​កូរ៉េខាងជើង​។

​បើតាម​សេចក្ដីរាយការណ៍​របស់ KCNA លោក គីម បាន​ពណ៌នា​ឆ្នាំ​ ២០២៣ ខាងមុខ​ថា ជា​ឆ្នាំ​ដ៏​សំខាន់ សម្រាប់​ការសម្រេចបាន​នូវ​គោលដៅ​ដែល​បានកំណត់​ក្រោម​ផែនការ​រយៈពេល ៥​ ឆ្នាំ ដែល​បង្កើតឡើង​ក្នុងអំឡុង​សមាជ​​បក្ស​កាន់អំណាច ក្នុង​ខែមករា ឆ្នាំ​ ២០២១ ពោលគឺ​នៅពេលដែល​លោក​ប្តេជ្ញា​ថា​នឹង​កែប្រែ​សេដ្ឋកិច្ច​កូរ៉េខាងជើង ហើយ​ជំរុញ​ការ​ទប់ទល់​ផ្នែក​នុយក្លេអ៊ែរ នៅ​ចំពោះមុខ​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​។​

​ក្នុងអំឡុង​សមាជ​នាពេលនោះ លោក គីម បានចេញ​បញ្ជី​ផែនការ​ដ៏​វែង​នៃ​ការបង្កើត​សព្វាវុធ​ទំនើបៗ រួមទាំង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​ដ៏​មាន​ឥទ្ធិពល អាវុធ​លឿន​ជាង​សំឡេង នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយ​​ក្លេ​អ៊ែរ ផ្កាយរណប​ចារកម្ម និង​អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក​៕