មន្ទីរ​បញ្ច​កោណបាន​ប្រាប់ថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ លោក Lloyd Austin បាន​និយាយ​ជាមួយ​សម​ភាគី​តួ​ក​គី លោក Hulusi Akar កាលពី​ថ្ងៃ​ពុធ ដោយ​បង្ហាញ​ពី​ការ​​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​ទីក្រុង​អង់កា​រ៉ា ដែល​ចាប់ផ្តើម​ប្រតិបត្តិការ​ថ្មី​មួយ នៅក្នុង​ទឹកដី​ប្រទេស​ស៊ី​រី​។​

​តួ​ក​គី​បានធ្វើការ​វាយប្រហារ​ផ្លូវអាកាស​ប្រឆាំងនឹង​តំបន់​ឃើ​ដ​ពាក់កណ្តាល​ស្វយ័ត នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ី​រ៉ា​ក់ គិត​ចាប់តាំងពី​មានការ​វាយ​​ប្រហារ​គ្រាប់បែក​បណ្តាលឱ្យ​មនុស្ស​បាត់បង់​ជីវិត នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដែល​ខ្លួន​បាន​ស្តីបន្ទោស​ទៅលើ​ក្រុម​​ឃើ​ដ ហើយ​បាន​គំរាម​បើក​ប្រតិបត្តិការ​ថ្មើរជើង នៅក្នុង​ប្រទេស​ស៊ី​រី​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ មន្ទីរ​បញ្ច​កោណ បានឱ្យដឹងថា​៖ «​លោក​រដ្ឋមន្ត្រី Austin បាន​អំពាវនាវ​ឱ្យមាន​ការ​កាត់បន្ថយ​ភាព​តានតឹង និង​ចែករំលែក​ការប្រឆាំង​យ៉ាងខ្លាំង​របស់​ក្រសួងការពារជាតិ​ចំពោះ​ប្រតិបត្តិការ​យោធា​​តួ​ក​គី​ថ្មី​នៅក្នុង​ប្រទេស​ស៊ី​រី​»​។​

​មន្ទីរ​បញ្ច​កោណ បាន​បន្ថែមទៀតថា លោក​ក៏បាន​ចូលរួម​រំលែក​ទុក្ខ ចំពោះ​អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​ទីក្រុង​អ៊ីស្តង់​ប៊ុល​ផងដែរ​។​

​ការអំពាវនាវ​របស់​លោក Austin ជាមួយ​លោក Akar បានកើត​ឡើង ១ ​ថ្ងៃ​បន្ទាប់ពី​លេខាធិការ​សារព័ត៌មាន​មន្ទីរ​បញ្ច​កោណ បាន​និយាយថា ការ​លុកលុយ​របស់​តួ​ក​គី​ចូលទៅ​ក្នុងប្រទេស​ស៊ី​រី នឹងធ្វើ​ឱ្យមាន​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍ ដែល​បានមកពី​ការប្រឆាំង​នឹង​ក្រុម​ជី​ហាដ ដែល​នៅក្នុង​កិច្ច​ប្រតិ​ប​ត្តិ​ការ​នោះ កងកម្លាំង​ភាគ​​ច្រើន​ជា​ជនជាតិ​ឃើ​ដ​ស៊ី​រី ដើរតួនាទី​សំខាន់​។​

​ចាប់តាំងពី​ឆ្នាំ ​២០១៦ មក តួ​ក​គី បានចាប់ផ្តើម​វាយ​​ប្រហារ​ជាច្រើន​ប្រឆាំងនឹង​កងកម្លាំង​ឃើ​ដ នៅ​ភាគ​ខាង​ជើង​ស៊ី​រី ដែល​អនុញ្ញាតឱ្យ​ខ្លួន​គ្រប់គ្រង​តំបន់​មួយចំនួន​នៅតាម​ព្រំដែន​៕

វីដេអូ៖