នៅ​ដើម​សប្តាហ៍​ក្រោយ ប្រទេស​ជប៉ុន អង់គ្លេស និង​អ៊ីតាលី នឹង​ប្រកាស​ពី​កិច្ចព្រមព្រៀង​ដ៏​កម្រ ដើម្បី​រួមគ្នា​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ប្រភេទ​ទំនើប​ថ្មី​មួយ​។ នេះ​បើតាម​ប្រភព​២​ដែល​បានដឹង​អំពី​ផែនការ​នេះ ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​។​

​សម្រាប់​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ឡុង​ដ៍ កិច្ចព្រមព្រៀង​នេះ តំណាងឱ្យ​ទំនាក់ទំនង​ការពារជាតិ​កាន់តែ​ជិតស្និទ្ធ ដែលនាំឱ្យ​ចក្រភព​អង់គ្លេស​នូវ​តួនាទី​ផ្នែក​សន្តិសុខ​កាន់តែ​ធំ​នៅ​អាស៊ី និង​ផ្តល់ឱ្យ​ជប៉ុន​នូវ​ដៃគូ​សន្តិសុខ​ថ្មី ដែល​អាចជួយ​ឱ្យ​ប្រទេស​នេះ​ទប់​ទល់នឹង​អំណាច​យោធា​ដែល​កំពុង​កើនឡើង​របស់​ចិន​។​

​ការជំរុញឱ្យ​រួមបញ្ចូល​គ្នា​នូវ​គម្រោង​យន្តហោះ​ចម្បាំង Tempest ដឹកនាំ​ដោយ​អង់គ្លេស ជាមួយនឹង​កម្មវិធី​យន្តហោះ​ចម្បាំង F-X របស់​ប្រទេស​ជប៉ុន ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ខែកក្កដា​។ នេះ​រាប់​ចាត់ទុកថា​ជា​លើកទីមួយ​ហើយ ដែល​ជប៉ុន​សហការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង ក្រៅពី​សហរដ្ឋអាមេរិក​លើ​គម្រោង​ឧបករណ៍​ការពារ​ដ៏​សំខាន់​មួយ​។

​បើតាម​សម្តី​របស់​ប្រភព សេចក្តីប្រកាស​នឹងធ្វើ​ឡើង​មុន​ពេលដែល​ជប៉ុន​បញ្ចេញ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី និង​ផែនការ​លទ្ធកម្ម​យោធា​នៅ​ពាក់កណ្តាល​ខែធ្នូ​។

​ការផលិត​អាវុធ​ដែល​អាច​បង្កើន​ថវិកា​ការពារ​ជប៉ុន​ទ្វេដង​ដល់​ប្រមាណ ៥%​នៃ​ចំនួន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ នឹង​ចំណាយ​សម្រាប់​អាវុធ​ថ្មីៗ​រួមទាំង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​ត្រូវ​រចនា​ឡើង​ដើម្បី​រារាំង​ចិន កុំឱ្យ​ងាក​ទៅ​បង្កើន​សកម្មភាព​យោធា​នៅក្នុង​និង​ជុំវិញ​តំបន់​សមុទ្រ​ចិន​ខាងកើត​។​

​កិច្ចពិភាក្សា​រវាង​ប្រទេស​ជប៉ុន អង់គ្លេស និង​អ៊ីតាលី លើ​ការផលិត​យន្តហោះ​ចម្បាំង​ថ្មី​នឹង​ដឹកនាំ​ដោយ​ក្រុមហ៊ុន​អង់គ្លេស BAE Systems និង​ក្រុមហ៊ុន​ជប៉ុន Mitsubishi Heavy Industries​។ កិច្ចការ​លម្អិត​ពាក់ព័ន្ធ​គម្រោង​នេះ​មាន​ជាអាទិ៍ ការចែករំលែក​ការងារ និង​ការ​រចនា​ថ្មី​ដែល​ប្រទេស​ដៃគូ​នីមួយៗ​ត្រូវធ្វើ នឹងត្រូវ​បន្ត​រៀបចំ​នៅ​ឆ្នាំក្រោយ​។​

​ទន្ទឹមនេះ គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម (LDP) ដែល​កំពុង​កាន់អំណាច​របស់​ជប៉ុន ក៏​កំពុង​សម្លឹងមើល​សំណើ​ដើម្បី​បន្ធូរបន្ថយ​ច្បាប់​នាំចេញ​ឧបករណ៍​យោធា​របស់ខ្លួន ដើម្បីឱ្យ​យន្តហោះ​ចម្បាំង​ដែល​ធ្វើឡើង​រួមគ្នា​ជាមួយ​អង់គ្លេស និង​អ៊ីតាលី អាច​នាំចេញ​បាន​។ នេះ​បើតាម​លោក អ៊ី​ត​ស៊ុ​នុ​រី អូ​នូ​ដេ​រ៉ា (Itsunori Onodera) អតីតរដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន និង​ជា​សមាជិកសភា​ដ៏​មាន​ឥទ្ធិពល និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ខែ​មុន​៕

​​